Connect with us

ព័ត៌មានជាតិ

នៅ​ថ្ងៃទី​២៦ ខែមករា ខាងមុខ តុលាការ​នឹង​កោះហៅ​លោក អ៊ី សាំង​ឡេង ដើម្បី​ចូល​បំភ្លឺ តាម​បណ្តឹង​របស់ គ​.​ជ​.​ប​

បានផុស

នៅ

លោក សោម សូ​រី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី នា​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ​នេះ​ថា តុលាការ​បាន​កោះហៅ​តំណាង គ​.​ជ​.​ប ចូល​បំភ្លឺ​លើ​ករណី​ប្ដឹង​លោក អី សាំង​លេង អនុប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) រួចហើយ កាលពី​ថ្ងៃទី​១៨ ខែធ្នូ កន្លងមក ហើយ​នៅ​ថ្ងៃទី​២៦ ខែមករា ខាងមុខ តុលាការ​នឹង​កោះហៅ លោក អី សាំង​លេង ទៅ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

គួររំលឹកថា កាលពី​ទី​៧ ខែធ្នូ ឆ្នាំ​២០២០ គ​.​ជ​.​ប បានដាក់​ពាក្យ​ប្តឹង​ឈ្មោះ អ៊ី សាំង​ឡេង ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយសារតែ​ឈ្មោះ​នេះ​បាន​លើកឡើងថា “​ច្បាស់​ណាស់ គ​.​ជ​.​ប មួយ​នេះ គឺជា​ចោរ ! គឺជា​ចោរ​បំផ្លាញ​ជាតិ​របស់​ពួកយើង​ដ៏​អាក្រក់​បំផុត ! គឺ​ពួកគេ​នេះហើយ ជា​អ្នកអនុវត្ត​ផែនការ​ចុះឈ្មោះ​មនុស្ស ដោយ​ខុសច្បាប់ ដើម្បី​ធានាថា បរទេស​នៅតែ​អាច​ត្រួតត្រា​ខ្មែរ​បាន​នោះ ! ភស្តុតាង​នេះ​វា​ច្បាស់​ជាង​ថ្ងៃ​ទៅទៀត​។ ខ្ញុំ​ថា​ពួកគេ គឺជា​ចោរ​បែបនេះ ចាំមើល​គេ​មាន​អ្វី​យកមក​បដិសេធ​ទៀត​មើល ! ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា “​ប្រជាពលរដ្ឋ​ខែ្មរ​មាន​សេរីភាព​ខាង​ការបញ្ចេញមតិ​របស់ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការបោះពុម្ពផ្សាយ សេរីភាព​ខាង​ការប្រជុំ​។ ជន​ណាក៏ដោយ មិនអាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ ដោយ​រំលោភ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់​ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ​”​។​
​កម្មវត្ថុ​នៃ​បណ្តឹង គឺ​ស្នើ​សុំឱ្យ​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​ចំនួន ៣ បទ​លើ្ម​ស រួមមាន​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ជេរប្រមាថ​ជា​សាធារណៈ​, ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។

បទ​ល្មើស​ខាងលើ​បាន​ប្រព្រឹត្ត​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​ទូរគមនាគមន៍​សោតទស្សន៍ ដោយ​ភ្ជាប់​ជាមួយ​សារ​ដែល​ធ្វើ​ឲ្យ​មាន​ការភាន់ច្រឡំ​នាំឱ្យ​បាត់បង់​ទំនុកចិត្ត​លើ​ស្ថាប័ន គ​.​ជ​.​ប ក៏ដូចជា​មកលើ​ការបោះឆ្នោត​។

លោក សោម សូ​រី​ដា តំណាងឱ្យ គ​.​ជ​.​ប នៃ​ការដាក់​បណ្តឹង​នេះ បាន​ថ្លែងថា ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​កំណត់​អំពី​ព្រំដែន​នៃ​សិទ្ធិ​នេះដែរ​ថា មិនត្រូវ​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ធ្វើឱ្យប៉ះពាល់​ដល់​បុគ្គល​ដទៃ និង​សង្គមជាតិ ក្នុងនោះ ប៉ះពាល់​ដល់​បុគ្គល​រួមមាន​ការប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព សិទ្ធិ​លំនៅឋាន និង​ការបរិហារកេរ្តិ៍​ផ្សេងៗ ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល​ដែល​បុគ្គល​នៅទីនេះ​រួមមាន​ទាំង​រូបវន្តបុគ្គល និង​នីតិបុគ្គល និង​ការប៉ះពាល់​ដល់​សង្គមជាតិ​ដូចជា ការប្រើ​សិទ្ធិ​នោះ​នាំឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ធ្ងន់ធ្ងរ ឬ​មាន​ចរិតលក្ខណៈ​ញុះញង់ ដែលនាំឱ្យ​បាត់បង់​នូវ​សន្តិសុខ​ជាតិ​។

បើតាម​លោក សោម សូ​រី​ដា ការ​ចែកចាយ​ព័ត៌មាន ឬ​បញ្ចេញមតិ​តាមរយៈ​បណ្តាញ​សង្គម ដោយ​ធ្វើ​ការអះអាង​បំផ្លើស ឬ​ការទម្លាក់​កំហុស​ដោយ​ទុច្ចរិត ដែលនាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស ឬ​កិត្តិសព្ទ​របស់​អ្នកដទៃ ឬ​ស្ថាប័ន​ណាមួយ​រួមទាំង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ដែលមាន​លក្ខណៈ​ញុះញង់​ឱ្យមាន​ការប្រព្រឹត្ត​អំពើហិង្សា ឬ​បង្ក​អសន្តិសុខ​ដល់​សង្គម​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម