Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ស្នើ​អ្នក​មាន​អាវុធ​កែច្នៃបរបាញ់​សត្វព្រៃ និង​ឧបករណ៍​នេសាទ​ខុសច្បាប់ ប្រគល់ជូន​អាជ្ញាធរ

បានផុស

នៅ

ស្ទឹងត្រែង ៖ នាថ្ងៃទី២០ ខែកញ្ញា ​ឆ្នាំ២០២២នេះ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បានធ្វើការស្នើសុំអ្នកមានអាវុធ​កែច្នៃ​បរបាញ់សត្វព្រៃ និង ឧបករណ៍​នេសាទខុសច្បាប់ មក​ប្រគល់ជូន​អាជ្ញាធរវិញ​ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់​ធនធានធម្មជាតិ និង​នាំគ្នា​បញ្ឈប់​ការ​បរបាញ់​និង​សម្លាប់​សត្វព្រៃ​ទាំងអស់គ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីដុត​កម្ទេច​ចោល​អាវុធ​កែច្នៃខុសច្បាប់​ នៅភូមិ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង លោក​សាយ​សំ​អាល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​មានប្រសាសន៍ថា ឧបករណ៍​ដែល​សមត្ថកិច្ច​ដុត​កម្ទេច​ចោលមានដូចជា ខ្សែ​អន្ទាក់ ឧបករណ៍​ឆក់​ត្រី និង​អួន​ជា​ដើម។

លោក​មានប្រសាសន៍​ទៀត​ថា មន្ត្រី​ផ្នែក​បរិស្ថាន​យើង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ណា​ ដែល​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​។

លោក​មានប្រសាសន៍​បន្ថែ​ម​ថា ការដុត​អាវុធ​កែច្នៃ​និង​ឧបករណ៍​ផ្សេងៗ​នេះ​ យើង​ចង់បង្ហាញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ទៅ​បងប្អូន​អ្នក​ឯទៀតៗ ឱ្យ​ឈប់​ផលិត អាវុធ​កែច្នៃ​និង​នាំគ្នា​ការពារ​សត្វព្រៃ​វិញ ដើម្បី​ទុក​បម្រើឱ្យ​វិស័យ​ទេសចរណ៍​ពេល​មាន​ភ្ញៀវទេសចរណ៍​មក​ទស្សនា​បង​ប្អូន​និង​ទទួល​បាន​ប្រាក់ចំណូល​ដោយ​ប្រយោល​និង​មិន​ចេះ​រីងស្ងួត​។

លោក​សួង​ហ៊ី អភិបាលស្រុក​សៀម​បូក​បាន​គាំទ្រ​ចំពោះ​យន្តការ​នេះ ហើយ​ក្នុងនាម​អាជ្ញាធរ​ស្រុក​លោក​និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដុត​បំផ្លាញ​ឧបករណ៍​ខុសច្បាប់​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​យើង​បន្ថែម​ដើម្បី​បង្ហាញ​ពី​វត្ថុតាង​ដែល​សមត្ថកិច្ច​យើង​រឹបអូស​បាន​កន្លងមក។

លោក​បន្ត​ថា ព្រឹត្តិការណ៍​ដុតបំផ្លាញ​អាវុធ​នេះ​ពិតជា​បាន​លាតត្រដាង​ឱ្យ​ប្រជាពលរដ្ឋ​យើង​បញ្ឈប់​ការកាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ សត្វ​ស្លាប ដែល​យើង​កំពុង​នាំគ្នា​អភិរក្ស តំបន់​ព្រៃ​ឡង់​និង​ក្នុងភូមិ​សាស្ត្រ​ផ្សេងៗ​ទៀត នៅ​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​យើង​នេះ​។

សូម​បញ្ជាក់​ថា សកម្មភាព​ដុត​បំផ្លាញ ឧបករណ៍​ហាមឃាត់​នេះ​ រួម​មានអាវុធ​កែច្នៃ ៩៥​ដើម​ ស្នា​តេះ​៦១​ដើម ​ខ្សែ​អន្ទាក់ ៣.៣២៧​ខ្សែ ​ក្បាល​ឆក់​៧១​គ្រឿង ​មង​ដាក់​សត្វ ២៦​ត្បូង​ ដាយ​៦០​ម៉ែត្រ អង្គប់​៥៨ គ្រឿង ផងដែរ។ ហើយ​ឧបករណ៍​ដែល​ត្រូវ​បំផ្លាញ​នេះ​ គឺ​បាន​មក​ពី​មន្ត្រី​ជំនាញ​ផ្នែក​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដកហូត​បាន​នៅ​ក្នុង​ភូមិសាស្ត្រ ស្រុក​សៀម​បូក​និង​តំបន់​ព្រៃ​ឡង់ ពី​ជន​ខិលខូច​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម