ព័ត៌មានជាតិ
មន្ត្រីជាប់កិច្ចសន្យា ត្រូវជ្រើសរើសយកមូលដ្ឋានគ្រឹះ ដើម្បីប្រសិទ្ធភាពការងារយូរអង្វែង
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សំខាន់ត្រូវជ្រើសរើសយកមូលដ្ឋានគ្រឹះឱ្យបានរឹងមាំ ដើម្បីធ្វើការបានយូរអង្វែង និងមានប្រសិទ្ធភាពការងារ។

ការលើកឡើងនេះធ្វើឡើង ខណៈ លោក កើត ឆែ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ជាអាជ្ញាធរ មន្ទីរ អង្គភាពមួយចំនួនដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យានៅរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះ។
លោក កើត ឆែ បានមានប្រសាសន៍ថា ការបើកឱ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីពង្រឹង និងគ្រប់គ្រងប្រសិទ្ធភាពការងាររបស់មន្ត្រីជាប់កិច្ចសន្យាឱ្យបានល្អ និងការជំរុញឱ្យអាជ្ញាធរខណ្ឌ មន្ទីរ អង្គភាពដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ចាត់ចែងរៀបចំផែនការ នៃការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា បញ្ជូនមកសាលារាជធានីភ្នំពេញ ឱ្យទាន់ពេលវេលាកំណត់។

លោក កើត ឆែ មានប្រសាសន៍បន្តថា៖ “ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាយកមកប្រើប្រាស់ ដាច់ខាតត្រូវជ្រើសរើសមើលទៅលើមូលដ្ឋានគ្រឹះ បើគ្រឹះយើងរឹងមាំ ធនធានមនុស្សនោះនឹងប្រើប្រាស់បានយូរអង្វែង និងមានប្រសិទ្ធភាព មិនខុសពីយើងសាងសង់អគារ និងផ្ទះសំបែង ដើម្បីរស់នៅឡើយ”។
លោក កើត ឆែ បានបន្តទៀតថា មន្ត្រីជាប់កិច្ចសន្យានៅរាជធានីភ្នំពេញ មានចំនួនច្រើន មានទាំងនៅរដ្ឋបាលរាជធានី នៅតាមរដ្ឋបាលខណ្ឌទាំង១៤ និងនៅតាមអង្គភាពប៉ូលីស ដែលកិច្ចការងារគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យានេះត្រូវតែធ្វើឡើងឱ្យបានហ្មត់ចត់ ជាមួយការពង្រឹងប្រសិទ្ធភាពការងារកាន់តែល្អ ដើម្បីផ្តល់ក្តីសុខ និងភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

លោក កើត ឆែ បានបញ្ជាក់ថា ការរៀបចំផែនការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យានៃរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៣ លោក សូមឱ្យអាជ្ញាធរខណ្ឌ មន្ទីរ អង្គភាព ដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ត្រូវចាត់ចែងរៀបចំផែនការ នៃការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ដោយភ្ជាប់មកជាមួយនឹងឯកសារតម្រូវឱ្យបានគ្រប់គ្រាន់ រួចបញ្ជូនមកសាលារាជធានីភ្នំពេញ ឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ជាកំណត់ ដើម្បីយើងមានមូលដ្ឋានក្នុងការបូកសរុបរៀបចំផែនការប្រើប្រាស់ថវិកា និងគ្រប់គ្រងផែនការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាសម្រាប់ឆ្នាំ២០២៣ ជូនទៅក្រសួងមហាផ្ទៃឱ្យបានទាន់ពេលវេលា៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត