ព័ត៌មានជាតិ
គ.ជ.ប ណែនាំអំពីកិច្ចសហការ និងវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២ បានសេចក្ដីណែនាំ ស្តីពី កិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២។

សេចក្ដីណែនាំរបស់ គ.ជ.ប បានឲ្យដឹងថា ក្នុងគោលបំណងឲ្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ ២០២២ ប្រព្រឹត្តទៅដោយរលូនល្អ និងទទួលបានជោគជ័យ ស្ថិតក្នុងការធានាបាន នូវបរិយាកាសនយោបាយស្ងប់ស្ងាត់ល្អ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំដល់ លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) និងក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រូវសហការអនុវត្តតាមគោលការណ៍ និងវិធានការដូចតទៅ ៖
១. លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ត្រូវសហការ និងពិគ្រោះយោបល់ជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្នុងការរៀបចំកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងចាត់វិធានការចាំបាច់នានា ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ផែនការអន្តរស្ថាប័នលេខ ០១០ ផ.ក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ព្រមទំាងផែនការសកម្មភាពរបស់គណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ក៏ដូចជាសេចក្តីណែនាំផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការងារសន្តិសុខបោះឆ្នោត។
២. លធ.ខប កបឃ.ស និង ក.ច.ប នីមួយៗ ត្រូវពង្រឹងកិច្ចសហការការងារឱ្យបានជាប្រចាំជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ពិសេសកម្លាំងប្រចាំការត្រៀមនៅតាមរាជធានី ខេត្ត កម្លាំងត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខាងក្រៅនៃក្រុង ស្រុក ខណ្ឌនីមួយៗ និងកម្លំាងនគរបាលការពារនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនីមួយៗ ដែលមានទីតាំងនៅតាមសាលាឃុំ សង្កាត់ ឬចល័តទៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ផ្អែកតាមផែនការដែលបានកំណត់។
៣. លធ.ខប កបឃ.ស និង ក.ច.ប នីមួយៗ ត្រូវយកចិត្តទុកដាក់តាមដាន និងក្តាប់ជាប់សភាពការណ៍ សន្តិសុខទូទៅ និងត្រូវស្នើសុំកិច្ចអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ឬក្រុមបុគ្គលិកសុខាភិបាល ឱ្យបានទាន់ពេលវេលា ក្នុងករណីមានការអុកឡុករំខាន ការគំរាមកំហែង ឬការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗទៀត និងក្នុងករណីកើតមានអគ្គិភ័យ ឬបញ្ហាសុខភាពផ្សេងៗ ដែលធ្វើឱ្យរំាងស្ទះដល់ដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
៤. លេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប លធ.ខប កបឃ.ស និង ក.ច.ប នីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តតាមវិធានការសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវចូលរួមផ្សព្វផ្សាយ និងណែនាំអំពីវិធានការសុខាភិបាលដល់កម្លាំងប្រតិបត្តិការទំាងអស់ដែលបានចូលរួម ព្រមទំាងប្រជាពលរដ្ឋដែលអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម “ វិធានការ ៣ការពារ និង ៣កុំ ” ដើម្បីបញ្ចៀសឱ្យបានពីការឆ្លងជំងឺដ៏កាចសាហាវនេះ។
៥. ចាប់ពីពេលនេះ រហូតដល់បញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ លធ.ខប នីមួយៗ ត្រូវស្នើសុំកិច្ចសហការពីអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីរៀបចំកិច្ចប្រជុំចម្រុះដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ក្នុងមួយខែម្តង ឬពីរដងតាមការចាំបាច់ និងអាចកោះប្រជុំជាវិសាមញ្ញ ក្នុងគោលបំណងពិភាក្សាលើការងារសន្តិសុខ និងការចាត់វិធានការចាំបាច់ផ្សេងៗ សំដៅកាត់បន្ថយឱ្យបាននូវរាល់បញ្ហាទំនាស់ ឬការប្រឈមនានា ដែលបានកើតឡើង ដោយត្រូវស្វែងរកដំណោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។
៦. លធ.ខប នីមួយៗ ត្រូវធ្វើរបាយការណ៍ជាប្រចាំជុំវិញស្ថានការណ៍សន្តិសុខជាទូទៅ ដែលបានកើតឡើងនៅរាជធានី ខេត្តនីមួយៗ ក្នុងអំឡុងពេលនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីផ្ញើជូនលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ឱ្យបានទៀងទាត់ និងរាយការណ៍មក គ.ជ.ប ជូនជ្រាប។ ក្នុងករណីចាំបាច់ លធ.ខប នីមួយៗ ត្រូវរាយការណ៍ដោយផ្ទាល់ជូនប្រធានលេខាធិការដ្ឋានសន្តិសុខបោះឆ្នោតនៃ គ.ជ.ប ដើម្បីស្នើសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ គ.ជ.ប និងមានវិធានការដោះស្រាយបានទាន់ពេលវេលា និងស្របតាមនីតិវិធី៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ