ព័ត៌មានជាតិ
ឆ្នាំ ២០២៣ ប្រាក់ឈ្នួលកម្មករឡើងដល់ ២០០ដុល្លារអាមេរិក
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៣។ ជាលទ្ធផលប្រាក់ឈ្នួលកម្មករ-និយោជិត សម្រាប់ឆ្នាំ ២០២៣ ត្រូវបានដំឡើងដល់ ២០០ដុល្លារអាមេរិក ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រេចយកតួលេខ ១៩៨ដុល្លារអាមេរិក ហើយសម្ដេចតេជោ ហ៊ុន សែន សម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារអាមេរិកទៀត។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្ដការត្រីភាគី និងមានសមាជិកជាតំណាតភាគីកម្មករ-និយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំចំនួន ២៥លើក (ប្រជុំផ្ទៃក្នុងភាគីកម្មករ-និយោជិតចំនួន ៧លើក, ភាគីនិយោជកចំនួន ៣លើក, ភាគីរាជរដ្ឋាភិបាលចំនួន ២លើក, ទ្វេភាគីរាជរដ្ឋាភិបាល ជាមួយកម្មករ-និយោជិត និងភាគីនិយោជកចំនួន ៨លើក និងត្រីភាគីចំនួន ៥លើក) ចាប់ពីថ្ងៃទី ១៥ ខែសីហា ដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងបន្តថា ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករ-និយោជិត បានលើកនូវតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារអាមេរិក, ២១០ដុល្លារអាមេរិក, និង ២១៣ដុល្លារអាមេរិក។ តំណាងភាគីនិយោជក បានដំឡើងដល់តួលេខចំនួន ១៩៨ដុល្លារអាមេរិក និងតំណាងភាគីរាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្រ្ដកំណត់យកតួលេខ ១៩៨ដុល្លារអមេរិក។

យោងតាមមាត្រា ១២ នៃច្បាប់ ស្ដីពី ប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ ដើម្បីគាំទ្រតួលេខនីមួយៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

-តួលេខចំនួន ១៩៨ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៤៦សំឡេង លើ ៥១សំឡេង
-តួលេខចំនួន ២០៦ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង
-តួលេខចំនួន ២១០ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ០សំឡេង លើ ៥១សំឡេង
-តួលេខចំនួន ២១៣ដុល្លារអាមេរិក ទទួលបានសំឡេងឆ្នោត ៥សំឡេង លើ ៥១សំឡេង
-សំឡេងមិនបានការចំនួន ០សំឡេង លើ ៥១សំឡេង។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងទៀតថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩៨ដុល្លារអាមេរិក ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៣។
ប្រភពដដែល បានបញ្ជាក់ទៀតថា យោងរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុងស្ថានភាពដែលកម្ពុជា បានបង្កើតនូវភាពស៊ាំសហគមន៍ ដែលអនុញ្ញាតឲ្យដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ និងត្រលប់ទៅរកនិន្នាការធម្មតា ក្នុងគន្លងប្រក្រតីភាពថ្មី ព្រមទាំងសំដៅសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីការកើនឡើងថ្លៃទំនិញ ដែលបង្កដោយសារសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន ១៩៨ដុល្លារអាមេរិក។
ដូច្នេះចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣តទៅ កម្មករ-និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ២០០ដុល្លារអាមេរិកក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩៨ដុល្លារអាមេរិកក្នុងមួយខែ ចំពោះកម្មករ-និយោជិតសាកល្បង។
សូមជម្រាបថា សម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករ-និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២២ទទួលបាន ១៩៤ដុល្លារក្នុង ១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា