Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ផ្ញើ​សារ​លិខិត​ថ្លែង​អំណរ​ព្រះរាជគុណ​ព្រះមហាក្សត្រ​ ​ប្រោស​ព្រះរាជទាន​កោត​សរសើរ​ ​ក្នុង​ឱកាស​ទទួល​បាន​តំណក់​ប្រេង​លើក​ដំបូង​ ចំ​ថ្ងៃ​ខួប​អនុស្សាវរីយ៍​លើក​ទី២២ នៃ​នយោបាយ​ឈ្នះឈ្នះ​

បានផុស

នៅ

ភ្នំពេញ ៖ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេច​អគ្គ​មហាសេបតី​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​សារលិខិត​ថ្លែង​អំណរ​ព្រះរាជ​គុណ​ប្រកបដោយ​បីតិ​សោមនស្ស​រីករាយ ជា​អនេកប្បការ ថ្វាយ​ព្រះករុណា​ថ្លៃ​វិសេស ដែល​ព្រះអង្គ​ទ្រង់​ស្ដេច​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​នូវ​ការ កោតសរសើរ និង​ប្រទាន​ព្រះ​ពរ​លើកទឹកចិត្ត​ដល់​ទូលព្រះបង្គំជាខ្ញុំ នា​ឱកាស​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ២២ នៃ​ការអនុវត្ត​ដោយ​ជោគជ័យ នយោបាយ​ឈ្នះ ឈ្នះ គាប់​ជួន​នឹង​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​តំណក់​ប្រេង​ជា​លើក​ដំបូង​។

នៅ​ក្នុង​សារ​លិខិត​របស់​សម្តេចតេជោ បាន​មាន​ប្រសាសន៍​ថា “ស្ថិតក្នុង​វរោកាស​ប្រកបដោយ​មោទនភាព​ជាតិ​ដ៏​ខ្ពង់ខ្ពស់​ជា​អតិបរមា​នេះ ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះ​បរម រាជានុញ្ញាត​សាជាថ្មី ដើម្បី​បញ្ជា​ក់នូវ​សក្ខីកម្ម​ជា​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​មហា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ធំធេង​ជាច្រើន​ឥត​គណនា​ដោយ​ព្រះ​តេជានុភាព ពិសេស​ចាប់តាំងពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់​ស្ដេច​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​ជា​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្មីៗ​នេះ​ទៀត ជោគ​លាភ​ប្រត្យក្ស​បំផុត​នោះ គឺ​ការទទួលបាន​ដំណក់​ប្រេង​លើកដំបូង ជាការ​ចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុងការ​អភិវឌ្ឍន៍​លើ​វិស័យ​ឧស្សាហកម្ម​ប្រេងកាត​ដែលជា​សក្តានុពល​សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​រីកចម្រើន​និង​ជឿនលឿន​ជា​បន្តបន្ទាប់​ទៀត”​។

ជាថ្មី​ម្តង​ទៀត ទូលព្រះបង្គំជាខ្ញុំ​និង​ភរិយា សូម​លំឱនកាយ​ក្រាប​ថ្វាយ​ព្រះ​សព្ទសាធុការពរ​មហាប្រសើ​រ សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់​ស្ដេច​ព្រះ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទីគោរព​សក្ការៈ ទ្រង់​ស្ដេច​ប្រោស​ព្រះរាជ​មេត្តា​ទទួល​នូវ​អភិវន្ទន​កិច្ច និង​កតញ្ញូតាធម៌​ដ៏​ខ្ពង់ខ្ពស់ បំផុត​អំពី​ទូលព្រះបង្គំជាខ្ញុំ​។​

សូម​បញ្ជាក់ថា ​ព្រះ​ករុណា​ ​ព្រះបាទ សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី ​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​ផ្ញើ​ព្រះ​រាជសារ​ជូន​ សម្តេច​តេជោ ហ៊ុន សែន សម្តែង​ព្រះ​ទ័យ​រីករាយ និង​អបអរ​ចំពោះ សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ “តំណក់​ប្រេង​លើក​ដំបូង​” របស់​កម្ពុជា ដែល​កម្ពុជា​បាន​ទទួល​ចំ​ថ្ងៃខួប​២២ឆ្នាំ នៃ​ការ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះឈ្នះ។

​ក្នុង​ព្រះរាជសារ​ ទ្រង់​មាន​ព្រះបន្ទូលថា “ខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ សូម​ចូលរួម​អបអរសាទរ​សមិទ្ធផល​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​តំណក់​ប្រេង​លើកដំបូង ស្រប​ពេល​ថ្ងៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​២២ នៃ​ការអនុវត្ត​ដោយ​ជោគជ័យ​នយោបាយ​ឈ្នះ ឈ្នះ របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​សន្តិភាព ពេញបរិបូរណ៍ និង​ឯកភាព​ជាតិ​ដ៏​ពេញលេញ”។

​ព្រះមហាក្សត្រ​ជីវិត​តម្កល់​លើ​ត្បូង ទ្រង់​បាន​ចាត់ទុកថា ការ​ទទួលបាន​តំណក់​ប្រេង​លើកដំបូង​នេះ ជាការ​ចាប់ផ្តើម​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​ប្រេងកាត ដែលជា​សក្តានុពល​មួយ នាំឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​រីកចម្រើន និង​ជឿនលឿន​ជា​បន្តទៀត​។​

​ព្រះអង្គ​បាន​កោតសរសើរ​ដ៏​កក់ក្តៅ​ចំពោះ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេសជាតិ ប្រកបដោយ​គុណបំណាច់​ដ៏​ថ្លៃថ្លា វីរភាព​ដ៏​ឧត្តុង្គឧត្តម និង​ជា​អគ្គម​គ្គុ​ទេស​ក៏​ដ៏​ឆ្នើម ដឹកនាំ​ប្រទេស​ប្រកបដោយ​គតិបណ្ឌិត ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខ​សន្តិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ជាតិ រីកចម្រើន​លើ​គ្រប់​វិស័យ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម