ព័ត៌មានជាតិ
តោះ មកស្គាល់រដ្ឋមន្រ្តីវ័យក្មេង៣រូបនៅកម្ពុជា
កាលពីថ្ងៃចន្ទ ម្សិលមិញនេះ លោក ឌិត ទីណា បានចូលកាន់តំណែងជាផ្លូវការជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការចូលកាន់តំណែងជាផ្លូវការនេះ ធ្វើឲ្យលោកក្លាយជារដ្ឋមន្ត្រីវ័យក្មេងមួយរូបទៀតនៃរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ចុងអាណត្តិទី៦នេះ។ ក្រៅពី លោកឌិត ទីណានេះ រដ្ឋមន្ត្រីចំនួន២រូបទៀត ក៏ត្រូវបានចាត់ទុកថា ជារដ្ឋមន្ត្រីវ័យក្មេងនៅកម្ពុជាផងដែរ។
១/ លោក សាយ សំអាល់
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ឆ្នាំ២០១៣ លោក សាយ សំអាល់ ដែលជាកូនប្រុសរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ត្រូវបានចាត់តាំងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីឆ្នាំ២០១៣ លោក ទើបតែមានអាយុ ៣៣ឆ្នាំប៉ុណ្ណោះ ដែលធ្វើឲ្យលោកក្លាយជារដ្ឋមន្ត្រីវ័យក្មេងជាងគេនៃរាជរដ្ឋាភិបាលកម្ពុជា។ លោក សាយ សំអាល់ កើតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨០ គិតមកដល់ពេលនេះ លោកមានអាយុ ៤២ឆ្នាំ។
លោក សាយ សំអាល់ ទទួលបានការសិក្សាអប់រំនៅប្រទេសអូស្ត្រាលី ដោយបានបញ្ចប់ការសិក្សាសញ្ញាបត្របណ្ឌិតផ្នែកជីវសាស្ត្រ នៅសាកលវិទ្យាល័យម៉ូណាស ដែលជាជំនាញមួយត្រូវនឹងការងាររបស់លោក សម្រាប់ការដឹកនាំ និងគ្រប់គ្រងលើវិស័យបរិស្ថាន។ រដ្ឋមន្ត្រីបរិស្ថានរូបនេះ ក៏ធ្លាប់បានទៅសិក្សានៅប្រទេសសិង្ហបុរី កាលពីអាយុ ១៣ឆ្នាំផង ដែរ ហើយបានរៀនភាសាបរទេសចំនួន ៣ គឺភាសាអង់គ្លេស ភាសាចិន និងភាសាម៉ាឡេស៊ី។
សម្រាប់ជីវិតការងារ លោក សាយ សំអាល់ បានចាប់ផ្ដើមចូលបម្រើការងារនៅទីស្ដីការគណៈរដ្ឋមន្ត្រី ដោយទទួលបានតំណែងជាបន្តបន្ទាប់ ដូចជា៖ ប្រធានអាជ្ញាធរបឹងទន្លេសាប ជាអគ្គលេខាធិការរង និងឡើងជាអគ្គលេខាធិការ ជាដើម។ សម្រាប់ការងារគណបក្ស លោក សាយ សំអាល់ ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស/រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ហើយក៏ជាអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ផងដែរ។
២/ លោក កើត រិទ្ធ
លោក កើត រិទ្ធ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីអំឡុងខែមីនា ឆ្នាំ២០២០។ រដ្ឋមន្ត្រីយុត្តិធម៌រូបនេះ កើតថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៩ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោក កើត រិទ្ធ គឺជាអតីតនិស្សិតអាហារូបករណ៍សិក្សាផ្នែកច្បាប់នៅប្រទេសបារាំង។ លោក ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់នៅសាកលវិទ្យាល័យលីយ៉ុង២ ប្រទេសបារាំង។ នៅឆ្នាំ២០០២ លោកទទួលបានសញ្ញាបត្រមួយទៀត គឺអនុបណ្ឌិតផ្នែកច្បាប់ព្រហ្មទណ្ឌ និងវិទ្យាសាស្រ្តនៃបទឧក្រិដ្ឋនៅសាកលវិទ្យាល័យលីយ៉ុង៣។
មុនក្លាយជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់បម្រើការងារជាមន្រ្តីរាជការនៅក្រសួងចំនួន ៣ គឺនៅក្រសួងអប់រំ យុវជន និងកីឡា អំឡុងឆ្នាំ២០០៣-២០០៥ នៅក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងចុងក្រោយនេះ នៅក្រសួងយុត្តិធម៌។ បម្រើការងារនៅក្រសួងយុត្តិធម៌ លោក មានតំណែងជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្រោយមក នៅឆ្នាំ២០១៣ ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌។
៣/ លោក ឌិត ទីណា
ក្រោយសម័យប្រជុំពេញអង្គរដ្ឋសភា បានបោះឆ្នោតជាឯកច្ឆ័នផ្ដល់សេចក្ដីទុកចិត្ត កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន។ លោក ឌិត ទីណា កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ ហើយជាកូនប្រុសរបស់លោក ឌិត មុន្ទីរ ប្រធានតុលាការកំពូល។
មុនឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ធ្លាប់ធ្វើជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅអំឡុងឆ្នាំ២០០៩។ នៅឆ្នាំ២០១៣ លោក បានចាប់ផ្ដើមប្រឡូកចូលឆាកនយោបាយ ដោយបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជានៅមណ្ឌលខេត្តកណ្ដាល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ប៉ុន្តែជាលទ្ធផល លោក មិនជាប់ឆ្នោតជាតំណាងរាស្ត្រឡើយ។ តែបើទោះបីជាមិនបានជាប់ធ្វើជាសមាជិករដ្ឋសភាយ៉ាងណាក្ដី លោក ឌិត ទីណា នៅតែបន្តបម្រើការងារជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ បន្ទាប់មក លោក ក៏បានផ្លាស់ទៅបម្រើការងារនៅក្រសួងរ៉ែ និងថាមពលវិញ ក្នុងមុខតំណែងជារដ្ឋលេខាធិការ។
បើនិយាយអំពីប្រវត្តិសិក្សា លោក ឌិត ទីណា បានបញ្ចប់សញ្ញាបត្រវិស្វកម្មរ៉ែ នៅសាលាជាតិរ៉ែ ទីក្រុងប៉ារីស ប្រទេស បារាំង នៅឆ្នាំ២០០២។ ក្រៅពីនេះ លោក ក៏មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យ Orsay ប្រទេសបារាំង ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត