ព័ត៌មានជាតិ
អភិបាលខេត្តព្រះវិហារ ស្នើក្រសួងអភិវឌ្ឍន៍ជនបទ ជួសជុលផ្លូវខូចធ្ងន់ធ្ងរ ឱ្យបានឆាប់
លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានស្នើឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ជួយជួសជុលផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរជាងគេដោយទឹកជំនន់ប្រវែង ១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្វាយ ឃុំរសណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ ខេត្តកំពង់ធំ ឱ្យបានឆាប់ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ។

ការស្នើនេះបានធ្វើឡើងនៅ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសលោកអភិបាលខេត្ត និងលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់នៅខេត្តព្រះវិហារ។

លោក ម៉ប់ ធីរិទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ បានឱ្យដឹងថា នៅក្នុងខេត្តព្រះវិហារមានផ្លូវជនបទដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងមានចំនួន ៥ខ្សែ ក្នុងនោះកំណាត់ផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរជាងគេមានប្រវែង ១០គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្វាយ ឃុំរសណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ ស្ថិតក្នុងភូមិទាមអាទិត្យ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក។

លោកបានបន្តថា ក្រុមការងារបានពិនិត្យឃើញថា កំណាត់ផ្លូវប្រវែង ១០គីឡូម៉ែត្រនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ទៅកាន់ទីផ្សារ ជាពិសេស ដំឡូង ពីខេត្តព្រះវិហារទៅកាន់ខេត្តកំពង់ធំ ជាផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីផ្សារ មន្ទីរពេទ្យ និងសាលារៀនជាដើម។ កំណាត់ផ្លូវប្រវែង ១០គីឡូម៉ែត្រខាងលើនេះ រងការខូចខាតប្រមាណ ១គីឡូម៉ែត្រ ដោយទឹកហូតកាត់ជាច្រើនកន្លែង។

ចំណែកប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ និងកំពុងប្រកបរបរកសិកម្មដាំដំឡូង ក៏បានស្នើសុំតាមរយៈក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ គោរពស្នើសុំលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជួយធ្វើផ្លូវនេះឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះផ្លូវនេះពិតជាមានសារៈសំខាន់សម្រាប់ពួកគាត់។
លោក ជ្រុន ថេរ៉ាវ៉ាត បានទទួលយកសំណូមពរនេះពីប្រជាពលរដ្ឋ និងពីលោក គឹម រិទ្ធី ដើម្បីជម្រាបជូនលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជ្រាប និងពិនិត្យលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត។

ជាមួយគ្នានេះដែរ លោក ជ្រុន ថេរ៉ាវ៉ាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធដែលបានសហការគ្នាយកឈើ ក្តារ ឈូសឆាយ និងសែងដីចាក់ ធ្វើជាស្ពានឈើតូចមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ និងបានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាខន្តី អត់ធ្មត់បន្តិច ដោយទុកពេលជូនថ្នាក់ដឹកនាំក្រសួង ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាពដោះស្រាយជូនតាមសំណើរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?