ព័ត៌មានជាតិ
សមាគមចំនួនបី រួមគ្នាអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ឱ្យកាន់តែមានភាពទំនើប
សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាឱ្យកាន់តែទំនើបក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាការផ្តល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ដល់អតិថិជន ក៏ដូចជាការប្រកួតប្រជែងក្នុងទីផ្សារ។

ការចុះអនុស្សរណៈយោគយល់ នៅថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២២ ក្រោមប្រធានបទ “វឌ្ឍនភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា” គោលបំណងលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការកសាងសមត្ថភាព ជាពិសេសគឺផ្ដោតសំខាន់លើវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសគឺលើកកម្ពស់នូវគំនិតផ្ដួចផ្ដើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម និងបង្កើននូវការយល់ដឹងពាក់ព័ន្ធនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរៀបចំកម្មវិធីដែលផ្ដោតលើបច្ចេកវិទ្យា ការរៀបចំកម្មវិធីតម្រង់ទិសសម្រាប់សហគ្រិន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្សេងទៀត។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា « តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជាឱកាសសម្រាប់ អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត។

ជាមួយគ្នានេះ លោក Raymond SIA ប្រធានសមាគមធនាគារកម្ពុជា បានឱ្យដឹងថា«យើងចង់បញ្ជាក់ថា ឌីជីថលូនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាគឺនៅជុំវិញខ្លួន និងអតិថិជនរបស់យើង»។ លោកបន្តថា ឧស្សាហកម្មហិរញ្ញវត្ថុ គឺជាឧស្សាហកម្មបម្រើដល់ប្រជាជន (people-centric industry) ហើយ
សេវាហិរញ្ញវត្ថុ គឺជាការចាំបាច់ដំបូងគេ ដើម្បីធានាថា ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុបានទៅដល់ប្រជាជនកម្ពុជា សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនិងសេដ្ឋកិច្ច។

លោក ប៉ិល រ៉េម៉ីស៊ីសុផុន ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានមើលឃើញដែរថា «អនុស្សរណៈយោគយល់គ្នានេះគឺជាស្មារតីនៃកិច្ចសហការ ដែលជាកម្លាំងចលករ និងមាគ៌ាដ៏ត្រឹមត្រូវសម្រាប់សមាគមទាំងបី ដើម្បីរួមកម្លាំងគ្នាឱ្យកាន់តែរឹងមាំ ក្នុងការដោះស្រាយបញ្ហាតាមវិស័យ ដោយលើកកម្ពស់ការយល់ដឹង ការអប់រំ និងសំខាន់បំផុតការបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលយើងកំពុងជួបប្រទះ និងបង្ហាញថាយើងមិនប្រឈមមុខតែម្នាក់ឯងទេ»។
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍បន្ថែមថា អនុស្សរណៈយោគយល់គ្នា រវាងសមាគមទាំងបី ក៏បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍។
លោក បានបន្ថែមថា តួនាទីរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅក្នុងឧស្សាហកម្មធនាគារបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការដាក់ឱ្យប្រើប្រាស់ផលិតផល និងសេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ដូចជាកាតទូទាត់និម្មិត បច្ចេកវិទ្យា contactless ការទូទាត់តាមទូរសព្ទដៃ ការទូទាត់ QR Code និងការវាយតម្លៃឥណទានតាមអនឡាញជាដើម។ «ដូច្នេះជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ យើងជឿជាក់ថា នឹងផ្តល់នូវភាពងាយស្រួល តម្លៃសមរម្យ លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់
សហគ្រាសធុនតូច និងមធ្យម និងប្រជាជនដែលពីមុន មិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ»។
គួរបញ្ជាក់ដែរថា អនុស្សរណៈយោគយល់គ្នាបីភាគីនេះ និងក្លាយជានិមត្តិសញ្ញានៃការបន្តការប្តេជ្ញាចិត្តរវាងសមាគមទាំងបីទៅក្នុងវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះមានរបៀបវារៈសំខាន់ៗរួមមាន៖ ការសហការដើម្បីបម្រើដល់ដៃគូនៅក្នុងឧស្សាហកម្ម ចំពោះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សហគមន៍ធុរកិច្ចបង្កើតថ្មី នៅកម្ពុជា, ចូលរួមអនុវត្តនិងតាមដាននូវការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការសហការរួមគ្នាលើសកម្មភាពនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការកសាងសមត្ថភាព៕
អត្ថបទ៖ នាង រតនៈ



-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ