ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ ៖ ការដោះស្រាយវិវាទការងារបានល្អ នាំឲ្យបញ្ហាកូដកម្ម បាតុកម្ម តាមរោងចក្រ មានការថយចុះខ្លាំង
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្ម តាមគ្រប់មុខសញ្ញា មានប្រសាសន៍ថា ការដោះស្រាយវិវាទការងារបានល្អ និងទាន់ពេលវេលា ធ្វើឲ្យបញ្ហាកូដកម្ម បាតុកម្មទាមទារតាមបណ្ដារោងចក្រ សហគ្រាស មានការថយចុះយ៉ាងខ្លាំង ដោយនៅសេសសល់វិវាទមួយចំនួនដែលហួសពីលទ្ធភាពដោះស្រាយរបស់យើង។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មតាមគ្រប់មុខសញ្ញា (គ.ក.ប) នៅទីស្ដីការក្រសួង កាលពីថ្ងៃទី ១២ តុលា លោករដ្ឋមន្ត្រី បានបន្តថា ការចូលរួមសម្រេចបានការងារដ៏ល្អកន្លងមករបស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មតាមគ្រប់មុខសញ្ញា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអន្តរាគមន៍ និងដោះស្រាយដល់ទីកន្លែងបានទាន់ពេលវេលានូវរាល់ទំនាស់ ឬវិវាទការងារ ដើម្បីធានាបាននូវការស្វែងរកដំណោះស្រាយជូនម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត ក៏ដូចជាធានាបានការផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗ ដែលបណ្ដាលមកពីវិវាទការងារ ឬករណីរោងចក្រក្ស័យធន ឬករណីម្ចាស់រោងចក្ររត់ចោលជាដើម ធ្វើឲ្យបញ្ហាកូដកម្ម បាតុកម្មទាមទារតាមបណ្ដារោងចក្រ សហគ្រាសថយចុះយ៉ាងខ្លាំង សេសសល់តែបញ្ហាខ្លះ ដែលការទាមទារកំពុងត្រូវបានដោះស្រាយ ឬបញ្ហាទាមទារខ្លះហួសពីលទ្ធភាពដោះស្រាយ ត្រូវរង់ចាំការសម្រេចពីតុលាការ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី ណែនាំឲ្យបន្តយកចិត្តទុកដាក់ បន្តតាមដានករណីរោងចក្រដែលព្យួរកិច្ចសន្យាការងារ ដើម្បីក្តាប់បានព័ត៌មានទាន់ពេលវេលា ករណីរោងចក្របិទទ្វារមិនដំណើរការ ឬម្ចាស់រត់ចោល។
លោករដ្ឋមន្ត្រី បន្តទៀតថា ចំពោះការដោះស្រាយករណីរោងចក្របិទទ្វារដោយម្ចាស់រត់ចោល ដើម្បីរឹបអូសទ្រព្យសម្បត្តិ លក់ឡាយឡុង បើកផ្តល់ជូនកម្មករនិយោជិត ឬទូទាត់សងថវិការដ្ឋ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវស្មារតីសេចក្ដីជូនដំណឹងលេខ ២៣៩ សជណ.អវ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ពិសេសត្រូវបន្តខិតខំអនុវត្តផែនការ និងបទបញ្ជាស្ដីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឆ្នាំ ២០២០-២០២៤ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យគណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវមានផែនការអនុវត្តក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបទប្បញ្ញត្តិពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ គ.ក.ប. គ្រប់ថ្នាក់ ដែលខិតខំសម្រេចការងារកន្លងមក ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ហើយបានចូលរួមធានាឲ្យមានប្រក្រតីភាពអាជីវកម្ម ផលិតកម្ម របស់រោងចក្រ សហគ្រាស ជាពិសេសក្នុងដំណាក់កាលដ៏លំបាក នៃការអនុវត្តវិធានការបិទខ្ទប់ ការដោះស្រាយជួយដល់បងប្អូនកម្មករនិយោជិត ទាំងការចូលរួមចាក់វ៉ាក់សាំង ទាំងពេលបងប្អូនកម្មករឆ្លងជំងឺកូវីដ -១៩ ត្រូវយកដាក់នៅមណ្ឌលចត្តាឡីស័ក បញ្ជូនទៅមណ្ឌលព្យាបាល ចុះទៅស្វែងរកអ្នកពាក់ព័ន្ធ ។ល។ លើសពីនេះ គឺខិតខំជួយដល់ថៅកែរោងចក្រ សហគ្រាស ហើយរក្សាបាននូវដំណើរការអាជីវកម្ម ផលិតកម្ម និងធានាឲ្យបងប្អូនកម្មករនិយោជិតអាចមានលទ្ធភាពទ្រទ្រង់ជីវភាពរស់នៅបាន៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា