ព័ត៌មានជាតិ
ពលរដ្ឋភូមិកោះប៉ោ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន៦៤៥ក្បាលដី
កោះកុង ៖ ប្រជាពលរដ្ឋរស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីធ្លីចំនួន៦៤៥ក្បាលដី តាមរយៈការប្រគល់ដោយអាជ្ញាធរស្រុកមណ្ឌលសីមា ក្រោមបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាលកម្ពុជា។
នេះជាភ័ព្វសំណាងមួយរបស់ប្រជាពលរដ្ឋភូមិកោះប៉ោរស់នៅអាស្រ័យផលជាង៣០ឆ្នាំមកហើយ ដោយទទួលប័ណ្ណកម្មសិទ្ធិដីធ្លី បើធៀបនឹងអ្នករស់នៅលើដែនកោះដទៃទៀតក្នុងមូលដ្ឋានខេត្តកោះកុង។

ក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់តំណាងប្រជាពលរដ្ឋ៥៥នាក់ នៅវត្តគង្គារាម លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លើកឡើងថា ប័ណ្ណកម្មសិទ្ធិដីធ្លីដែលចែកជូនពលរដ្ឋ ធ្វើឡើងតបនឹងបទបញ្ជាលេខ០១របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដោយមានក្រុមនិស្សិតចូលវាស់វែងអំឡុងឆ្នាំ២០១២មកម្ល៉េះ។
លោកអភិបាលស្រុកមណ្ឌលសីមា បានរម្លឹកនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ថា ដំណើរការចេញបណ្ណកម្មសិទ្ធិដល់ពលរដ្ឋត្រូវបានអាក់ខាន ដោយសារតែកាលនោះរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ៨០ បង្កើនតដែនជម្រកសត្វព្រៃតាតៃ ហើយបានគ្រប់ដណ្តប់ទៅលើភូមិកោះប៉ោទាំងមូល។

លោក សុខ ភិរម្យ បានបន្តថា ពោលគឺទើបតែកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យលេខ៣០ ធ្វើអនុប្បយោគផ្ទៃទំហំ១២៦.៩២៨.៣៩ហិចតាក្នុងតំបន់ការពារធម្មជាតិចំនួន៨ក្នុងភូមិសាស្ត្រខេត្តកោះកុង ដើម្បីប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង និងមួយចំណែកទុកជាកម្មសិទ្ធិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។

អាជ្ញាធរស្រុកមណ្ឌលសីមាអះអាងថា ការផ្តល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋភូមិកោះប៉ោនៅពេលនេះ ធ្វើឡើងតបនឹងវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ក្នុងគោលបំណងលើយុទ្ធនាការចុះវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋដែលរស់នៅលើដីរដ្ឋ និងដីព្រៃសម្បទានសង្គមកិច្ចជាឆ្នាំមកហើយ។
លោកអភិបាលស្រុកមណ្ឌលសីមា និងអាជ្ញាធរមូលដ្ឋាន ជឿជាក់ថា ពលរដ្ឋនឹងកាន់តែមានភាពកក់ក្តៅចំពោះការរស់នៅអាស្រ័យផលដោយស្របច្បាប់ និងទាំងបានស្នើដល់ប្រជាពលរដ្ឋចូលរួមថែរក្សាប័ណ្ណកម្មសិទ្ធិដីធ្លីនេះអោយបានល្អត្រឹមត្រូវ ចៀសវាងបាត់រហែក ឬយកទៅធ្វើអ្វីដែលខុសគោលដៅដែលនាំឱ្យជួបបញ្ហាសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ទន្ទឹមនេះ លោក សុខ ភិរម្យ ក៏ផ្តល់ការវាស់កាត់សំលៀកបំពាក់សម្រាប់ប្រជាការពារភូមិចំនួន៩នាក់ឥតគិតថ្លៃ និងសន្យាផ្តល់ជាអំពូលសូឡាដើរថាមពលព្រះអាទិត្យចំនួន២០គ្រឿងដល់ពលរដ្ឋអ្នកភូមិកោះប៉ោ ដើម្បីរក្សាសន្តិសុខសុវត្ថិភាពបានល្អប្រសើរតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពល្អ។

លោកអ៊ុ សឿ សារ៉ាន លោក អ៉ីង សាវ៉េត និងអ្នកស្រី សោម ខន ជាប្រជាពលរដ្ឋរស់នៅភូមិកោះប៉ោបានបង្ហាញក្តីសប្បាយរីករាយជាខ្លាំងនៅពេលបានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុយកទៅរក្សាដោយបានល្អប្រសើរ។
ពួកគាត់បន្ថែមថា នេះជាការរង់ចាំរបស់ពួកគាត់ជាយូរឆ្នាំណាស់ហើយទម្រាំបានថ្ងៃនេះ ហើយក៏ដោយសារតែការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រសួងជំនាញ អាជ្ញាធរខេត្តស្រុកឃុំភូមិ ខិតខំដោះស្រាយជូនពលរដ្ឋភូមិកោះប៉ោ។ ពេលមិនទាន់បានប្លង់ ពួកគាត់មានក្តីបារម្ភភ័យខ្លាចរងការរំលោភបំពានណាមួយធ្វើឱ្យបានបង់ផ្ទះសម្បែង និងដីធ្លីដែលតស៊ូអាស្រ័យផលមកទល់បច្ចុប្បន្ន។

ក្រៅពីការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋចំនួន៦៤៥ក្បាលដី ក៏មានក្បាលដីចំនួន១១ក្បាលដីពុំមានទិន្នន័យគ្រប់គ្រាន់នឹងចេញប្លង់បាននោះទេ និងក្បាលដីចំនួន១២៨ក្បាលដីជាប់បណ្តឹងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលមិនអាចសម្របសម្រួលបាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ