ព័ត៌មានជាតិ
ធនាគារជាតិ នៃកម្ពុជា រៀបចំពិព័រណ៍ប្រាក់រៀល ក្រោមប្រធានបទ “ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច”
កំពង់ធំ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២នេះ, ធនាគារជាតិ នៃកម្ពុជា រៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពីប្រាក់រៀល នៅបរិវេណសួនស្ទឹងសែន ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ទន្ទឹមជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ លើកឡើងថា កម្មវិធីនេះ ប្រារព្ធឡើងដើម្បីបង្ហាញពីការរួមចំណែក លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់ប្រទេស ជាតិយើងទាំងអស់គ្នា អបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤២ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ – ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ និងលើកកម្ពស់ការយល់ដឹងពីប្រាក់រៀលឱ្យកាន់តែ ទូលំទូលាយនៅទូទាំងប្រទេស ដែលអាចឲ្យប្រជាពលរដ្ឋអាជីវករ យកក្រដាសប្រាក់ចាស់ ទក់ ឬរហែក ប្តូរក្រដាសប្រាក់ថ្មី, រៀបចំទស្សនាពិព័រណ៍ស្តីពីប្រវត្តិប្រាក់រៀល, ឆ្លើយតបសំណួរល្បងប្រាជ្ញាដើម្បីយករង្វាន់ និងទស្សនាការប្រគុំ តន្ត្រីនៅពេលរាត្រីផងដែរ។ លោកជំទាវ បន្តថា សិក្ខាសាលាផ្សព្វផ្សាយពីប្រាក់រៀលត្រូវបានរៀបចំឡើង ក្នុងស្ថានភាព ដែលការឆ្លងរាលដាលជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងដោយប្រសិទ្ធភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយកិច្ច ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលនោះ ប្រាក់រៀលត្រូវបានដាក់ឱ្យចរាចរឡើងវិញជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ និងទទួលបានការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។ ទោះយ៉ាងណា ប្រាក់រៀល បានឆ្លងកាត់ឧបសគ្គជាច្រើន មុននឹងទទួលបានទំនុកចិត្តដូចសព្វថ្ងៃ។ ឧបសគ្គទាំងនោះរួមមាន៖ i/-ភាពទន់ខ្សោយ នៃសេដ្ឋកិច្ចជាតិក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលបង្កឱ្យថ្លៃទំនិញទូទៅកើនឡើងខ្លាំងនិងប្រាក់រៀលធ្លាក់ថ្លៃ ii/-ការអូស បន្លាយនៃសង្គ្រាមស៊ីវិលរហូតដល់ចុងឆ្នាំ១៩៩៨ដែលបានធ្វើឱ្យចរាចរណ៍ប្រាក់រៀលមិនមានភាពទូលំទូលាយនៅតំបន់មួយចំនួន ជាមួយភាពផុយស្រួយនៃជំនឿទុកចិត្តមកលើប្រាក់រៀល និង iii/-លំហូរចូលនៃប្រាក់ដុល្លារអាមេរិកយ៉ាង ច្រើនសន្ធឹកសន្ធាប់មកក្នុងសេដ្ឋកិច្ចកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ដែលកត្តាទាំងនេះបានធ្វើឱ្យប្រជាជន ក៏ដូចជា វិស័យឯកជនមានទម្លាប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដោយផ្ទាល់រហូតមកដល់បច្ចុប្បន្ន។ ប្រឈមនឹងឧបសគ្គទាំងនេះ រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០មក បន្ទាប់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ។ ការអនុវត្ត គោលនយោបាយទាំងនេះ គួបផ្សំនឹងការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទំហំប្រាក់រៀលក្នុងចរាចរណ៍ បានកើនឡើងជាលំដាប់ ខណៈដែលតម្លៃប្រាក់រៀលមានស្ថិរភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការ និងជំនឿទុកចិត្តរបស់សាធារណជនមកលើការប្រើប្រាស់ប្រាក់រៀល។
ជាក់ស្តែង តាមរយៈលទ្ធផលអង្កេតរបស់ ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថាប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។ សម្រាប់ខេត្តកំពង់ធំ យោងតាមទិន្នន័យអង្កេត ៨០% នៃប្រជាពលរដ្ឋបានអះអាងថា យ៉ាងហោចណាស់ ៨០% នៃការចំណាយប្រចាំថ្ងៃត្រូវបានធ្វើឡើងជាប្រាក់រៀល។ ជាមួយគ្នានេះ ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពង់ធំជាប្រាក់រៀល ក៏មានការកើនឡើង គួរឱ្យកត់ សម្គាល់ផងដែរ ដោយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ចំណូល-ចំណាយប្រតិបត្តិការជាប្រាក់រៀលបានកើនឡើង ១៧៦% ធៀបនឹងរយៈពេលដូចគ្នាកាលពី៥ឆ្នាំមុន និងខ្ពស់ជាងប្រាក់ដុល្លារអាមេរិកដែលបានកើនត្រឹម ១២% ប៉ុណ្ណោះ។
លោកជំទាវ អំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះ ឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ដូចពាក្យស្លោកមួយដែលគ្របដណ្តប់ជារួមពីអត្ថន័យនៃសារៈសំខាន់របស់ប្រាក់រៀលថា៖ “ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច”៕
អត្ថបទ ៖ ឈាង មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ