ព័ត៌មានជាតិ
ទឹកជំនន់កំពុងវាយលុកយ៉ាងខ្លាំងលើឃុំចំនួន៤ ក្នុងស្រុកថ្មគោល
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន៤ នៃស្រុកថ្មគោល កំពុងប្រឈមយ៉ាងខ្លាំងទៅនឹងជំនន់ទឹកភ្លៀង ដែលគេសន្និដ្ឋានថា អាចហូរធ្លាក់មកពីតាមបណ្ដាស្រុកមួយចំនួនក្នុងស្រុកបាណន់ ឬក៏ពីតំបន់អាងទឹកកំពីងពួយ ធ្វើអោយប្រជាពលរដ្ឋមួយចំនួនដែលលិចលង់ខ្លាំង ត្រូវបង្ខំចិត្តភៀសខ្លួនទៅកាន់ទីទូលសុវត្ថិភាពនាប៉ុន្មានថ្ងៃចុងក្រោយនេះ ។
ស្របពេលដែលទឹកជំនន់កំពុងយាយីលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះដែរ ទាំងអាជ្ញាធរស្រុក និងកម្លាំងសមត្ថកិច្ចស្រុកថ្មគោល បាននិងកំពុងតាមដានយ៉ាងដិតដល់អំពីការវិវឌ្ឍន៍នៃស្ថានភាពទឹកជំនន់នេះ ។

លោក ប៉ាង ផង់ អធិការស្តីទីស្រុកថ្មគោល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញនេះថា ដោយឡែកកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ដើម្បីរង់ចាំជួយសង្គ្រោះអោយទាន់ពេលវេលាចំពោះពលរដ្ឋដែលអាចរងគ្រោះធ្ងន់ធ្ងរ ។ លោកអធិការស្តីទី បានបន្តថា ស្រុកថ្មគោល បានរងសម្ពាធនូវទឹកជំនន់នេះរយៈពេលជិតមួយសប្ដាហ៍មកហើយ ដែលហូរធ្លាក់ពីតាមបណ្ដាស្រុកមួយចំនួននៅប៉ែកខាងលើ ជាពិសេសហូរមកពីស្រុកបវេល និងស្រុកបាណន់។

លោកអធិការបានបញ្ជាក់ថា បើតាមការពិនិត្យជាក់ស្ដែងនៅពេលនេះ មានឃុំចំនួន៤ ក្នុងចំណោមឃុំទាំង១០ នៅស្រុកថ្មគោល បាននិងកំពុងប្រឈមខ្លាំងជាងគេ ដែលឃុំទាំង៤នោះរួមមាន ឃុំអន្លង់រុន ឃុំបឹងព្រីង ឃុំជ្រៃ និងឃុំអូរតាគី។ ប៉ុន្តែឃុំអន្លង់រុន ហាក់ធ្ងន់ធ្ងរជាងគេ គឺលិចស្ទើរទាំងស្រុងតែម្ដង។
ដោយឡែក នៅខាងឃុំអូរតាគីវិញ បើតាមសេចក្ដីរាយការណ៍បានអោយដឹងថា មានប្រជាពលរដ្ឋប្រមាណជិត៣០គ្រួសារបាននាំគ្នាភៀសខ្លួនចេញពីលំនៅឋាន រួមទាំងសត្វពាហន:ផង ទៅកាន់ទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន។

លោក ប៉ាង ផង់ អធិការស្ដីទី ដែលកំពុងដឹកនាំកម្លាំងចុះត្រូតពិនិត្យតាមគោលដៅសំខាន់ៗ នៅក្នុងមូលដ្ឋាន បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ពេលនេះ ហាក់មិនទាន់មានការប្រែប្រួល ឬថយចុះនៅឡើយទេ។ ទឹកបានហក់ឡើងបន្ថែមទៀត នៅវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ធ្វើឲ្យជន់លិចលំនៅឋានប្រជាពលរដ្ឋស្ទើរគ្រប់ទីកន្លែង នៅក្នុងភូមិសាស្ត្រ ឃុំទាំង៤ខាងលើនេះ ។

លោកបានបន្ថែមថា បើនៅឃុំអន្លង់រុន វិញទឹកបានជន់លិចទាំងស្រុងតែម្ដង តែមិនទាន់មានការជម្លៀសពលរដ្ឋនៅឡើយទេ ដោយសារតែពលរដ្ឋទាំងនោះ អាចរស់នៅលើផ្ទះបាន តែកម្លាំងរបស់លោកបានដាក់ពង្រាយតាមគោលដៅរង់ចាំអន្តរាគមន៍ជួយពលរដ្ឋគ្រប់ពេលវេលា គឺទាំងយប់ទាំងថ្ងៃតែម្តង ។

ប្រជាពលរដ្ឋដែលបានភៀសខ្លួនចេញពីតំបន់ទឹកជំនន់នៅភូមិពពាលខែ ឃុំអូរតាគី បាននិយាយថា ពួកគាត់ជាង៣០គ្រួសារ បានជម្លៀសចេញពីផ្ទះរយៈពេលជិតមួយសប្ដាហ៍មកហើយ ដោយសារទឹកបានលិចត្រឹម ក និងលិចពាក់កណ្ដាលផ្ទះ ឯសត្វគោក្របីគ្មានស្មៅស៊ី មាន់ទា រកទ្រនំដេកមិនបាន ទើបពួកគាត់បង្ខំចិត្ត ដឹកជញ្ជូនអីវ៉ាន់ គោក្របី មាន់ទា ជម្លៀសទៅរកទីទូលដើម្បីសុវត្ថិភាព ប៉ុន្តែពួកគាត់ត្រូវប្រឈមនឹងការខ្វះខាតស្បៀង និងទីជម្រកដូចជាតង់ជាដើម។ល។
អត្ថបទ៖ សោ និយមរ័ត្ន





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ