ព័ត៌មានជាតិ
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា គ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានជួបជាមួយឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់របស់អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា (អ.វ.ត.ក.) និងមុខងារសេសសល់ក្រោយតុលាការដែលនឹងមកដល់ក្នុងពេលខាងមុខនេះ។

ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរ ក៏បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក. ។

ចាប់តាំងពី អ.វ.គ.ក. បានបង្កើតឡើងនៅឆ្នាំ២០០៦ មក អ.វ.ត.ក. បានទទួលភស្តុតាងពីជនរងគ្រោះ ជាង ១០ ៣០០ នាក់ បានចេញសេចក្តីសម្រេចជាង ១ ៣៤៥ និងបានបង្កើតកំណត់ហេតុតាមផ្លូវតុលាការ និង ប្រវត្តិសាស្ត្រសម្រាប់កម្ពុជាចំនួនជាងបីលានទំព័រ។ អង្គជំនុំជម្រះគ្រោងនឹងបញ្ចប់សំណុំរឿងទាំងអស់ត្រឹមបំណាច់ឆ្នាំនេះ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិបានឯកភាពគ្នាថា អង្គជំនុំជម្រះវិសាមញ្ញនឹងបំពេញមុខងារសេសសល់របស់ខ្លួនសម្រាប់ដំណាក់កាលដំបូងរយៈពេលបីឆ្នាំ ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការ អ.ស.ប. បានស្វាគមន៍ចំពោះ វឌ្ឍនភាពការងារយ៉ាងធំធេងរបស់ អ.វ.ត.ក.។ លើសពីនេះទៀត ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីមុខងារ សេសសល់ដែល អ.វ.ត.ក. ត្រូវបំពេញនៅពេលបញ្ចប់កិច្ចដំណើរការនីតិវិធីតាមផ្លូវតុលាការរបស់ខ្លួន។ គោលបំណង មួយក្នុងចំណោមគោលបំណងសំខាន់នានានៃមុខងារសេសសល់នោះ គឺដើម្បីថែរក្សាកេរដំណែល អ.វ.ត.ក. រួមទាំងតាមរយៈការអនុញ្ញាតឱ្យសាធារណជនអាចចូលពិនិត្យមើលព័ត៍មាននៅក្នុងបណ្ណសាររបស់ អ.វ.ត.ក. ឱ្យបានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់ អ.វ.ត.ក.។

ក្នុងនាមរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សូមបន្តការគាំទ្រដល់ការងារផ្នែកតុលាការ ដ៏មានសារសំខាន់របស់អង្គជំនុំជម្រះវិសាមញ្ញ និងការងារសេសសល់ដែលនឹងដំណើរការនាពេលខាងមុខ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ ថវិកាដល់អង្គជំនុំជម្រះវិសាមញ្ញ និងសូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះការគាំទ្រជាយូរអង្វែងពី អ.ស.ប. និងម្ចាស់ជំនួយរបស់ អ.វ.ត.ក. ហើយថា ការងាររបស់ អ.វ.ត.ក. មិនអាចដំណើរការទៅមុខ ដោយគ្មានជំនួយពី អ.ស.ប. និងម្ចាស់ជំនួយទាំងនោះបានឡើយ។ លោកបានជំរុញឱ្យបណ្តារដ្ឋជាម្ចាស់ជំនួយមេត្តាផ្តល់ ការគាំទ្រ ដើម្បីឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទួលាយដល់សាធារណជនកម្ពុជា ជាពិសេស ជនរងគ្រោះនៃរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយនៅកម្ពុជា គាំទ្រដល់ចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ និង បញ្ចៀសមិនឱ្យអំពើព្រៃផ្សៃពីអតីតកាលកើតឡើងសាជាថ្មី។

លោកឧបការីអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកកិច្ចការច្បាប់ បានសម្តែងនូវសេចក្ដីសោមនស្សដែលបានមកទស្សនកិច្ចនៅក្នុងព្រឹត្តិការណ៍ដ៍សំខាន់នេះ។ ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមគ្នារបស់រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីធានានូវគណនេយ្យភាព ចំពោះឧក្រិដ្ឋកម្មនានាដែលបានប្រព្រឹត្តនៅក្នុងអំឡុងរបបខ្មែរក្រហម ព្រមទាំងធានានូវយុត្តិធម៌សម្រាប់ជនរងគ្រោះ។ លោកឧបការីអគ្គលេខាធិការ អ.ស.ប. ក៏បានបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការបន្តគាំទ្រដល់ អ.វ.ត.ក. នៅក្នុងអំឡុងដំណាក់កាលអនុវត្តមុខងារសេសសល់ និងបានសង្កត់ធ្ងន់នូវ សារសំខាន់នៃការថែរក្សាកេរដំណែល អ.វ.ត.ក សម្រាប់ប្រជាជនកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោកឧបការីអគ្គលេខាធិការ អ.ស.ប. នឹងចូលរួមស្ដាប់ការ ប្រកាសសាលដីកាស្ថាពរនៅក្នុងសំណុំរឿងចុងក្រោយនៅ អ.វ.ត.ក. ប្រឆាំងនឹងអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន ដែលនឹងកំណត់ពេលដំណើរការនៅថ្ងៃស្អែក (ថៃ្ងព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ ២០២២)។ – បន្ទាប់មក ភាគីទាំងពីរនឹងធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណះរបស់ខ្លួននៅបរិវេណអ.វ.ត.ក.។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ