ព័ត៌មានជាតិ
កម្ពុជា-រុស្ស៊ី នឹងធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
ភ្នំពេញ ៖ កម្ពុជា-រុស្ស៊ី នឹងធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ហើយច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីនេះ ត្រូវបានសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា បានឲ្យយោបល់យល់ព្រមដោយឥតកែប្រែចំនួន ៥៦សម្លេង នៃសមាជិកព្រឹទ្ធសភាទាំងមូលនាព្រឹកថ្ងៃទី២៧ ខែតុលានេះ ដោយចាត់ទុក្ខសេចក្តីព្រាងច្បាប់នេះផ្តល់សារៈសំខាន់ និងអត្ថប្រយោជន៍ដល់គូភាគីក្នុងការបង្កើតឱ្យមានក្របខ័ណ្ឌគតិយុត្តិសម្រាប់ធ្វើដំណើរ និងអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីជួយដល់ការស៊ើបអង្កេត និងនីតិវិធីតុលាការរបស់ភាគីនីមួយៗ។

លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ប្រាប់ក្រុមសារព័ត៌មានថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងពង្រឹងមូលដ្ឋានច្បាប់នៃការជួយគ្នាទៅវិញទៅមក ក្នុងវិស័យព្រហ្មទណ្ឌ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-រុស្ស៊ី ដោយឈរលើគោលការណ៍គោរពនូវអធិបតេយ្យភាព សាមគ្គីភាព សមភាព សុចរិតភាពដែនដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍គ្នាទៅវិញទៅមក។
លោកបន្តថា សេចក្តីព្រាងច្បាប់នេះផ្តល់សារៈសំខាន់ និងអត្ថប្រយោជន៍ដល់គូភាគី ក្នុងការបង្កើតឲ្យមានក្របខ័ណ្ឌគតិយុត្តិសម្រាប់ធ្វើដំណើរ និងអនុវត្តសំណើសុំជំនួយទៅវិទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីជួយដល់ការស៊ើបអង្កេត និងនីតិវិធីតុលាការរបស់ភាគីនីមួយៗ។

សេចក្តីព្រាងច្បាប់នេះរៀបចំឡើងស្របនឹងមាត្រា៣៨ និង១១៣ថ្មីនៃរដ្ឋធម្មនុញ្ញ និងមានសុគតភាពជាមួយក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ មានលក្ខណៈត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។
សូមបញ្ជាក់ថា សម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភាព្រឹកមិញនេះ ក៏បានឲ្យយោបល់យល់ព្រមដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ចំនួន ៤ ទៀត ដូចជាសេចក្តីព្រាងច្បាប់ស្តីពី ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត។ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាបអូហ្សូនផងដែរ៕
ប៉ាល់សុង


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?