ព័ត៌មានជាតិ
កម្ពុជា នឹងរៀបចំ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ អមជាមួយកិច្ចប្រជុំកំពូលអាស៊ាន នៅខែវិច្ឆិកា ខាងមុខនេះ
កម្មវិធីដ៏ធំមួយ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទី១ របស់ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើង អមជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះនោះគឺ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។
កម្មវិធីពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022: CTX 2022) នេះនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (Venue 1) និង Factory Phnom Penh (Venue 2) ក្រោមការដឹកនាំរៀបចំ និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទទួលបានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
បើយោងតាម សេចក្ដីប្រកាសព័ត៌មានដែលកម្ពុជាថ្មីទទួលបាន កម្មវិធីពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ មានគោលបំណង បង្កើតថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បី៖
1. កៀរគររដ្ឋសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
2. បង្ហាញអំពីវឌ្ឍនភាពគោលនយោបាយ និងក្របខណ្ឌគតិយុត្ត ជាពិសេសផលិតផលនិងសេវាបច្ចេកវិទ្យានានា។
3. ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផលនិងទាក់ទាញ ព្រមទាំងចាប់យកឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា។
4. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងធុរកិច្ចបច្ចេកវិទ្យាថ្មី សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្ម និងវិនិយោគ។
5. ចាប់យកសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
6. លើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួម ក្របខណ្ឌ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍រួម ជាដើម។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់ចំណាប់អារម្មណ៍ចំពោះ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ថា ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ គឺជាកម្មវិធីដែលរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ក៏ដូចជាដើម្បីបង្កើតបណ្តាញទំនាក់ទំនងនិងទាញយកចំណាប់អារម្មណ៍អ្នកវិនិយោគខាងក្រៅប្រទេស ឱ្យងាកសម្លឹងមកកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានផងដែរ។ នេះជាការបោះជំហានសម្រាប់ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដែលមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៦។ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរៀបចំនិងជំរុញប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបានដាក់ចេញនូវគោលនយោបាយនិងផែនទីបង្ហាញផ្លូវជាបន្តបន្ទាប់ មានជាអាទិ៍៖ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអប់រំ និងផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល ព្រមទាំងគ្រោងនឹងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់បច្ចេកវិទ្យាអាទិភាពមួយចំនួនទៀត ដែលបម្រើដល់សេដ្ឋកិច្ចនិងសង្គមកម្ពុជាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផងដែរ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សង្ឃឹមថាប្រជាជនកម្ពុជា សហគ្រិន និងវិនិយោគិន ជាច្រើននឹងទទួលបានប្រយោជន៍ពីគំនិតនៃការផ្តួចផ្តើមទាំងនេះ។
ចំណែក លោក កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានឲ្យដឹងដែរថា ដើម្បីឆ្លើយតប និងចូលរួមធ្វើឱ្យបានសម្រេចនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ និងក្របខណ្ឌផែនការយុទ្ធសាស្ត្រ រួមទាំងក្របខណ្ឌគតិយុត្តិមួយចំនួនទៀត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននឹងកំពុងប្រឹងប្រែងរៀបចំនិងជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រព័ន្ធនវានុវត្តន៍ជាតិ ដើម្បីធានាបានថាកម្ពុជានឹងក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ជាមួយគ្នានេះ លោក ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្នុងនាមអគ្គនាយកដ្ឋានទទួលបន្ទុកសម្របសម្រួលរៀបចំកម្មវិធី បានមានប្រសាសន៍ថា យន្តការសហការយ៉ាងស្អិតរមួតរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាគន្លឹះដើម្បីជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យមានការរីកចម្រើនឆាប់រហ័ស។ ហេតុនេះ ខ្ញុំបាទសូមស្នើនិងសូមគោរពអញ្ជើញដល់ សាធារណជន វិស័យឯកជនដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ចូលរួមឱ្យបានច្រើនកុះករក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជានាពេលខាងមុខនេះ ដើម្បីទទួលបានពុទ្ធិ ចំណេះដឹង ជាពិសេសស្រូបទាញយកនូវឱកាសនៃពង្រីកបច្ចេកវិទ្យារបស់ខ្លួន ក៏ដូចជាឱកាសនៃការវិនិយោគតាមវិស័យទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងអញ្ជើញធ្វើជាអធិបតីបើកសម្ពោធជាផ្លូវការនូវ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ កម្មវិធីនេះ ក៏នឹងមានការចូលរួមពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន តំណាងមកពីលេខាធិការដ្ឋានអាស៊ាន ឯកអគ្គរាជទូតប្រចាំនៅកម្ពុជានៃប្រទេសតំបន់អាស៊ាននិងអាស៊ានបូក ដៃគូអភិវឌ្ឍន៍និងដៃគូសន្ទនាជាតិនិងអន្តរជាតិ វាគ្មិនជំនាញជាតិនិងអន្តរជាតិ វិស័យឯកជនជាតិនិងអន្តរជាតិ។ ជាការរំពឹងទុក កម្មវិធីនេះនឹងមានការដាក់ស្តង់ពិព័រណ៍សរុបប្រមាណ ៤០០ ស្តង់ និងសង្ឃឹមថានឹងមានអ្នកចូលរួមប្រមាណ ៦០, ០០០ នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិកនិងយានយន្ត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីបច្ចេកវិទ្យា ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ