ព័ត៌មានជាតិ
បណ្ឌិត ជេត ជាលី ៖ អ្នកប្រតិកម្មនឹងការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម ភាគច្រើនខ្វល់រឿងជាតិ និងទទួលព័ត៌មានមិនច្បាស់
លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អះអាងថា អ្នកដែលមិនគាំទ្រការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម ភាគច្រើនគ្រាន់តែបង្ហាញពីការខ្វល់ខ្វាយចំពោះរឿងជាតិ និងមិនបានទទួលព័ត៌មានច្បាស់ មានមតិមិនគាំទ្រភាគតិចប៉ុណ្ណោះដែលមានចេតនាអ្វីផ្សេង។ នេះជាការលើកឡើងរបស់លោកក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» ។
លោកបណ្ឌិតថា លោកគ្មានពាក្យអ្វីឆ្លើយទៅនឹងអ្នកមិនគាំទ្រ ឬមិនពេញចិត្តចំពោះការបើកដេប៉ាតឺម៉ង់ភាសា វៀតណាមនោះទេ លោកថែមទាំងចាត់ទុកមតិអ្នកមិនគាំទ្រទាំងអស់នោះត្រឹមត្រូវទៀតផង។ លោកអះអាងថា មតិប្រឆាំងទាំងនោះត្រឹមត្រូវដោយសារតែលោកបណ្ឌិត ធ្វើអ្វីមិនបានផ្គាប់ចិត្តអ្នកទាំងនោះទេ គឺដើម្បីជាប្រយោជន៍ជាតិ និងវិស័យអប់រំនៅកម្ពុជាប៉ុណ្ណោះ។

ទន្ទឹមនឹងនេះលោកសង្កត់ធ្ងន់ថា មុននឹងមានការប្រកាសជាផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា លោកបានប្រកាសដំណឹងនៃការបើកដេប៉ាតឺម៉ង់ភាសាវៀតណាមនេះ លើហ្វេសប៊ុកផេករបស់លោកម្តងរួចទៅហើយ ដោយក្នុងនោះ ទទួលបានការគាំទ្រច្រើន។ ផ្ទុយទៅវិញក្រោយព័ត៌មានមួយផ្សាយចេញទៅដោយដាក់ចំណងជើងថា «វៀតណាមបានជំរុញឱ្យកម្ពុជាបើកបង្រៀនភាសាវៀតណាមឱ្យបានឆាប់រហ័ស» ដែលន័យនេះ ហាក់ចង់បង្ហាញថា កម្ពុជាស្ថិតនៅក្រោមការចាត់ចែងរបស់វៀតណាម ទើបបង្កឱ្យមានការយល់ច្រឡំ និងប្រតិកម្មច្រើនពីមហាជន។
ឆ្លើយតបនឹងបញ្ហានេះ លោកបញ្ជាក់ថា ការបើកបង្រៀនភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺគ្រាន់ តែជាជំនាញភាសាសម្រាប់សិក្សាមួយប៉ុណ្ណោះ ហើយការបញ្ចូលជំនាញភាសានេះ អាចសម្រួលដល់និស្សិតដែលជាប់អាហាររូបករណ៍សិក្សានៅវៀតណាម ព្រោះការរៀនសូត្រនៅទីនោះ មិនតម្រូវឱ្យប្រើប្រាស់ភាសាផ្សេងឡើយ។
លោកគូសបញ្ជាក់ថា ការសិក្សាភាសាវៀតណាមនេះ ជាជម្រើសរបស់បុគ្គលផ្ទាល់ក្នុងការសម្រេចចិត្ត ថាតើភាសានេះ ជាតម្រូវការខ្លួន ឬអត់ប៉ុណ្ណោះ។
តាមការបញ្ជាក់ របស់សាកលវិទ្យាធិការរូបនេះ ក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានដេប៉ាតឺម៉ង់ភាសាចំនួន២ ហើយ ទីមួយ គឺភាសាថៃ និងទីពីរ ភាសាវៀតណាម ដែលទើបតែនឹងសម្រេចដាក់បញ្ចូលថ្មីៗនេះ។ ក្រៅពីប្រទេសជាសមាជិកអាស៊ានទាំង២នេះ លោកថា នៅមានសមាជិកអាស៊ានដទៃផ្សេងទៀតផងដែរ ដែលមានបំណងចង់បញ្ចូលភាសាជាតិរបស់ពួកគេ ក្នុងកម្មវិធីរបស់សាកលវិទ្យាល័យ ប៉ុន្តែមិនអាចធ្វើបាន ដោយហេតុថា សាកលវិទ្យាល័យ ខ្វះអ្នកជំនាញបង្រៀនលើភាសាទាំងនោះ។

មួយវិញទៀត លោកបានលើកឡើងផងដែរ ពីជំនួបមួយជាមួយជំទាវឯកអគ្គរដ្ឋទូតតួកគី កាលពីពេលថ្មីៗកន្លងទៅនេះ ដែលជំទាវឯកអគ្គរដ្ឋទូតតួកគី មានបំណងចង់ឱ្យសាកលវិទ្យាល័យមានដេប៉ាតម៉ង់ភាសាតួគី ដោយសន្យាថានឹងជួយ រ៉ាប់រងគ្រប់បែបយ៉ាងលើការបើកបង្រៀន រួមទាំងអាគារសិក្សា។ ផ្សារភ្ជាប់នឹងគំនិតផ្តួចផ្តើមនេះ លោកបានឱ្យដឹងដែរថា កន្លងមកសាកលវិទ្យាល័យ ក៏ទទួលបានអាគារសិក្សាភាសាប៉ុន្មានអាគាររួចហើយដែរ ពីជប៉ុន ចិន និងថៃ ជាដើម។
លោកបន្តថា មិនមានហេតុផលអ្វី ត្រូវបដិសេធមិនទទួលយកផលប្រយោជន៍ដល់ការអប់រំ របស់សាកលវិទ្យាល័យនោះទេ ប៉ុន្តែដោយសារបច្ចុប្បន្ន សាកលវិទ្យាល័យ មិនមានអ្នកជំនាញដែលអាចគ្រប់គ្រងលើផ្នែកភាសាដទៃទៀតបាន ទើបបច្ចុប្បន្ន សាកលវិទ្យាល័យបើកដេប៉ាតឺម៉ង់បានតែប៉ុន្មានភាសាប៉ុណ្ណោះ៕
អត្ថបទ៖ សុធាវី

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង