ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានកសិដ្ឋានចិញ្ចឹមជ្រូករបស់ប្រជាកសិករ នៅស្រុកចំនួន ៧
គិតត្រឹមខែ ០៩ ចាប់ពីដើមឆ្នាំ ២០២២ នេះ មានសត្វជ្រូកសរុប ៣៣.០៥៩ ក្បាល លើទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកសរុប ១៤ ទីតាំង លើស្រុកចំនួន ៧ ស្រុក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ នេះបើយោងតាមស្ថិតិដែល កម្ពុជាថ្មី ទទួលបានពីមន្ត្រី នៃមន្ទីរកសិកម្មខេត្ត។

បើតាមការអះអាងពីមន្ត្រី នៃមន្ទីរកសិកម្មខេត្ត ឲ្យដឹងថា ចំនួនសត្វជ្រូកខាងលើនេះ មិនអាចផ្គត់ផ្គង់តាមតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនបាននៅឡើយទេ។ ខាងមន្ទីរ ក៏បានលើកទឹកចិត្តឲ្យកសិករត្រូវបង្កើនការចិញ្ចឹមបន្ថែមទៀត ដើម្បីកាត់បន្ថយការនាំចូលខុសច្បាប់ណាមួយពីសំណាក់ឈ្មួញខិលខូចមួយចំនួន ដែលអាចនឹងបង្កឲ្យមានហានិភ័យចំពោះសុខភាពអ្នកបរិភោគទូទៅ។

លោក ហេង សិទ្ធ ប្រធានការិយាល័យស្ថិតិ នៃមន្ទីរកសិកម្មខេត្ត បានលើកឡើងថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន បើយើងមើលតាមទំហំ នៃការចិញ្ចឹមសត្វជ្រូករបស់កសិករតាមបណ្ដាស្រុកទូទាំងខេត្តបាត់ដំបង នៅមានការខ្វះខាតច្រើនក្នុងមួយឆ្នាំៗ។ ការខ្វះខាតនេះហើយ ទើបកន្លងមក មានក្រុមហ៊ុន CP ជួយនាំចូលបំពេញតាមតម្រូវការបន្ថែម។ ពីព្រោះជ្រូកមានចំនួនខាងលើដែលប្រជាកសិករចិញ្ចឹមនោះ មិនមែនយកមកតម្រូវការគ្រប់ចំនួននោះទេ គឺពួកគាត់បញ្ចេញខ្លះ ហើយមួយចំនួនទៀត ទុកដើម្បីបង្កាត់ពូជបន្តទៀត ជាហេតុធ្វើឲ្យមានកង្វះខាតច្រើនសម្រាប់ការបរិភោគប្រចាំថ្ងៃរបស់ប្រជាជន។

ស្រដៀងគ្នានេះដែរ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្ត បានលើកឡើងថា បច្ចុប្បន្នសាច់ជ្រូកក្នុងខេត្តបាត់ដំបងមិនទាន់គ្រប់គ្រាន់នៅឡើយទេ តាមតម្រូវការរបស់ប្រជាជន។ បើយើងគន់គូរប្រចាំថ្ងៃ យ៉ាងហោចណាស់ ក៏នៅខ្វះខាតជាង ៣ ម៉ឺនក្បាលទៀត ក្នុងមួយឆ្នាំៗ។ ខណៈបច្ចុប្បន្នយើងមានសត្វជ្រូកជាង ៥ ម៉ឺនក្បាលប៉ុណ្ណោះ ហើយការខ្វះខាតទាំងនេះ ក៏បានបង្វិលជុំពីតាមខេត្តផ្សេងមកជំនួសផងដែរ ទើបតម្លៃចេះតែកើនឡើងជាបន្តបន្ទាប់ តែក៏បានប្រសើរជាង ២ ឆ្នាំកន្លងទៅផងដែរ។

ពាក់ព័ន្ធការលើកឡើងរបស់ប្រភពទាំងពីរខាងលើ ដោយឡែក លោក ពេជ សារ៉ែម ប្រធានការិយាល័យពេទ្យសត្វខេត្ត បានឲ្យដឹងយ៉ាងខ្លីថា សព្វថ្ងៃមិនខ្វះទេសាច់ជ្រូក តែបើខ្វះ ក៏អាចនាំចូលមកពីខេត្តផ្សេងបានដូចជា ខេត្តពោធិ៍សាត់ កំពង់ស្ពឺ សៀមរាបជាដើម។

ទោះយ៉ាងណា ប្រហាក់ប្រហែលនឹងការលើកឡើងរបស់លោកប្រធានមន្ទីរកសិកម្មខេត្ត លោក វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានមានប្រសាសន៍ថា ក្រសួងធ្លាប់បានសិក្សាអំពីសេចក្ដីត្រូវការសាច់ជ្រូករបស់ពលរដ្ឋកម្ពុជា ដោយក្នុងនោះ សម្រាប់មនុស្សម្នាក់បរិភោគសាច់ជ្រូកជិត ១២ គីឡូក្រាម ក្នុងមួយឆ្នាំ នាំឲ្យប្រជាជនសរុបទាំង ១៦ លាននាក់ មានតម្រូវការសាច់ជ្រូកប្រហាក់ប្រហែលជាង ១ ម៉ឺនក្បាល ក្នុងមួយថ្ងៃ។ ក្រសួងកសិកម្ម មានតួនាទីសំខាន់ ៣ ដែលត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ គឺថា ឲ្យកាត់បន្ថយការនាំចូល ធ្វើយ៉ាងម៉េចបង្កើនសមត្ថភាព នៃការចិញ្ចឹមក្នុងស្រុកបន្ថែមទៀត។

លោកបន្តថា យោងតាមអនុសាសន៍នេះ ក្រសួង បានសិក្សាអំពីសេចក្ដីត្រូវការសាច់ជ្រូកនៅកម្ពុជា ដែលយើងបានដឹងទាំងអស់គ្នាថា ស្តង់ដាររបស់កម្ពុជានោះ គឺមានចំនួន ១១,៦ គីឡូក្រាម ក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំ។ យើងបានគុណនឹងប្រជាជន ១៦ លាននាក់ ហើយចែកនឹងជ្រូករស់មួយក្បាល ៥០ គីឡូក្រាម សេចក្ដីត្រូវការជ្រូកមួយថ្ងៃរបស់កម្ពុជា ត្រូវការប្រមាណជាង ១ ម៉ឺនក្បាល។

សម្រាប់ខេត្តបាត់ដំបង បច្ចុប្បន្ន មានកសិដ្ឋានចិញ្ចឹមសត្វជ្រូក លើស្រុកចំនួន ៧ ជ្រូកសរុប ៣៣.០៥៩ ក្បាល។ ស្រុកទាំងនោះរួមមាន ៖ ១-ស្រុកបាណន់មាន ៦ កសិដ្ឋាន , ២-ស្រុកថ្មគោលមាន ១ កសិដ្ឋាន ,៣-ក្រុងបាត់ដំបង ១ កសិដ្ឋាន , ៤-រតនៈមណ្ឌល ៣ កសិដ្ឋាន , ៥-ស្រុកសង្កែ ១ កសិដ្ឋាន , ៦-កំរៀង ១ កសិដ្ឋាន , និងទី៧-ស្រុកគាស់ក្រឡ ១ កសិដ្ឋាន៕
អត្ថបទ ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ