ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប ស ស ជំរុញឱ្យកម្មករទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីទទួលបានរបបប្រាក់សោធន
មន្ត្រីជាន់ខ្ពស់បេឡាជាតិសន្តិសុខសង្គម (ប ស ស) បានជំរុញឱ្យកម្មករនិយោជិតក្នុងវិស័យកាត់ដេរវាយនភណ្ឌស្បែកជើង កាបូប និងផលិតផលធ្វើដំណើរទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ដើម្បីទទួលបានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ខណៈបច្ចុប្បន្នមានកម្មករភាគច្រើននៅមិនទាន់មានសំបុត្រអាពាហ៍ពិពាហ៍នៅឡើយទេ។
ថ្លែងក្រោយពិធីបិទយុទ្ធនាការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារជូនដល់ក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ សមាគមនិយោជកសហជីព និងតំណាងកម្មករនិយោជិតនៅព្រឹកថ្ងៃទី២៩កញ្ញា នៅសណ្ឋាគារភ្នំពេញលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)បានមានប្រសាសន៍ថា «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះសំបុត្រអាពាហ៍ពិពាហ៍ គឺជារឿងសំខាន់ដោយសារជាការគាំពាររយៈពេលវែងរហូតដល់គាត់មានអាយុ៦០ឆ្នាំទើបគាត់ទទួលបានអត្ថប្រយោជន៍ប្រាក់សោធន។ ប៉ុន្តែនៅពេលគាត់ទទួលមរណភាពក្រុមគ្រួសារត្រូវភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍នេះទើបអាចទទួលបានប្រាក់អត្ថប្រយោជន៍សោធនអន្តរជីវី បើអត់មានសំបុត្រនេះមិនអាចបើកប្រាក់នេះបានទេ»។

លោកបានបន្តថា កម្មករនិយោជិតចាំបាច់ពេលរៀបអាពាហ៍ពិពាហ៍ត្រូវធ្វើសំបុត្រអាពាហ៍ពិពាហ៍នៅមូលដ្ឋានដើម្បីបញ្ជាក់ពីភាពស្របច្បាប់ព្រមទាំងសំបុត្រកំណើត និងសំបុត្រមរណៈផងដែរ ព្រោះឯកសារទាំងនេះសុទ្ធតែជារឿងសំខាន់ដែលយើងត្រូវមាន និងពាក់ព័ន្ធនឹងអត្ថប្រយោជន៍របស់យើង។
លោកបានបន្ថែមថា «ពេលដែលយើងមានសំបុត្រអាពាហ៍ពិពាហ៍បង្ហាញពីចំណងសហព័ន្ធដែលមានប្រពន្ធប្តីនិងកូន។ ពេលដែលប្រពន្ធឬប្តីជាសមាជិក ប ស ស មានបញ្ហាបាត់បង់សមត្ថភាពការងារដោយសារជំងឺធម្មតាយើងអាចទទួលបានប្រាក់សោធនឬមរណភាពអ្នកក្នុងបន្ទុកអាចទទួលបានអត្ថប្រយោជន៍ទាំងប្រពន្ធ និងកូន បើប្រពន្ធអត់មានសំបុត្រអាពាហ៍ពិពាហ៍មិនអាចទទួលប្រាក់នេះបានទេ។ ដូចនេះបងប្អូនត្រូវតែធ្វើសំបុត្រអាពាហ៍ពិពាហ៍នេះ»។
លោក អ៊ុក សមវិទ្យា បានអំពាវនាវដល់បងន្អូនកម្មករនិយោជិតដែលនៅមិនទាន់មានសំបុត្រអាពាហ៍ពិពាហ៍ ត្រូវទៅធ្វើនៅតាមមូលដ្ឋានរៀងៗខ្លួនទោះបីជាបងប្អូនរៀបការយូរឆ្នាំក៏អាចធ្វើបានដែរ អាជ្ញាធរតាមមូលដ្ឋានបានយល់ដឹងពីបញ្ហានេះ ហើយពួកគាត់នឹងជួយសម្រួលលើកការងារនេះ ខណៈបច្ចុប្បន្ននេះភាគច្រើនកម្មករនិយោជិតមានតែសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ធម្មតាប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ នឹងដំណើរជាផ្លូវការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីបានពន្យាពេល៣ខែសម្រាប់ផ្សព្វផ្សាយដល់កម្មករនិយោជិតហើយចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា នឹងត្រូវបង់វិភាគទាន៤ភាគរយ ក្នុងនោះកម្មករបង់២ភាគរយ និងនិយោជកបង់២ភាគរយ។

លោកបានបញ្ជាក់បន្ថែមថា បង់៤ភាគរយនេះសម្រាប់រយៈពេល៥ឆ្នាំទេ បន្ទាប់មកឡើង៨ភាគរយដែលកម្មករបង់៤ភាគរយ និងនិយោជកបង់៤ភាគរយ ហើយក្រោយមកទៀត១០ឆ្នាំតម្លើងម្តង។ លោកបានឱ្យដឹងទៀតថា «សូមបង ប្អូនកម្មករនិយោជិតកុំមានការព្រួយបារម្ភចំពោះអត្ថប្រយោជន៍ប្រាក់សោធននេះ ប្រាក់ដែលបងប្អូនបានបង់នឹងមិនបាត់បង់ទៅណាទេ បងប្អូននឹងទទួលបានមកវិញពេលចូលនិវត្តន៍អាយុ៦០ឆ្នាំ។ ព្រោះតាមគោលការណ៍បងប្អូនបង់លើស១ឆ្នាំមានសិទ្ធទទួលបានប្រាក់សោធនអាស្រ័យទៅលើបង់តិចឬច្រើន»។
លោកបានបន្តថា បច្ចប្បុន្ននេះបេឡាជាតិសន្តិសុខសង្គមមានសមាជិកប្រមាណជាង១លាន៤សែននាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?