Connect with us

ព័ត៌មានជាតិ

ពី​អតីត​អភិបាល​ក្រុង​ភ្នំពេញ ក្លាយ​ជា​រដ្ឋមន្រ្តី​​​ក្រសួងទេសចរណ៍

បានផុស

នៅ

លោកថោង ខុន ធ្លាប់​កាន់តំណែងជា​​អភិបាល​ក្រុង​ភ្នំពេញ មុន​ផ្លាស់ប្តូរ​តួនាទីនិង​ចុងក្រោយ​ទៅ​ដឹកនាំនៅ​ក្រសួង​ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន ជារដ្ឋមន្ត្រីទេសចរណ៍មួយរូបដែលកាន់តំណែងយូរជាងគេក្នុងពិភពលោក។ លោកត្រូវបានទទួលការកោតសរសើរពីប្រធានក្រុមប្រឹក្សាអឺរ៉ុបស្តីពីទេសចរណ៍និងពាណិជ្ជកម្ម (ECTT) ចំពោះចក្ខុវិស័យ និង​គោល​នយោបាយដ៏ប៉ិនប្រសប់ និងការលះបង់ចំពោះការអភិវឌ្ឍន៍ប្រទេសកម្ពុជានៅពេលលោកត្រូវបានតែងតាំងជាសមាជិកនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប។

ក្រោមការដឹកនាំរបស់លោក ថោង ខុន វិស័យទេសចរណ៍កម្ពុជាមានអត្រាកំណើនជាមធ្យម ១២% ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ២០១៩ គឺជាឆ្នាំកំពូលនៃវិស័យទេសចរណ៍កម្ពុជា ដោយទទួលបានទេសចរអន្តរជាតិជាង ៦,៦លាននាក់។

ប្រវត្តិផ្ទាល់ខ្លួន

លោក ថោង ខុន កើតនៅថ្ងៃ ២៣ វិច្ឆិកា ឆ្នាំ ១៩៥១។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ញឹក ស៊ីម បច្ចុប្បន្នជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងទេសចរណ៍។

លោកមានកូនប្រុសម្នាក់គឺ លោក ថោង រដ្ឋសក្កិ ក៏ជា​មន្រ្តី​បម្រើការងារនៅក្រសួងទេសចរណ៍ ដោយបច្ចុប្បន្ន​កាន់តួនាទីជាអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ។

ការអប់រំ

លោករដ្ឋមន្ត្រី ថោង ខុន បានទទួលសញ្ញាប័ត្របណ្ឌិតផ្នែកវេជ្ជសាស្ត្រពីសាកលវិទ្យាល័យភ្នំពេញក្នុងឆ្នាំ ១៩៩៥។ សញ្ញាប័ត្រក្រោយឧត្តមសិក្សាផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Nancy ប្រទេសបារាំងក្នុងឆ្នាំ ១៩៩៧ និងសញ្ញាប័ត្របណ្ឌិតផ្នែកគ្រប់គ្រងទេសចរណ៍ (អេកូទេសចរណ៍) ពីសាកលវិទ្យាល័យជាតិសេដ្ឋកិច្ចទីក្រុងហាណូយប្រទេសវៀតណាមនៅឆ្នាំ ២០១១។

ក្នុងខែមេសា ឆ្នាំ ២០១៤ លោកទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Sunshine Coast ក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលី ដោយទទួលស្គាល់លើការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិតាមសហគមន៍ និងទេសចរណ៍​គាំទ្រដល់ជនក្រីក្រនៅកម្ពុជា។

បទពិសោធន៍ការងារ

-១៩៧៩ ប្រធានការិយាល័យបុគ្គលិកក្រុងភ្នំពេញ
-១៩៨៣ អភិបាលរងក្រុងភ្នំពេញ
-១៩៨៥-ឆ្នាំ១៩៩០ អភិបាលក្រុងភ្នំពេញ
-១៩៩០-១៩៩៣ មន្រ្តីនៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
-១៩៩៣ រដ្ឋលេខាធិការក្រសួងទេសចរណ៍
-២០០៧-បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

ក្រៅពីតួនាទីក្នុង​មន្រ្តីរាជការ លោក ថោង ខុន ជា​អនុប្រធានទី ១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍និងស្រុកតាំងគោក និង​​ជា​ប្រធាន​គណៈកម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា​​។

ពាន​កិត្តិយស និងគ្រឿងឥស្សរិយយស

លោកថោង ខុន ត្រូវបានរដ្ឋាភិបាលនិងអង្គការនានាផ្តល់ពាន​រង្វាន់កិត្តិយស និងគ្រឿងឥស្សរិយយស​ក្នុងការ​សម្រេច​បាន​​ស្នាដៃ​ធំៗ​សម្រាប់​ជាតិ។

-មេដាយជាតូបការពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឆ្នាំ ២០០៩។
-មេដាយ Gwanghwa ពីរដងពីលោក Roh Moo Hyun អតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។
-ពានរង្វាន់ភាពជាអ្នកដឹកនាំពិភពលោកក្នុងឆ្នាំ ២០០៨ និងម្តងទៀតក្នុងឆ្នាំ ២០១១។

ស្នាដៃធំ

-បង្កើតច្បាប់ស្តីពីទេសចរណ៍នៅឆ្នាំ ២០០៩។
-ជំរុញការចុះបញ្ជីមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេស។
-រៀបចំឲ្យមាន «វិថីលក់ម្ហូបអាហារឬហៅថា Food Street» តាមខេត្តគោលដៅទេសចរណ៍ធំៗ។
-ដាក់ចេញយុទ្ធសាស្ត្រការទស្សនាកម្ពុជាដល់ភ្ញៀវទេសចរអន្តរជាតិ។

ក្រោមការ​ដឹកនាំ​របស់​លោក ថោង ខុន បាន​ជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាតទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ ជាមោទនភាព​ទីក្រុង​ ៣ របស់ប្រទេស​កម្ពុជា​ មានទីក្រុងបាត់ដំបង (Battambang) ទីក្រុងព្រះសីហនុ (Preah Sihanouvill) និងទីក្រុងសៀមរាប (Siem Reap) បាន​ជាប់​ពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០២២-២០២៤។

បន្ថែម​ពីនេះ ក្រសួងទេសចរណ៍បាន​ផ្សព្វផ្សាយ​យុទ្ធនាការ “​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៏​ស្អាត​” ដើម្បី​​បំផុស​ចលនា​មហាជន ចូលរួម​ថែរក្សា​អនាម័យ និង​វាយ​តំលៃ​លើ​ភោជនីយដ្ឋាន​ស្អាត គ្មាន​សម្រាម​ក្រោម​តុ និង​បង្គន់​អនាម័យ​ស្អាត ក្រោម​ពាក្យស្លោក “ទីក្រុង​ស្អាត​ ទីក្រុង​មាន​ភោជនីយដ្ឋាន​ស្អាត​គ្មាន​សម្រាម​ក្រោម​តុ និង​មាន​បង្គន់​អនាម័យ​ស្អាត​”​។​

ក្រសួង​ក៏​បាន​សហការ​ជាមួយក្រសួង​សុខាភិបាល​ មុន​ផ្តល់​អាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នានា ត្រូវ​បញ្ជាក់​​​​​​​​វិញ្ញាបនបត្របញ្ជាក់អនាម័យ​​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល។

ដាក់​គោលដៅ​ទាញទេសចរណ៍​ឲ្យ​បាន ១០ លាន​នាក់

វិបត្តិ​ជំងឺ​កូវីដ​ជា​សាកល​បានធ្វើ​ឲ្យស្ថានភាព​​វិស័យទេសចរណ៍​រង​ការ​ប៉ះពាល់ ហើយ​​កម្ពុជា​ក៏​រងគ្រោះ​ធ្ងន់ធ្ងរ​ផង​ដែរ។ យ៉ាងណាមិញ ស្ថានភាព​ភ្ញៀវ​ទេសចរ​បានវិលត្រឡប់​មកល្អប្រសើរ​វិញ​បណ្តើរៗ​ ខណៈ​កម្ពុជា​រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ពី ១ ទៅ ២ លាន​នាក់​នៅ​ឆ្នាំ ២០២២។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដាក់ចេញគោលនយោបាយទេសចរណ៍ពិសិដ្ឋ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបាន ១០លាននាក់នៅត្រឹមឆ្នាំ ២០៣២។ គោលនយោបាយនេះមិនត្រឹមតែទាក់ទាញទេសចរប៉ុណ្ណោះ​ទេ ថែមទាំងទាញអ្នកវិនិយោគលើវិស័យទេសចរណ៍ ១ លាននាក់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
យឹម តាស្រង់
ជីវិតកម្សាន្ដ៣៦ នាទីutes មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ៤០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

តារាកូរ៉េ Kim Go-eun បរិច្ចាគ​ថវិកា ​ជួយ​គ្រោះរញ្ជួយ​ដី​ នៅ មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ក្រុងបាងកក
ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

រញ្ជួយដីបង្កើនបញ្ហា​សម្រាប់ការផ្គត់ផ្គង់ខុនដូ​លើសតម្រូវ​ការនៅក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម