ព័ត៌មានជាតិ
សំពត់ប៉ុន្មានប្រភេទនេះ ខ្មែរនិយមស្លៀកតាំងសម័យបុរាណ មកដល់បច្ចុប្បន្ន
សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាសម្លៀកបំពាក់ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរនាគ្រប់សម័យកាល ពីមួយជំនាន់ទៅមួយជំនាន់។ តាំងពីសម័យដើមរហូតមកដល់ពេលបច្ចុប្បន្ននេះ សំលៀកបំពាក់ខ្មែរបានវិវត្តន៍ដោយដំបូងឡើយ ផ្ដើមចេញពីសាច់ក្រណាត់សូត្រត្បាញពីសូត្រដង្កូវនាង ជ្រលក់ពណ៌ធម្មជាតិ ប្រើពីឫសឈើ និងស្លឹករុក្ខជាតិផ្សេងៗ។
សម្លៀកបំពាក់ខ្មែរមានច្រើនរចនាបថ និងច្រើនទម្រង់បែងចែកទៅតាមរសនិយមក្នុងសម័យកាល។ ជាមួយគ្នានេះ ប្រភេទនៃក្រណាត់សូត្រខ្មែរមានការបែងចែកជាច្រើនប្រភេទ មានដូចជា ក្រណាត់ហូល ក្រណាត់ផាមួង ក្រណាត់សឹង សំពត់ល្បើក សំពត់សាបាប់ សារុងសូត្រ ក្រណាត់អន្លូញ ដែលមានការរចនាប្លែកៗពីគ្នានិងរបៀបស្លៀកពាក់ខុសៗគ្នា។

ក្រណាត់ហូល ជាប្រភេទសំពត់សូត្រ មានក្រឡាគោមច្រើនបែបច្រើនយ៉ាង ចេញជារូបភាពផ្សេងៗតាមធម្មជាតិដូចជាផ្កាម្ទេស ផ្កាម្លិះ ផ្កាទទឹម ឬសត្វផ្សេងៗដូចជាពីងពាង អណ្តើក ហង្ស ដំរីជាដើម។ ក្រណាត់ហូល ត្រូវបានគេត្បាញពីសូត្រដង្កូវនាង ប្រើពណ៌ធម្មជាតិ ត្បាញបញ្ចូលគ្នាបង្កើតជា រូបភាពផ្សេងៗ នៅលើផ្ទាំងក្រណាត់ហូល ធ្វើឲ្យវាមានភាពរលើបរលោងស្រស់ស្អាត ប្រកបទៅដោយភាពប្រណិត អាចកាត់ចេញជា អាវ ឬ សំពត់ស្លៀក លក់នៅក្នុងតម្លៃថ្លៃ។ ប្រជាជននាសម័យអង្គរ បានប្រើប្រាស់ការតម្បាញក្រណាត់សូត្រដែលមានតម្លៃថ្លៃ និយមប្រើប្រាស់លើអ្នកមានឋានៈខ្ពង់ខ្ពស់ ។

ក្រណាត់ផាមួង ជាក្រណាត់មួយប្រភេទត្បាញចេញពីសរសៃសូត្រដង្កូវនាង ហើយយកមកប្រើប្រាស់ពណ៌តិច មានផ្ទៃលាតតែមួយពណ៌ មានក្បាច់ភ្ញី នៅជាយក្រណាត់ សម្រាប់កាត់ចេញជា សំពត់ស្លៀក ឬ យកមក ចងជា សំពត់ក្បិន។ ជាកំណាត់សូត្រមានលាត បន្តក់ មានជរជើង ឬមានបន្តក់ហើយមានជរជើង គេនិយមត្បាញពន្លេចជរជើងភ្លឺផ្លេកដោយសរសៃពណ៌មាស ឬប្រាក់ដើម្បីរំលេចពន្លឺ ពិសេសសម្រាប់ស្លៀកនៅពេលរាត្រី ហើយសព្វថ្ងៃនេះ គេយកមកប្រើប្រាស់មានចំនួន ៥២ ពណ៌។

ក្រណាត់អន្លូញ ជាប្រភេទសំពត់សូត្រត្បាញមានឆ្នូតៗធំ ឬតូចឆ្មារ សម្រុងសម្រុះពីរឬបីពណ៌ តែវាគ្មានរចនាក្បាច់ទេ និងមានសំពត់ខ្លះនៅផ្នែកខាងក្រោម គេត្បាញជរជើង។ សំពត់មួយនេះ ប្រជាជនខ្មែរក៏មានការនិយមស្លៀកក្នុងពិធីផ្សេងៗផងដែរ។

សារុងសូត្រ ជាប្រភេទសំពត់ដែលគេច្រើនលក់ច្រើនពណ៌ ព្រមទាំងមានកន្លែងខ្លះទុកឲ្យនៅពណ៌ខ្លះៗដែរ ហើយពេលគេត្បាញ គេតែងឆ្លាស់ពណ៌ជាក្រឡាបួនជ្រុង។ សារុងសូត្រ ត្រូវបានបុរសខ្មែរនិយមស្លៀកនៅផ្ទះ។

សំពត់សាបាប់ ឬមនុស្សមួយចំនួនតែងហៅថាចរបាប់ ចារបាប់ ជរបាប់ គឺជាសំលៀកបំពាក់សម្រាប់រាជវង្សក្នុងរាជពិធីផ្សេងៗ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ វាជាសំលៀកបំពាក់សម្រាប់តួអង្គល្ខោន អ្នករបាំបុរាណ និងសម្រាប់កូនកំលោះ កូនក្រមុំ ក្នុងពិធីមង្គលការផងដែរ។

សំពត់ល្បើក វាជាប្រភេទសំពត់សូត្រ ឬអំបោះ ត្បាញលើសាច់ពេញសុះ ដូចសាបាប់ដែរ ប៉ុន្តែវាមានផ្កាតរំលិច ដោយជរអំបោះ ដែលរូបភាពនោះមានជារូបផ្កាផ្សេងៗលំអរនៅពាសពេញផ្ទែ។ ហើយល្បើកក៏មានកម្រាលតុ។

ក្រណាត់សឹង ជាប្រភេទសំពត់អំបោះ មានក្បាច់នៅតាមជាយជារូបសត្វ ឬឆ្នូតទទឹង ភាគច្រើននាំចូលមកពីប្រទេសឡាវ ហើយសំពត់ឡាវច្រើនដេរជាបន្ទះបន្ថែមនៅតាមជាយជើងសំពត់។ ទន្ទឹមនេះសំពត់សឹងគេច្រើនប្រើប្រាស់ក្នុងជីវភាពរស់នៅធម្មតា ឬក្នុងរបាំក្ងោកប៉ៃលិន របាំគែន។

គួរបញ្ជាក់ថា មិនថានាសម័យមុនទេ ដែលប្រជាជនខ្មែរនិយមប្រើប្រាស់ប្រភេទសាច់ក្រណាត់ហួលផាមួងទាំងប៉ុន្មានប្រភេទនេះ តែមកដល់បច្ចុប្បន្នក៏នៅតែមានការគាំទ្រ និងត្រូវបានយុវវ័យ មនុស្សគ្រប់ស្រទាប់វណ្ណៈចូលចិត្តស្លៀកពេលទៅចូលរួមកម្មវិធីផ្សេងៗ ដូចជាពីធីមង្គលការ ភ្ជុំបិណ្ឌ ចូលឆ្នាំជាដើម៕
ដោយ៖ ឌឿនចាន់ ថារី

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?