ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ សោកស្តាយពលករខ្មែរមួយចំនួនតូចនៅកូរ៉េ ជឿលើអប្បិយជំនឿត្រឡប់ទៅស្រុកវិញ បោះបង់ចោលការងារ
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងនូវការសោកស្តាយចំពោះពលករខ្មែរមួយចំនួនតូចធ្វើការនៅប្រទេសកូរ៉េ បានជឿលើការឃោសនាបែបអប្បិយជំនឿរបស់អ្នកនយោបាយ និងបានត្រឡប់ទៅមាតុភូមិវិញទាំងតក់ក្រហល់ បោះបង់ចោលការងារ រត់ចោលថៅកែធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះដ៏ល្អរបស់ពលករខ្មែរ។

នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលមានការចូលរួមពលករខ្មែរ សិស្ស-និស្សិត និងសហគមន៍ខ្មែរប្រមាណជាង ១ ម៉ឺននាក់នៅពហុកីឡដ្ឋាន Wastadium ទីក្រុងអានសានកាលពីថ្ងៃទី ១៨ ខែកញ្ញា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា«ខ្ញុំពិតជាមានការសោកស្តាយដែលកន្លងទៅថ្មីៗនេះ មានក្មួយៗពលករមួយចំនួនតូចនៅសាធារណរដ្ឋកូរ៉េ បានជឿលើការឃោសនាបែបអប្បិយជំនឿរបស់អ្នកនយោបាយមួយរូប និងបានត្រឡប់ទៅមាតុភូមិវិញទាំងតក់ក្រហល់ បោះបង់ចោលការងារ រត់ចោលថៅកែ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះពលករខ្មែរ ដែលតែងតែទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពីនិយោជកកូរ៉េ និងធ្វើឱ្យបាត់ប្រភពចំណូលដ៏ធំសម្រាប់ទ្រទ្រង់គ្រួសារ។ ម្នាក់ៗមានសិទ្ធិជឿលើជំនឿអ្វីក៏បាន ប៉ុន្តែក្មួយៗមុននឹងជឿ ក្មួយៗគួរតែពិចារណាការខាតចំណេញរបស់ខ្លួនឯង អ្នកជំវិញខ្លួន និងសង្គមជាតិ»។

លោករដ្ឋមន្ត្រី បានអំពាវនាវ ទៅដល់ក្មួយៗជាពលករទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខតរៀងទៅ។ ថ្មីៗនេះ មានពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រមាណជាង ៥០០ នាក់ បានវិលត្រឡប់មកស្រុកវិញ ក្នុងនោះមានពលករធ្វើការនៅកូរ៉េប្រមាណជាង ៤០០ នាក់ និងប្រមាណ ១០០ នាក់ទៀតធ្វើការនៅជប៉ុន តាមការអំពាវនាវ និងការឃោសនារបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលថាទឹកនឹងជន់លិចពិភពលោកទាំងមូល។

ពាក់ព័ន្ធនឹងកម្មវិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅសាធារណរដ្ឋកូរ៉េលោករដ្ឋមន្ត្រីបានលើកឡើងថា ការរៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅសាធារណរដ្ឋកូរ៉េនេះ ពិតមែនមិនអាចគ្រប់គ្រាន់ដូចយើងនៅជួបជុំគ្រួសារ នៅតាមស្រុកកំណើតក៏ពិតមែន តែបញ្ជាក់ឱ្យឃើញថា ខ្មែរយើងទៅដល់ទីណាក៏នៅតែជាខ្មែរ ទោះជាសម្បូរសប្បាយយ៉ាងណាក្ដី ក៏ខ្មែរមិនភ្លេចប្រពៃណី វប្បធម៌ខ្មែរឡើយ។
លោករដ្ឋមន្ត្រីបានកោតសរសើរដល់ពលករខ្មែរ សិស្ស-និស្សិត និងសហគមន៍ខ្មែរដែលរស់នៅទីនោះថា បានថែរក្សាប្រពៃណីជាតិ ជាពូជពង្សខ្មែរអង្គរដ៏រុងរឿងនៃយើង។ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះមន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារទាំងអស់ ដែលបានផ្ដួចផ្ដើមរៀបចំ និងគាំទ្រប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដ៏អធិកអធមនាឆ្នាំនេះ ដែលរួមមានទាំងកម្មវិធីសាសនា និងការកំសាន្តសប្បាយផងដែរ។ លោករដ្ឋមន្ត្រី ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលតែងតែបានបង្កលក្ខណៈងាយស្រួលដល់ការរៀបចំកម្មវិធីផ្សេងៗកន្លងមក ជាពិសេសកម្មវិធីនាថ្ងៃនេះ នៅលើទឹកដីក្រុងអានសាននៃសាធារណរដ្ឋកូរ៉េ។


លោករដ្ឋមន្ត្រី បានរំលឹកទៅដល់បងប្អូនពលករ ដែលមានឱកាសបានមកធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចងចាំថា នេះដោយសារតែការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េ តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពរីកចម្រើន ទាំងវិស័យការទូត សេដ្ឋកិច្ច ទេសចរណ៍ និងការងារ។ សម្តេចតេជោ ហ៊ុន សែន បានជួបចរចារជាមួយប្រធានាធិបតីកូរ៉េជាបន្តបន្ទាប់ ដើម្បីពង្រឹងចំណងសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតថែមទៀត រវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាការពិត ទីផ្សារការងារនៅប្រទេសកូរ៉េ គឺជាទីផ្សារការងារមួយដ៏ល្អ ដែលមានប្រទេសជាច្រើនប្រកួតប្រជែងចង់បាន និងប្រទេសដែលមានលក្ខខណ្ឌការងារល្អ និងមានប្រាក់ខែខ្ពស់។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្នមានពលករខ្មែរ ដែលធ្វើការនៅប្រទេសកូរ៉េជាង ៥ ម៉ឺននាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?