ព័ត៌មានជាតិ
ក្រសួងព័ត៌មានកំពុងពិនិត្យលើករណីអ្នកកាសែតប្រើសម្តីមិនសមរម្យលើព្រះសង្ឃ គួរហៅមកអប់រំ ឬដកអាជ្ញាបណ្ណចោល
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់មក “កម្ពុជាថ្មី”ថា ក្រសួងកំពុងរៀបចំការត្រួតពិនិត្យលើករណីអ្នកសារព័ត៌មានដែលធ្វើការផ្សាយផ្ទាល់ជាវីដេអូ ដោយប្រើពាក្យសម្តីមិនសមរម្យ និងធ្វើការសន្មតអាការៈដោយខ្លួនឯង ដោយគ្មានភស្តុតាងលើសង្ឃអង្គនោះថា បែបថ្នាំ។ លោកថា ករណីនេះ អាចឈានដល់ការដកអាជ្ញាបណ្ណអង្គភាពសារព័ត៌មានរបស់អ្នកសារព័ត៌មាននោះតែម្តង។

កាលពីពេលថ្មីៗនេះ មានករណីព្រះសង្ឃមួយអង្គបានដួលសន្លប់នៅទីសាធារណៈ ត្រូវបានអ្នកសារព័ត៌មានធ្វើការផ្សាយវីដេអូផ្ទាល់ ដែលមានការសាកសួរ និងប្រើពាក្យសម្តីមិនសមរម្យ មួលបង្កាច់បង្ខូចដោយគ្មានភស្តុតាងពិតប្រាកដលើសង្ឃអង្គនោះ ធ្វើឲ្យមហាជន និងអ្នកសារព័ត៌មានមួយចំនួនមិនពេញចិត្តជុំវិញបញ្ហានេះ។
ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានអះអាងថា ក្រសួងនឹងចាត់វិធានការលើបញ្ហានេះ ដោយធ្វើការត្រួតពិនត្យ និងតាមដានដល់អ្នកសារព័ត៌មានរូបនោះថា មានចុះឈ្មោះក្នុងបញ្ជីស្របច្បាប់របស់ក្រសួងព័ត៌មាន ឬទេ? ក្រសួង ក៏បានធ្វើការត្រួតពិនិត្យពីខ្លឹមសារផ្សាព្វផ្សាយនៃវីដេអូនោះផងដែរ។ ក្នុងករណីដែលបុគ្គលនោះមានឈ្មោះក្នុងបញ្ជីក្រសួងព័ត៌មាន ខាងក្រសួងនឹងមានការកោះហៅ ណែនាំពីច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន ឲ្យស្របតាមច្បាប់សារព័ត៌មាន ឬ អាចឈានដល់ការដកអាជ្ញាបណ្ណសារព័ត៌មានចោលតែម្តង។

ដោយឡែក ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងព័ត៌មាន ក៏បានបើកឲ្យមានសិក្ខាសាលា និងមានវគ្គបណ្តុះបណ្តាលជាហូរហែរដល់អ្នកសារព័ត៌មានគ្រប់រូបឲ្យបានយល់ដឹងពីក្រមសីលធម៌ ក្បួនច្បាប់នានា តួនាទី និងគោលការណ៍របស់ខ្លួនដែលត្រូវធ្វើ។ ជាមួយគ្នានេះ ក៏មានអ្នកសារព័ត៌មានមួយចំនួនធំបានអនុវត្តន៍តាមយ៉ាងខ្ជាប់ខ្ជួន និងមានតែមួយចំនួនតូចប៉ុណ្ណោះដែលអនុវត្តន៍មិនបានត្រឹមត្រូវ។ ទោះបីជាយ៉ាងណា ក៏ក្រសួងនៅតែខិតខំប្រឹងប្រែងអប់រំដល់អ្នកសារព័ត៌មានបន្តទៀត ដើម្បីធ្វើការជំរុញដល់អ្នកសារព័ត៌មានគ្រប់រូបគោរពតាមគោលកាណ៍ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានសំណូមពរដល់អ្នកសារព័ត៌មានគ្រប់រូបគួរគោរពតាមភារកិច្ចអ្នកសារព័ត៌មានឲ្យបានល្អ និងត្រឹមត្រូវ ទាំងតួនាទី អាកប្បកិរិយា ទាំងការប្រើប្រាស់ពាក្យសម្តី កុំឲ្យមាននូវពាក្យពេចន៍មិនសមរម្យ ឬ ការជេរប្រមាថ ដែលធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
ចំណែក លោក ហ៊ុយ វណ្ណៈ ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាវិញ ក៏មានការមិនពេញចិត្ត និងឈឺចាប់ជាខ្លាំង ដែលអ្នកកាសែតមួយចំនួនបានប្រព្រឹត្ត និងរំលោភនូវក្រមសីលធម៌របស់ខ្លួនបែបនេះ ដែលធ្វើឲ្យជះឥទ្ធិពលមិនល្អដល់អ្នកសារព័ត៌មានឯទៀត ដូចសុភាសិតខ្មែរមួយ គឺត្រីមួយកន្ត្រក ស្អុយមួយ ស្អុយទាំងអស់។

លោក ហ៊ុយ វណ្ណៈ បានអះអាងប្រាប់មក “កម្ពុជាថ្មី” ថា ជាគោលការណ៍ អ្នកកាសែត គឺមិនអាចធ្វើការវិនិច្ឆ័យ ឬ កាត់ក្តីហេតុការណ៍អ្វីមួយដោយខ្លួនឯងបានឡើយ។ អ្នកកាសែត គឺមានតួនាទីដែលរាយការណ៍ពីការពិតដល់សង្គម និងមិនលំអៀង ធ្វើការផ្សព្វផ្សាយប្រកបដោយ ក្រមសីលធម៌ និងវិជ្ជាជីវៈ របស់ខ្លួន។
ទន្ទឹមនឹងនេះ លោកក៏បានមើលឃើញថា អ្នកសារព័ត៌មាននៅកម្ពុជា គឺហាក់មានការគោរពនូវតួនាទីរបស់ខ្លួនបានច្រើនជាងពីមុន បើធៀបជាមួយនឹងឆ្នាំកន្លងទៅ។ តែទោះជាយ៉ាងណា លោកបានអំពាវនាវឲ្យអ្នកសារព័ត៌មានកម្ពុជាគ្រប់រូប គួររៀនទទួលស្គាល់នូវកំហុសរបស់ខ្លួន និងកែតម្រូវនូវកំហុសឆ្គងឲ្យបានល្អ។ មួយវិញទៀត អ្នកកាសែត គួរអភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លា និងគោរពតាមគោលការណ៍របស់ខ្លួនជានិច្ច ព្រោះអ្នកសារព័ត៌មាន គឺជាបញ្ញវន្តមួយរូប ដែលប្រជាជនឲ្យតម្លៃ និងគោរព៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ