ព័ត៌មានជាតិ
លោក កុយ គួង ខំធ្វើការតាំងពីមន្ត្រីធម្មតារហូតក្លាយជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា
លោក កុយ គួង បច្ចុប្បន្នកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ លោក កើតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៧៣ នៅខេត្តកណ្ដាល។ សម្រាប់កម្រិតវប្បធម៌ គឺលោក កុយ គួង បញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិអូស្ត្រាលីផ្នែករដ្ឋបាលអភិវឌ្ឍន៍ អំឡុងឆ្នាំ២០០២ បន្ទាប់ពីលោកបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែករដ្ឋបាលអភិវឌ្ឍន៍ ឆ្នាំ២០០១។ លោកក៏ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ ឆ្នាំ១៩៩៨ ផងដែរ។ ក្រៅពីភាសាខ្មែរដែលជាភាសាកំណើត លោក កុយ គួង ចេះភាសាអង់គ្លេស និងបារាំង។

បើនិយាយអំពីការងារវិញ ដំបូងឡើយលោក កុយ គួង ផ្ដើមបម្រើការជាមន្ត្រីរាជការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើការងារប្រមាណជិត១ឆ្នាំប៉ុណ្ណោះ ពោល គឺនៅឆ្នាំ១៩៩៩ លោកបានផ្លាស់ទៅបម្រើការងារនៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាវិញ។ រហូតដល់ឆ្នាំ២០០៨ លោកត្រូវបានតែងតាំងជាប្រធានការិយាល័យច្បាប់ព្រហ្មទណ្ឌ និងរដ្ឋប្បវេណីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
នៅអំឡុងឆ្នាំ២០០៨ លោក កុយ គួង ត្រូវបានចាត់តាំងឲ្យមកបម្រើការងារក្នុងវិស័យការបរទេសក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានភារកិច្ចជាអ្នកនាំពាក្យរបស់ក្រសួង។ រហូតដល់ឆ្នាំ២០១៥ លោកក៏ទទួលបានភារកិច្ចថ្មីមួយទៀត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី ដែលជាប្រទេស លោកធ្លាប់បានទៅសិក្សានៅទីនោះ។

ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅអូស្ត្រាលី លោក កុយ គួង បានខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ដែលបានធ្វើឲ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរ។ ជាមួយគ្នានោះ លោក ក៏តែងតែជួបប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងរៀនសូត្រនៅប្រទេសអូស្ត្រាលី។ នៅអំឡុងខែកក្កដា ឆ្នាំ២០១៩ លោកបានចប់អាណត្តិការងារនៅអូស្ត្រាលី ហើយបានវិលមកប្រទេសកម្ពុជាវិញ ដោយទទួលតំណែងចាស់របស់លោកវិញ ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស។ លុះនៅចុងឆ្នាំ២០២០ លោកត្រូវបានដំឡើងមុខតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស រហូតដល់បច្ចុប្បន្ននេះ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ