ព័ត៌មានជាតិ
ក្រុមហ៊ុន ស៊ីប៊ីស៊ី (CBC) ប្រារព្ធកម្មវិធីអបអរសាទរខួប ១០ ឆ្នាំ នៃការបង្កើតឡើងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (ស៊ីប៊ីស៊ី) បានប្រារព្ធកម្មវិធីអបអរសាទរខួប ១០ ឆ្នាំ នៃការបង្កើតប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្ដិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី និងជាឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា។
ជាមួយគ្នានេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ មន្ត្រីមកពីធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាក់ព័ន្ធសំខាន់ៗនានា ព្រមទាំងថ្នាក់ដឹកនាំមកពីស្ថាប័នវិស័យហិរញ្ញវត្ថុជាសមាជិកទាំង ១៨១ ស្ថាប័ន របស់ស៊ីប៊ីស៊ី បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីអបអរសាទរដល់ ស៊ីប៊ីស៊ី ក្នុងដំណើរការប្រតិបត្តិការអស់រយៈពេល ១០ ឆ្នាំរបស់ខ្លួនដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុកម្ពុជា។


ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ស៊ីប៊ីស៊ី បានដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ និងបង្កើនស្ថិរភាពវិស័យហិរញ្ញវត្ថុ។ របាយការណ៍ឥណទាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សារភ្ជាប់គម្លាតព័ត៌មានរវាងអ្នកផ្ដល់កម្ចី និងអ្នកប្រើប្រាស់កម្ចី ដើម្បីវាយតម្លៃហានិភ័យឥណទានយ៉ាងឆាប់រហ័ស និងធ្វើការសម្រេចចិត្តលើប្រាក់កម្ចីដែលជាការសម្រួលដល់ការទទួលបានហិរញ្ញវត្ថុ។ ក្នុងនាមជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដ៏សំខាន់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ស៊ីប៊ីស៊ី តែងតែមានការអភិវឌ្ឍផលិតផល និងប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីបំពេញតម្រូវការ នៃការកើនឡើងនៃស្ថាប័នហិរញ្ញវត្ថុជាសមាជិករបស់ខ្លួន។
ស៊ីប៊ីស៊ី បានបង្កើតឡើងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១២ ដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងធ្វើឱ្យមានភាពប្រសើរឡើងនូវការវាយតម្លៃហានិភ័យឥណទាន និងធ្វើឱ្យទីផ្សារឥណទានមានតម្លាភាព និងការគ្រប់គ្រងបានយ៉ាងល្អប្រសើរ សម្រាប់ស្ថាប័នហិរញ្ញវត្ថុក្នុងប្រទេស។ ស៊ីប៊ីស៊ី បាននឹងកំពុងពង្រីកខ្លួន និងបន្ដរីកចម្រើន ក្នុងរយៈពេល មួយទសវត្សចុងក្រោយនេះ ពីសមាជិកចំនួន ៥១ ក្នុងឆ្នាំ ២០១២ ដល់ ១៨១ ក្នុងឆ្នាំ ២០២២ នេះ។

ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំរបស់ខ្លួន ស៊ីប៊ីស៊ី ក៏បានរៀបចំវេទិកាពិភាក្សាស្ដីពី «ហានិភ័យឥណទានក្នុងភាពមិនច្បាស់លាស់ និងការរំខានផ្នែកឌីជីថល»។ បណ្តាអ្នកដឹកនាំជាន់ខ្ពស់មកពីឧស្សាហកម្មហិរញ្ញវត្ថុ បានចែករំលែកនូវ ចំណេះដឹង និងការយល់ឃើញរបស់ពួកគេលើការវិវត្ត និងការសម្របខ្លួននៃទីផ្សារឥណទាន ចំពេលមានវិបត្តិ និងភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ច តាមរយៈការប្រើបច្ចេកវិទ្យាឈានមុខ។
សព្វថ្ងៃនេះ ស៊ីប៊ីស៊ី បានបើកដំណើរការឧបករណ៍វិភាគទិន្នន័យ ដែលជំរុញឱ្យមានប្រព័ន្ធអេកូឡូស៊ី ក្នុងការធ្វើការសម្រេចចិត្ត លើកកម្ពស់ ការគ្រប់គ្រងហានិភ័យឥណទានតាមរយៈបច្ចេកវិទ្យានៃអាជីវកម្មឆ្លាតវៃ ការវិភាគទិន្នន័យ និងដំណោះស្រាយការវិភាគព្យាករណ៍ សម្រាប់ ការវាយតម្លៃសំណើសុំប្រាក់កម្ចី ការត្រួតពិនិត្យផលប័ត្រ និងការវិភាគយុទ្ធសាស្ត្រ។ បន្ទាប់ពីបានបើកដំណើរការ សេវាវិភាគទិន្នន័យជំនាន់ថ្មី (DAR) និង ពិន្ទុ ខេ ស្ករ (K-Score) ក្នុងឆ្នាំ ២០២០ កន្លងទៅ ស៊ីប៊ីស៊ី បានដាក់ឱ្យដំណើរការនូវដំណោះស្រាយ ផែនទីហានិភ័យឥណទាន ដំបូងបង្អស់នៅកម្ពុជា សម្រាប់សមាជិកទាំងអស់របស់ខ្លួន។
ក្នុងពិធីលៀងសាយភោជនពេលល្ងាច នៃកម្មវិធីអបអរសាទរខួប ១០ ឆ្នាំនេះ ធនាគារជាតិនៃកម្ពុជា បានប្រគល់ប័ណ្ណសរសើរ ជូនដល់ ស៊ីប៊ីស៊ី សម្រាប់ការចូលរួមចំណែករបស់ខ្លួន ក្នុងការគ្រប់គ្រងហានិភ័យឥណទាន តម្លាភាពទីផ្សារឥណទាន និងបរិយាបន្នហិរញ្ញវត្ថុ។ ក្នុងអំឡុងពេលនៃកម្មវិធីដ៏ពិសេសនេះ ស៊ីប៊ីស៊ី ក៏បានប្រគល់ប័ណ្ណសរសើរដល់គ្រឹះស្ថានហិរញ្ញវត្ថុជា ជាសមាជិកដៃគូចំនួន ១០ ដែលប្រតិបត្តិការប្រកបដោយឧត្តមភាព ផ្នែកគុណភាពទិន្នន័យ ការរួមចំណែកទិន្នន័យ ការសហការក្នុងឧស្សាហកម្ម និងនវានុវត្តន៍ទិន្នន័យ។


លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា៖ «ការនាំយក ព័ត៌មានឥណទានបុគ្គល និងអាជីវកម្មទាំងអស់ ដែលស្ថិតនៅក្រោមប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយ ការទទួលខុសត្រូវ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព គឺជាការប្តេជ្ញាចិត្តដ៏សំខាន់មួយនៅក្រោមចក្ខុវិស័យ និងបេសកកម្មរបស់ ស៊ីប៊ីស៊ី។ នៅពេលយើងឈានជើងចូលទៅក្នុងទសវត្សបន្ទាប់ ស៊ីប៊ីស៊ី សង្ឃឹមថានឹងអនុញ្ញាតឱ្យមានក្របខណ្ឌរបាយការណ៍ ឥណទានឆ្លងព្រំដែន ដើម្បីបើកលទ្ធភាពទទួលបានហិរញ្ញវត្ថុដោយគ្មានព្រំដែនភូមិសាស្ត្រ។ យើងជឿជាក់ថានៅក្នុងប៉ុន្មានឆ្នាំខាងមុខ ស៊ីប៊ីស៊ី អាចទាញយក ប្រភពទិន្នន័យជំនួសជាច្រើន តាមរយៈការសហការជាមួយប្រព័ន្ធ សេវាទឹកភ្លើង ទូរគមនាគមន៍ និងក្រុមហ៊ុនទូទាត់ ប្រាក់ផ្សេងៗ។»
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី បានលើកឡើងថា៖ «ក្នុងអំឡុងពេលនៃការធ្វើដំណើរ រយៈពេល ១០ ឆ្នាំកន្លងមកនេះ យើងបានផ្តល់ជូននូវការរាយការណ៍ និងហេដ្ឋារចនាសម្ព័ន្ធវិភាគដ៏ទំនើប និងសុវត្ថិភាពដល់ស្ថាប័នហិរញ្ញវត្ថុ ជាសមាជិករបស់យើង ដើម្បីធ្វើឱ្យទីផ្សារឥណទានដំណើរការប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ចក្ខុវិស័យរបស់យើង សម្រាប់ទស្សវត្សក្រោយ គឺធ្វើឱ្យបរិយាកាសធ្វើការសម្រេចចិត្តគ្មានការរង្កៀសចិត្តដល់សមាជិករបស់យើង ដោយគ្រាន់តែចុចម្រាមដៃរបស់ខ្លួន ដោយប្រើទិន្នន័យ និងបច្ចេកវិទ្យាដែលមានស្រាប់។»
ជាមួយគ្នានេះ ស៊ីប៊ីស៊ី មានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសង្គម និងប្រជាជន។ ក្នុងឱកាសគម្រប់ខួប ១០ ឆ្នាំនេះ ស៊ីប៊ីស៊ី បានបើក ដំណើរការកម្មវិធីអាហារូបករណ៍ស៊ីប៊ីស៊ី (CBC Scholarship Scheme) ជាកិច្ចសហការលើកដំបូងផ្នែកឧស្សាហកម្ម -វិស័យអប់រំ ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីរៀបចំការងារ នាពេលអនាគត សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ដ្រទិន្នន័យ សេដ្ឋកិច្ច និងគ្រប់គ្រង។ លើសពីនេះ កម្មវិធីនវានុវត្តន៍ បុគ្គលិករបស់ ស៊ីប៊ីស៊ី គឺជាវេទិកាបើកចំហ ឱ្យបុគ្គលិករបស់ខ្លួនរួមចំណែកចែករំលែកគំនិត សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍន៍របស់ ក្រុមហ៊ុន ដែលបច្ចុប្បន្នកំពុងដំណើរការក្នុងឆ្នាំទីពីរហើយ៕




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង