ព័ត៌មានជាតិ
តើព្រះតេជគុណ ពិន សែម ដែលជាបព្វជិតឆ្នើមមួយអង្គនៅកម្ពុជា មានប្រវត្តិបែបណា?
ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប។ ព្រះតេជគុណ ជាបព្វជិតមួយរូប ដែលប្រជាពុទ្ធបរិស័ទខ្មែរទាំងក្នុង និងក្រៅប្រទេស មានសទ្ធាជ្រះថ្លា និងតែងតែគោរពស្វាធ្យាយព្រះអង្គយ៉ាងខ្លាំងក្លា។ ព្រះមហាវិមលធម្ម ប្រសូតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៤២ ក្នុងត្រកូលកសិករ នៅភូមិវត្តបូណ៌ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប។
កាលពីកុមារភាព ព្រះអង្គមានសទ្ធាជ្រះថ្លា ស្រឡាញ់ព្រះពុទ្ធសាសនាខ្លាំងណាស់ ហើយព្រះអង្គតែងតែលេងបែបផ្សេងនៅក្នុងពិធីសាសនា ដូចជា លេងសូត្រធម៌ លេងធ្វើជាអាចារ្យ និងលេងធ្វើជាព្រះសង្ឃ ជាដើម។ នៅឆ្នាំ១៩៥០ ព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា សៀមរាបក្រុង ដែលបច្ចុប្បន្នជាវិទ្យាល័យ ១០មករា។ ព្រះអង្គ បានរៀននៅទីនោះអស់រយៈពេល ៧ឆ្នាំ បញ្ចប់ថ្នាក់ទី៧ គឺជាថ្នាក់ខ្ពស់បំផុត ក្នុងខេត្តសៀមរាបនៅសម័យនោះ ហើយព្រះអង្គ បានសម្រេចចិត្តឈប់រៀន មកជួយការងារគ្រួសារវិញ។
លុះនៅឆ្នាំ១៩៦២ ព្រះអង្គ បានសាងព្រះផ្នូសជាភិក្ខុ នៅវត្តរាជបូណ៌។ រហូតដល់នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមបានចូល មកដែលធ្វើឲ្យសភាពការណ៍ស្រុកទេសប្រែប្រួលក្លាយជាភ្នក់ភ្លើងសង្គ្រាម ហើយប្រជាជនទាំងអស់ត្រូវបានជម្លៀសចេញ ពីភូមិស្រុកជាបន្តបន្ទាប់។ កាលណោះ ព្រះអង្គ ពិន សែម ក៏ត្រូវបានគេជម្លៀសចេញពីវត្ត ដូចព្រះសង្ឃ និងប្រជាពលរដ្ឋដទៃទៀតដែរ។ ព្រះអង្គ បានទៅគង់នៅវត្តឬស្សីលក ស្រុកជីក្រែង ហើយក្រោយមកព្រះអង្គ ពិន សែម ត្រូវបានចាប់បង្ខំឲ្យលាចាកសិក្ខាបទពីសំណាក់ខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម ព្រះអង្គ ត្រូវបានចាត់ការងារឲ្យធ្វើជាអ្នកឃ្វាលគោក្របី អ្នកដាំស្ល ប៉ុន្តែដោយភាពវៃឆ្លាត គួបផ្សំនឹងការចេះដឹងថ្នាំព្យាបាលរោគបុរាណ ព្រះអង្គក៏ដូរមកធ្វើជាគ្រូពេទ្យខ្មែរ ផ្សំថ្នាំមើមឈើ ដើម្បីព្យាបាលអ្នកនៅក្នុងមូលដ្ឋាន។
ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ព្រះអង្គ ពិន សែម បានវិលត្រឡប់មកភូមិកំណើតវិញ ហើយដោយមានសទ្ធាជ្រះថ្លាមុតមាំនៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គ ក៏បានសុំបួសជាបព្វជិតក្នុងវត្តនៅភូមិស្រុកកំណើតនេះវិញ ប៉ុន្តែពុំបានការអនុញ្ញាតឡើយ។ សេចក្តីអស់សង្ឃឹម ព្រោះមិនបានសាងព្រះផ្នួសក្នុងវត្តនៅភូមិកំណើត ព្រះអង្គ បានសម្រេចចិត្តទៅ សាងព្រះផ្នួសនៅឯជាយដែនខ្មែរ-ថៃ ដោយក្នុងឆ្នាំ១៩៨០ ព្រះអង្គ បានសាងឧបសម្បទាជាភិក្ខុភាវៈជាថ្មីម្តងទៀត ដែលមាននាមបញ្ញាត្តិថា «សិរីសុវណ្ណោ»។ ជាបន្តបន្ទាប់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩៣ ព្រះភិក្ខុ ពិន សែម ត្រូវបានអតីតព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះរាជទានសមណស័ក្តិជាព្រះមហាវិមលធម្ម និងជារាជាគណៈថ្នាក់ទោ។
នៅឆ្នាំ១៩៩៤ ព្រះអង្គ បានបង្កើតកម្មវិធីអប់រំយុវជនឲ្យមកសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនា ហើយកម្មវិធីនេះ បានបន្តរហូតមកដល់សព្វថ្ងៃ គឺសាលាពុទ្ធិកសិក្សាផ្នែកអប់រំសីលធម៌ និងភាសាបរទេស។ នៅឆ្នាំ១៩៩៥ ព្រះមហាវិមលធម្ម បានចាប់ផ្តើមសាងសង់សាលាបាលី ដើម្បីសិក្សាភាសាបាលី និងចំណេះដឹងទូទៅ ដែលមានកម្មវិធីតាមក្រសួងអប់រំ។
នៅឆ្នាំ២០០៧ កសាងស្ថានីយវិទ្យុពុទ្ធសាសនាកម្ពុជរដ្ឋ ដែលកំពុងដំណើរការផ្សាយរហូតដល់សព្វថ្ងៃនេះ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម មានភាពស្ទាត់ជំនាញទាំងទ្រឹស្តី ទាំងការបង្ហាត់បង្រៀន សមាធិកម្មដ្ឋានដល់សិស្សគណ ឧបាសក ឧបាសិកា និងកំពុងមានគម្រោងកសាងមជ្ឈមណ្ឌលវិបស្សនាអន្តរជាតិ ជាដើម៕
ដោយ៖ ធឿន វ៉ាន់សុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់