Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ៖ សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន​សេដ្ឋកិច្ចជាតិ​

បានផុស

នៅ

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ធន់​ខ្ពស់​ចំពោះ​ផល​ប៉ះពាល់​ពី​កត្តា​ខាងក្រៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​សិក្ខាសាលា ការ​ចងក្រង​ឯកសារ នៃ​ឧត្តមានុវត្តន៍ ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ​ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន នៅ​ថ្ងៃ​ទី ១៧ តុលា​នេះ នា​ខេត្ត​សៀមរាប លោក​រដ្ឋមន្ត្រី បន្ត​ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​បាន​ខិតខំ​អនុវត្ត​គោលនយោបាយ​ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម និង​កម្មករ​និយោជិត នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​លើក​កម្ពស់​តួនាទី កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​របស់​សហគ្រិន និង​កម្មករ​និយោជិត នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច មាន​គំនិត​ច្នៃប្រឌិត​សហគ្រិនភាព បង្កើត​មុខរបរ​ការងារ​ធ្វើ ដោះស្រាយ​បាន​នូវ​ជីវភាព​គ្រួសារ រួមចំណែក​ក្នុង​ការ​ពង្រឹង​ស្ថិរភាព​សេដ្ឋកិច្ច​សង្គម និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ។

លើកទឹកចិត្ត និង​ផ្តល់​កិច្ច​គាំពារ​នានា ដូចជា ការ​ផ្តល់​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ការ​ទទួល​ស្គាល់​សមត្ថភាព​ជំនាញ​តាម​ប្រព័ន្ធ​តេស្ត​សមត្ថភាព ការ​ជួយ​រក​ការងារ​ឲ្យ​ធ្វើ ឬ​ការ​បង្កើត​មុខរបរ ការ​ចូលរួម​ក្នុង​របប​ប្រាក់​សោធន​និវត្តន៍ និង​ការ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​សម្រាប់​ស្ត្រី​នៅ​ពេល​សម្រាលកូន។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ជាមួយ​គ្នា​នេះ​ជួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​មុខរបរ និង​ការងារ តាមរយៈ​គោលនយោបាយ​ពន្ធដារ ការចុះបញ្ជី ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ ស្របតាម​ច្បាប់។ជួយ​សម្រួល​ដល់​បរិយាកាស នៃ​ការ​ធ្វើ​អាជីវកម្ម ការ​ប្រកបរបរ​រកស៊ី​របស់​សហគ្រិន និង​កម្មករ និយោជិត នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​លើកទឹកចិត្ត​ចូលរួម​សកម្មភាព​សង្គម សកម្មភាព​មនុស្សធម៌។

លើស​ពី​នេះ​ទៀត លោក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​តាម​បណ្ដា​រោងចក្រ សហគ្រាស​ធុន​តូច និង​មធ្យម ជា​សសរស្ដម្ភ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អាស៊ាន​ផង​ដែរ។ ក្នុង​នោះ លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ជាមួយ​ដៃគូ​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ ជាពិសេស​ការ​ជំរុញ ការអនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​បណ្ដាញ​សុវត្ថិភាព និង​សុខភាព​ការងារ​អាស៊ាន ឆ្នាំ ២០២១-២០២៥ ដែល​ស្ថិត​ក្នុង​សកម្មភាព​អាទិភាព​ទី ៣ នៃ​កម្មវិធី​ការងារ​របស់​រដ្ឋមន្ត្រី​ខាង​ការងារ​អាស៊ាន និង​សកម្មភាព​ទី ២ នៃ “​ស្តង់ដារ​សុវត្ថិភាព និង​សុខភាព​ការងារ និង​ការអនុវត្ត​ល្អ​ប្រសើរ” នៃ​សកម្មភាព​ការងារ​របស់​អាស៊ាន អូស្ហ​ណេត។

លោក​បណ្ឌិត អ៊ិត សំហេង សង្ឃឹម​ថា សិក្ខាសាលា​ទាំងមូល នឹង​រួមគ្នា​ចែករំលែក និង​ផ្លាស់ប្ដូរ​បទពិសោធន៍ ព្រមទាំង​វិធីសាស្ត្រ​ថ្មីៗ​យ៉ាង​ផុលផុស ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ក្នុង​សហគ្រាស​ធុន​តូច និង​មធ្យម និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ការកំណត់​បាន​នូវ​ឧត្តមានុវត្តន៍ និង​វិធីសាស្ត្រ​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ គឺ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ដើម្បី​ផ្តល់​ធាតុ​ចូល​បន្ថែម​ទៀត ក្នុង​ការ​ចងក្រង​ជា​ឯកសារ និង​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​អនុវត្ត​ល្អៗ ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​ជា​កាលានុវត្តភាព សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​តំបន់​អាស៊ាន ដើម្បី​យក​ទៅ​អនុវត្ត​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម