ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជាកូនប្រសាព្រឹទ្ធាចារ្យវប្បធម៌ខ្មែរលោកតា ឆេង ផុន
លោកព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវជាឪពុកក្មេករបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបច្ចុប្បន្នគឺលោកស្រី ភឿង សកុណា។
ព្រឹទ្ធាចារ្យឆេង ផុន ជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ វិចិត្រសិល្បៈ និង ព័ត៌មានក្នុងទសវត្សន៍ឆ្នាំ៨០ ។ លោកព្រឹទ្ធាចារ្យ ជាស្ថាបនិកដ៏សំខាន់ម្នាក់ដែលជួយស្រោចស្រង់សិល្បៈវប្បធម៌ខ្មែរឲ្យរស់ឡើងវិញក្រោយឆ្នាំ ១៩៧៩ និងទទួលបានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់កម្ពុជាជាទេពបញ្ញាកោសល្យវិជ្ជា ដែលប្រទានដោយព្រះមហាក្សត្រ។

តើរដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ដែលជាកូនប្រសាលោកព្រឹទ្ធាចារ្យ ឆេង ផុន មានប្រវត្តិបែបណា?
ក្រុមគ្រួសារ
លោកស្រីភឿង សកុណា កើតនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ១៩៥៩ ក្នុងគ្រួសារអ្នករាជការដែលមានស្រុកកំណើតនៅខេត្តពោធិសាត់ និងមានស្វាមីក្នុងត្រកូលជាន់ខ្ពស់ផងដែរ។ លោកស្រីជាអ្នកសិក្សា វិស្វករ និងអ្នកនយោបាយខ្មែរនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។
ប្រវត្តិសិក្សា
ក្រោយបែករបបប៉ុលពតឆ្នាំ ១៩៧៩ លោកស្រី ភឿង សកុណា បានសិក្សានៅវិទ្យាល័យភ្នំដូនពេញ។ ជាសិស្សពូកែមួយរូប លោកស្រីទទួលបានអាហារូបករណ៍សិក្សានៅសហភាពសូវៀតរយៈពេល ៦ ឆ្នាំ ផ្នែកវិស្វករគីមីឧស្សាហកម្ម និងបរិញ្ញាជាន់ខ្ពស់ និងបណ្ឌិតពីប្រទេសបារាំងផ្នែកសុវត្ថិភាពចំណីអាហារ។
-ឆ្នាំ ២០០២ ៖ បណ្ឌិតផ្នែកចំណីអាហារ និងមីក្រូជីវវិទ្យាពីសាកលវិទ្យាល័យ Burgundy ប្រទេសបារាំង
-ឆ្នាំ ១៩៨៧៖ អនុបណ្ឌិតវិទ្យាសាស្ត្រវិស្វកម្មពីវិទ្យាស្ថាន Gubkhine នៅទីក្រុងមូស្គូ សហភាពសូវៀត
-ឆ្នាំ ១៩៨៦៖ សញ្ញាប័ត្រវិស្វកម្មគីមីនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ១៩៨១៖ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ
បទពិសោធន៍ការងារ
ពេលវិលត្រឡប់ក្រោយបញ្ចប់ការសិក្សានៅក្រៅប្រទេស លោកស្រីបានចូលទៅបម្រើការងារនៅក្រសួងឧស្សាហកម្ម ជាបុគ្គលិកទទួលខុសត្រូវផ្នែកបទដ្ឋានឧស្សាហកម្មធុនស្រាល។ ដោយមានចំណង់ចំណូលចិត្តស្រឡាញ់ការងារជាគ្រូបង្រៀនតាំងពីនៅកុមារភាព លោកស្រីបានសុំផ្ទេរទៅធ្វើជាគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជាលើមុខជំនាញ រូបវិទ្យា គីមីវិទ្យា និងមីក្រូជីវវិទ្យា។

តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងសមត្ថភាពផ្ទាល់ខ្លួន រួមផ្សំជាមួយស្មារតីទទួលខុសត្រូវក្នុងការងារ និងមានទំនាក់ទំនងល្អយ៉ាងទូលំទូលាយជាមួយនិស្សិត និងមជ្ឈដ្ឋានជុំវិញខ្លួន លោកស្រី បានឡើងតួនាទីពីគ្រូបង្រៀនរហូតក្លាយទៅជានាយិកាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នៅឆ្នាំ២០០៨ លោកស្រីបានទទួលតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងត្រូវបានប្រមុខរដ្ឋាភិបាលតែងតាំងជារដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈនាឆ្នាំ២០១៣។
-ឆ្នាំ ២០១៣៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
-ឆ្នាំ ២០០៨៖ ប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-ឆ្នាំ ២០០៨-២០១៣៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
-២០០៣-២០០៨៖ នាយិកាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-២០០០-២០០៣៖ នាយករង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-១៩៩៤-២០០០: ព្រឹទ្ធបុរសមហាវិទ្យាល័យវិស្វកម្មគីមី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
-១៩៩១-១៩៩៤: សាស្ត្រាចារ្យ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
ឆ្នាំ ១៩៨៧-១៩៩១៖ បុគ្គលិកក្រសួងឧស្សាហកម្ម
សមិទ្ធផលការងារ
ក្នុងតួនាទីដឹកនាំនៅក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា បានខិតខំប្រឹងប្រែងលើការការពារអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ។ ក្នុងនោះបានធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីទាមទារវត្ថុបុរាណខ្មែរដែលកាន់កាន់និងជួញដូរដោយខុសច្បាប់ត្រឡប់មកប្រទេសកំណើតវិញ។ ក្រសួងបានសិក្សាស្រាវជ្រាវចងក្រងបោះពុម្ភឯកសារ អំពីសិល្បៈវប្បធម៌ខ្មែរសំខាន់ៗសម្រាប់ធ្វើជាក្បួនខ្នាតផ្សព្វផ្សាយដូចជា របាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែង និងឯកសារមរតកមនុស្សរស់។


សមិទ្ធផលសំខាន់ផ្សេងទៀតគឺការងារអភិរក្សនិងជួសជុលសំណង់បុរាណនានាមានប្រាសាទ ព្រះវិហារ ស្ពាន និងសំណង់បុរាណផ្សេងៗទៀត ដើម្បីថែរក្សាទុកជាមរតកកូនចៅជំនាន់ក្រោយ។
អ្វីជាមោទនភាពទៀត ក្រសួងវប្បធម៌ដែលមានលោកស្រី ភឿង សកុណាជារដ្ឋមន្រ្តីបានដឹកនាំក្នុងការនាំសម្បត្តិវប្បធម៌ជាតិទៅចុះនៅក្នុងបញ្ជីអង្គការយូណេស្កូ ដូចជាប្រាសាទសំបូរព្រៃគុក ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង និងល្ខោនខោល។
ជាមួយគ្នានេះ បានបន្តការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ដោយជំរុញការចុះបញ្ជី ពង្រឹងការគ្រប់គ្រងសិក្សាស្រាវជ្រាវ និងចងក្រងបង្កើតតម្លៃពីបេតិកភណ្ឌវប្បធម៌។

កាលពីឆ្នាំ ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានប្រែសម្រួលនិងរៀបរៀងសៀវភៅពីកំណត់ត្រារបស់អគ្គទេសាភិបាលបារាំង លោក ហ្សង់ មូរ៉ា ស្តីពីដំណើរបរបាញ់ និងប្រពាតព្រៃរបស់ព្រះមហាក្សត្រខ្មែរ ដែលមានចំណងជើងថា “ពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ អមដំណើរព្រះមហាក្សត្រកម្ពុជា និងរាជបរិពារ ឆ្នាំ ១៨៨២” ដើម្បីចូលរួមផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរបានស្វែងយល់បន្ថែម៕

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល