ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ប្រព័ន្ធសន្តិសុខសង្គមបានជួយសម្រាលទុក្ខលំបាករបស់ពលរដ្ឋ តាំងពីពេលចាប់កំណើតរហូតដល់ស្លាប់
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម បានមានប្រសាសន៍ថា ប្រព័ន្ធសន្តិសុខសង្គមបានជួយសម្រាលនូវទុក្ខលំបាកនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាំងពីពេលចាប់កំណើតរហូតដល់បាត់បង់ជីវិត។

ថ្លែងក្នុងពិធីបិទយុទ្ធនាការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារជូនដល់ក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ សមាគមនិយោជក សហជីព និងតំណាងកម្មករនិយោជិតនៅព្រឹកថ្ងៃទី២៩កញ្ញា នៅសណ្ឋាគារភ្នំពេញ លោករដ្ឋមន្ត្រីបានបន្តថា « ប្រព័ន្ធសន្តិសុខសង្គមដែលពេញលេញ គឺជាប្រព័ន្ធមួយដែលត្រូវរួមចំណែកពេញមួយវដ្ដនៃជីវិតរបស់យើងរួមមាន កើត ចាស់ ឈឺ ស្លាប់ »។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាការឆ្លើយតបដើម្បីឈានទៅរកប្រព័ន្ធសន្តិសុខសង្គមពេញលេញ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម ជាប្រតិបត្តិករសន្តិសុខសង្គម
បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រាលនូវទុក្ខលំបាកនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាំងពីពេលចាប់កំណើតដោយមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះមុននិងក្រោយសម្រាល ការព្យាបាលជំងឺ និងការទទួលបានប្រាក់បំណាច់រយៈពេល៩០ថ្ងៃ នៅពេលសម្រាកលំហែមាតុភាព ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា «នៅពេលចូលដល់វ័យធ្វើការ កម្មករនិយោជិតទទួលបានការធានារ៉ាប់រងដោយមានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ បង្ការពេលជួបគ្រោះថ្នាក់ការងារជាយថាហេតុ ដើម្បីឱ្យពួកគាត់ទទួលបានសេវាព្យាបាល ការផ្តល់សេវាស្តារនីតិសម្បទាប្រាក់បំណាច់ប្រចាំថ្ងៃពីការអាក់ខានការងារប្រាក់ធនលាភពីការបាត់បង់សមត្ថភាពបំពេញការងារ និងករណីដែលជួបគ្រោះថ្នាក់ការងាររហូតបាត់បង់អាយុជីវិត គ្រួសារឬអ្នកចាត់ចែងបុណ្យ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ»។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ដោយឡែកនៅពេលដែលបងប្អូនជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាលនៅតែបន្តផ្តល់ការគាំពារដោយបានបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនហើយនៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ គ្រួសារ ឬអ្នកចាត់ចែងបុណ្យនឹងទទួលបាននូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុកទៅតាមផ្នែកនីមួយៗដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណើតរហូតដល់ស្លាប់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាលទ្ធផលដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរបបសន្តិសុខសង្គមពេញមួយវដ្តជីវិតនេះ អស់រយៈពេលជាង១០ឆ្នាំកន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស. ជាប្រតិបត្តិករ បានអនុវត្តជាជំហានៗ រួមមាន៖ នៅឆ្នាំ២០០៨ បានដាក់ឱ្យអនុវត្តផ្នែកហានិភ័យការងារ នៅឆ្នាំ២០២១ ផ្នែកនេះបានដំណើរការសម្រាប់មន្រ្តីសាធារណៈ។ ក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិតវិស័យឯកជន និងឆ្នាំ២០១៨ សម្រាប់មន្រ្តីសាធារណៈដោយធ្វើការធានារ៉ាប់រងសុខភាព ២៤ម៉ោងលើ២៤ម៉ោងជារួមមិនថាកម្មករនិយោជិត ឬមន្រ្តីសាធារណៈសុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចគ្នាៗ។
ដោយឡែកបើយើងនិយាយពីប្រាក់ចូលនិវត្តន៍វិញកាលពីមុនប្រាក់សោធនមានតែចំពោះមន្រ្តីរាជការប៉ុណ្ណោះមានសិទ្ធិទទួលបានតែសម្រាប់បងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជនវិញពុំធ្លាប់ទទួលបានការធានារ៉ាប់រងប្រាក់សោធននេះទេ
ហើយនេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយដែលបងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជនទទួលបានរបបសន្តិសុខសង្គមនេះ។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានអះអាងទៀតថា ចាប់ពីខែតុលាឆ្នាំ២០២២តទៅការអនុវត្តរបបប្រាក់សោធនចំពោះកម្មករ និយោជិកក្នុងវិស័យកាត់ដេរ វាយនភណ្ឌស្បែកជើងកាបូបនិងផលិតផលធ្វើដំណើរនឹងដំណើរការជាផ្លូវការបន្ទាប់ពីបានចុះផ្សព្វផ្សាយដល់កម្មករនិយោជិករយៈពេល៣ខែហើយចាប់ពីខែវិច្ឆិកាឆ្នាំ២០២២កម្មករនិយោជិកត្រូវបង់វិភាគ ទាន២ភាគរយនិងនិយោជកបង់២ភាគរយទៅតាមច្បាប់ដែលបានកំណត់៤ភាគរយ។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានលើកឡើងថាជាលទ្ធផលមានកម្មករនិយោជិតចំនួន ១ ០៧២ ៤២៥នាក់បានទទួលការផ្សព្វផ្សាយ ដែលស្មើនឹង ៧៣ភាគរយ បើធៀបទៅនឹងសមាជិក
ប.ស.ស. សរុប ហើយបើធៀបនឹងចំនួនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ គឺស្មើនឹង១២៨ភាគរយ។
លោក អ៊ុក សមវិទ្យា សង្កត់ធ្ងន់ថា នេះជាភាពជោគជ័យលើសពីផែនការដែលបានគ្រោងទុកហើយតាមរយៈការចុះផ្សព្វផ្សាយនេះ គឺមានការសារទរពីសំណាក់ភាគីនិយោជកម្ចាស់-សហគ្រាស គ្រឹះស្ថាន និងភាគីបងប្អូនកម្មករនិយោជិត
ដោយពួកគាត់បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ព្រមទាំងបានស្ម័គ្រចិត្តក្នុងការចូលរួមបង់ភាគទានជាចំណែករបស់ខ្លួនដើម្បីទទួលបានអត្ថប្រយោជន៍នៅពេលចូលនិវត្តន៍ទៀតផង៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?