ព័ត៌មានជាតិ
ខេត្តព្រះវិហារមានម៉ាស៊ីនផលិតខ្យល់អុកស៊ីសែន មិនចាំបាច់ទិញពីគេដូចមុនទៀត
អគារនិងម៉ាស៊ីនផលិតខ្យល់អ៊ុកស៊ីសែន នៅក្នុងមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក អាចផលិតអុកស៊ីសែនបានចំនួន ៣០០លីត្រក្នុងមួយនាទី ដែលនឹងជួយផ្គត់ផ្គង់នៅមន្ទីរពេទ្យប្រើប្រាស់បានគ្រប់គ្រាន់មិនចាំបាច់ទិញពីគេដូចមុនទៀត។
អគារនិងម៉ាស៊ីនផលិត ខ្យល់អ៊ុកស៊ីសែនដែលជាអំណោយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៏អន្តរជាតិ(US AID) តាមរយៈអង្គរការ UNICEF ត្រូវបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដោយលោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសនិងលោក John Eyres តំណាងឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។


លោក គីម រិទ្ធី អភិបាលខេត្ឯព្រះវិហារបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភម៉ាស៊ីនផលិតអ៊ុកស៊ីសែន និងអគារសម្រាប់ម៉ាស៊ីនផលិតខ្យល់អ៊ុកស៊ីសែនដល់ខេត្តព្រះវិហារបានប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់អ្នកជំងឺ។
លោកអភិបាលខេត្តបានសំណូមពរឲ្យថ្នាក់ដឹកនាំមន្ទីរសុខាភិបាលត្រូវយកចិត្តទុកដាក់ថែរក្សា នូវសមិទ្ធផលដែលទទួលបាននេះ ធ្វើយ៉ាងណាប្រើប្រាស់ឱ្យមានប្រសិទ្ធភាព បានយូរអង្វែង និងសូមឱ្យលោកគ្រូ អ្នកគ្រូពេទ្យ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ឱ្យស័ក្តិសមនឹងគោរមងារ ជាវីរៈកងទ័ពអាវ ស ដែលមានន័យថា ត្រូវមានចិត្តស្មោះត្រង់ សប្បុរស និងគុណធម៌ជាប់ជានិច្ច។
បើតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម W. Patrick Murphy មានប្រសាសន៍ថា «ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជា ការព្យាបាលអ្នកជំងឺកូវីដ-១៩ ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង ១៦ លានដុល្លារ នៅក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺ រាតត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំនៃប្រទេសទាំងពីររបស់យើង»។


មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា បានបម្រើដល់ស្រុកចំនួន ៧ ដែលមានប្រជាជនប្រមាណជាង ២៨ ម៉ឺននាក់។ បន្ថែមពីលើការផ្តល់ការគាំទ្រ យ៉ាងសំខាន់សម្រាប់ការថែទាំអ្នកជំងឺកូវីដ-១៩ ការផ្គត់ផ្គង់អុកស៊ីសែន ដែលអាចជឿទុកចិត្តនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ដែលពឹងផ្អែក លើសេវាព្យាបាលរបស់មន្ទីរពេទ្យ។
លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងថា «អុកស៊ីសែន អាចធ្វើឱ្យមានភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់។ នេះជាមូលហេតុ ដែលអង្គការ យូនីសេហ្វ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់អុកស៊ីសែន និងហេដ្ឋា រចនាសម្ព័ន្ធ ទន្ទឹមនឹងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលក្នុងការប្រើប្រាស់វា»។
ម៉ាស៊ីនផលិតអុកស៊ីសែន ជាម៉ាស៊ីនដែលអាចផលិតអុកស៊ីសែនចំនួន៣០០លីត្រក្នុងមួយនាទី(LPM) ជាមួយនឹងស្ថានីយ៍ផ្ទុកដែលមានបំពង់ស៊ីឡាំង និងតភ្ជាប់ទៅបំពង់អុកស៊ីសែនរបស់មន្ទីរពេទ្យ។ ជាលទ្ធផលគម្រោងនេះ នឹងជួយមន្ទីរពេទ្យឈប់ទិញបំពង់អុកស៊ីសែនពីអ្នកផ្គត់ផ្គង់ឯកជនបញ្ជូនបំពង់អុកស៊ីសែន របស់ខ្លួនទៅកាន់ទីតាំងឆ្ងាយៗ សម្រាប់បំពេញឡើងវិញទ្បើយ។ វានឹងជួយសន្សំសំចៃពេលវេលា ថវិកា និងកាត់បន្ថយការប្រឈមនឹងកង្វះអុកស៊ីសែន ដែលបង្កគ្រោះថ្នាក់ដល់ការព្យាបាលអ្នកជំងឺ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់