Connect with us

ព័ត៌មានជាតិ

លោក ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមចុងក្រោយគេ នឹងត្រូវប្រកាសដាក់ទោសនៅថ្ងៃទី២២ កញ្ញា

បានផុស

នៅ

ក្រោយបើកសវនាការជាសាធារណៈជាច្រើនលើកច្រើនសារ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម នឹងប្រកាសសាលដីកាលើសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ សំផន ត្រូវបានសាលាក្ដីខ្មែរក្រហមចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ១៩៥៦។ សវនាការជាសាធារណៈនៅចំពោះមុខអង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហមលើសំណុំរឿងលោក ខៀវ សំផន បានចាប់ផ្តើមតាំងពីឆ្នាំ២០១១ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០០៧។

លោក ខៀវ សំផន គឺជាមេដឹកនាំកំពូលមួយរូបនៃរបបកម្ពុជាប្រជាធិបតេយ្យនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ លោក កើតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៣១ នៅស្រុករំដួល ខេត្តស្វាយរៀង។ លោក ខៀវ សំផន ជាអតីតនិស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ១៩៥៥ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ លោក ទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ១៩៥៩។

បន្ទាប់ពីវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោក ខៀវ សំផន បានធ្វើជាសាស្ត្រាចារ្យច្បាប់នៅសាកលវិទ្យាល័យភ្នំពេញ។ នៅឆ្នាំ១៩៦២ លោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសម័យសង្គមរាស្រ្តនិយម។ រហូតដល់ឆ្នាំ ១៩៦៧ លោក ខៀវ សំផន បានរត់ទៅលាក់ខ្លួននៅក្នុងព្រៃ ហើយបានចូលរួមជាមួយចលនាតស៊ូរបស់់ក្រុមខ្មែរក្រហមនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។

នៅឆ្នាំ១៩៧៦ លោក ខៀវ សំផន ត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ បន្ទាប់មក នៅឆ្នាំ១៩៨៧ លោក ត្រូវបានតែងតាំងជំនួសតំណែង ប៉ុល ពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅឆ្នាំ១៩៨៩ បានធ្វើជាតំណាងកម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីសផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម