ព័ត៌មានជាតិ
កម្ពុជាឈានទៅបង្កើតច្បាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)
កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធលើការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) សម្រាប់ធ្វើជាក្រឹតក្រមគតិយុត្ត ដើម្បីបម្រើដល់ការគ្រប់គ្រងយានដែលគ្មានមនុស្សបើកនៅកម្ពុជា។

លោក ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ វិស័យអាកាសយានគ្មានមនុស្សបើក(ដ្រូន) នេះ មានការរីកដុះដាលយ៉ាងខ្លាំង ហើយចំពោះការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ក៏មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័យនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលលោករួមទាំងតំបន់ផងដែរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម សេវាកម្មដឹកជញ្ជូន វិស័យកសិកម្ម វិស័យសីល្បៈកម្សាន្ត ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការងារជួយសង្គ្រោះជាដើម។
នៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ប្រទេសភាគច្រើនទាំងនៅក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ី បានប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឆ្លើយតបលើដំណាំបាញ់ថ្នាំសម្លាប់សត្វល្អិត ថតពិនិត្យលើផលដំណាំ ដែលនាំឱ្យចំណេញពេលវេលា និងមិនបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស។ ក្រៅពីនេះនៅមានផលប្រយោជន៍ជាច្រើនផ្សេង ដូចជាការជួយសង្គ្រោះជីវិតមនុស្សសត្វ នៅពេលមានអគ្គិភ័យកើតឡើង ឬមានបាតុភូតធម្មជាតិផ្សេងៗ។

យ៉ាងណាមិញ បើទោះបីជាអាកាសយានគ្មានមនុស្សបើក (ដ្រូន) មានសារៈសំខាន់ជាច្រើន ផ្ទុយទៅវិញគេក៏អាចប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន សម្រាប់ប្រព្រឹត្តអំពើភេរវកម្ម ឬបទល្មើសនានា ដូចជាការដាក់គ្រឿងបំផ្ទុះ ឬឧបករណ៍លួចថតឆ្លប់យកការណ៍ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ហេតុនេះ ដើម្បីធានាដល់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យការប្រើប្រាស់បានត្រឹមត្រូវ និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិតម្រូវឱ្យមានច្បាប់ ឬលិខិបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។
លោក ប៊ុន ហុន បានឲ្យដឹងបន្ថែមថា បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជានៅពុំទាន់មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននៅឡើយទេ បើប្រៀបធៀបទៅបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែលមានច្បាប់គ្រប់គ្រងរួចហើយ។
ក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះ បានដឹកអង្គភាពពាក់ព័ន្ធធ្វើការសិក្សាស្រាវជ្រាវនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើការគ្រប់គ្រង ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ពីបណ្តាប្រទេសជាច្រើននៅតំបន់អ៊ឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ី ដូចជានៅប្រទេស ជប៉ុន ចិន សឹង្ហបុរី ថៃ និងវៀតណាមជាដើម ដើម្បីធ្វើជាមូលដ្ឋាននៅក្នុងការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឡើង ក្នុងគោលបំណងគ្រប់គ្រងការប្រើប្រាស់នូវអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យបានត្រឹមត្រូវក្នុងបទដ្ឋានបច្ចេកទេស ធានាបានផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
បើតាមលោករដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យ អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូននេះ បានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងគ្រប់គ្រងការចុះបញ្ជី ការនាំចូល ការផលិត ការតម្លើង ការកែច្នៃ ការកំណត់តំបន់ហាមឃាត់នូវការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ទាំងអស់ លើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក។
សេចក្តីព្រាងអនុក្រឹត្យនេះត្រូវបានក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាជាច្រើនលើករួចមកហើយទាំងអន្តរក្រសួង និងក្នុងក្របខណ្ឌផ្ទៃក្នុងក្រសួមហាផ្ទៃ ដែលបានប្រមូលយកនូវធាតុចូលពាក់ព័ន្ធជាច្រើន ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានសមស្រប និងមានវិសាលភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ