ព័ត៌មានជាតិ
ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តប៉ៃលិនបន្តជីករែងត្បូងលក់ ដើម្បីជីវភាព
(ប៉ៃលិន)៖ ពលរដ្ឋខេត្តប៉ៃលិនមួយចំនួន នៅតែបន្តការជីករុករករ៉ែត្បូង នៅតាមបណ្តាដងស្ទឹង និងដងអូរ ជារៀងរាល់ថ្ងៃ បើទោះបីជាត្បូងនៅក្នុងខេត្តប៉ៃលិន នាពេលបច្ចុប្បន្ន នៅសេសសល់តិចតួចយ៉ាងណាក្តី ។

លោក ចាន់ ប៊ុនធឿន អាយុ៤២ឆ្នាំ រស់នៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកបមុខរបរ ជីកត្បូងតាមដងអូរ មានការថយចុះ ដោយសារតែរ៉ែត្បូង កាន់តែក្រខ្សត់ទៅៗ និងមិនសំបូរដូចពីមុន ហើយដីភាគច្រើន ជាកម្មសិទ្ធិឯកជន មិនអនុញ្ញាតឱ្យជីកកកាយនោះទេ ។ ក្រោយពីសម្រាកពីការងារធ្វើស្រែចម្ការ និងអ្នកដែលគ្មានដីធ្លី គឺនៅតែបន្តរុករកកំទេចរ៉ែត្បូងលក់ជារៀងរាល់ថ្ងៃ ហើយមានកុងសែ (ឈ្មួញ) ចូលទៅទិញដល់ទីតាំងតែម្តង ដើម្បីយកទៅច្នៃ សម្រាប់ធ្វើជាគ្រឿងអលង្ការ លក់បន្តឱ្យភ្ញៀវទេសចរចេញចូលក្នុងខេត្តប៉ៃលិន ។
ប្រជាពលរដ្ឋដដែលបន្តថា ការប្រកបរបរជីកដី រករ៉ែត្បូងមួយចំនួនធំ ត្រូវបានបោះបង់ចោល ដោយផ្លាស់ប្តូរ ទៅរកការប្រកបមុខរបរ ធ្វើស្រែចម្ការជំនួសវិញ ។ បច្ចុប្បន្ននេះ ពួកគាត់មានគ្នាតិចតូចបំផុត ដែលកំពុងធ្វើសកម្មភាពរែងត្បូងដោយដៃ នៅខេត្តប៉ៃលិន ដែលបញ្ហានោះហើយ នាំឱ្យតម្លៃទីផ្សារ ត្បូងប៉ៃលិនមានការឡើងខ្ពស់ជាងមុនបន្តិច ។ ត្បូងដែលល្អជាងគេនៅក្នុងចំណោមត្បូងនានាទូទាំងប្រទេសកម្ពុជា មានពីរប្រភេទ គឺត្បូងទទឹម (ពណ៌ក្រហម) និងត្បូងកណ្តៀង (ពណ៌ខៀវ) ដែលទទួលស្គាល់នៅលើពីភពលោកផងដែរ ។ ទោះបីជាយ៉ាងណា បច្ចប្បន្ននេះត្បូងប៉ៃលិន មិនសំបូរដូចកាលពីមុននោះទេ ។ ការរែងត្បូង របស់ពួកគាត់ បានចំនួនតិចតួចបំផុត ហើយមានតែត្បូងតូចៗ ប៉ុណ្ណោះ ។

លោក ចំណាន ហៅចយ ជាកុងសែ បានរៀបរាប់ថា តម្លៃត្បូងខេត្តប៉ៃលិន បច្ចុប្បន្ន មានហាងឆេងខ្ពស់ជាងមុន ដោយសារត្បូងមិនសូវមាន ពោលគឺភាគច្រើនពួកគាត់ទិញ បានពីអ្នករែងត្បូងនៅតាមដងស្ទឹង ។ លោកបន្តទៀតថា ឥឡូវនេះ មានគ្រាប់ត្បូងតូចៗ ប៉ុណ្ណោះ តែបើសិនជាចង់បានគ្រាប់ត្បូងធំៗ ហើយភ្ញៀវកម្មង់ទិញ គឺគាត់ទៅយកពីប្រទេសថៃមកវិញ ពីព្រោះជនជាតិថៃបានទិញ និងចូលមកជីកកកាយរុករករ៉ែត្បូងពីប៉ៃលិន បានច្រើនកាលពីមុនសម័យសង្គ្រាម។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន បានឱ្យដឹងថា ការធ្វើអាជីវកម្មរ៉ែត្បូងមានការធ្លាក់ចុះ មានប្រជាពលរដ្ឋមួយចំនួនតូចនាំគ្នាប្រកបមុខរបរនេះ ដោយដៃជាលក្ខណ:គ្រួសារ ។ លោកបន្តថា ការជីករករ៉ែត្បូងនៅខេត្តប៉ៃលិន មិនសូវមាននោះទេ ប៉ុន្តែគេមិនទាន់វាយតម្លៃបានថា រ៉ែត្បូងនៅខេត្តប៉ៃលិន អស់ឬនៅច្រើននោះទេ ព្រោះវាជាធនធានធម្មជាតិនៅក្នុងដី និងអាចមាននៅក្នុងតំបន់ព្រៃភ្នំមួយចំនួន ព្រោះមិនទាន់មានក្រុមហ៊ុនណាមួយមកសិក្សាស្រាវជ្រាវនៅឡើយទេ ។
សូមបញ្ជាក់ថា ប៉ៃលិន ជាខេត្ត នៅជាប់នឹងព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភាគពាយព្យ នៃប្រទេសកម្ពុជា ជាតំបន់ខ្ពង់រាប ត្រូវបានគេចាត់ទុកជាខេត្ត ដែលសំបូរទៅ ដោយធនធានរ៉ែធម្មជាតិ ជាច្រើនប្រភេទ ពិសេសខេត្តនេះ ត្រូវបានគេហៅឈ្មោះថាជា «ខេត្តត្បូងពេជ្រ»៕ អត្ថបទ សេង សុវណ្ណារិទ្ធ





-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង