ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ មានក្រុមជនខិលខូចមួយចំនួនកំពុងផ្តល់សេវាធនាគារគ្មានច្បាប់ និងមានលក្ខណៈកេងប្រវ័ញ្ច
លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានក្រុមជនខិលខូចមួយចំនួនបាននិងកំពុងធ្វើប្រតិបត្តិការធនាគារ នៅតាមមូលដ្ឋានស្រុក-ឃុំ ទាំងសេវាផ្តល់ប្រាក់កម្ចី និងសេវាប្រមូលប្រាក់បញ្ញើដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានលក្ខណៈកេងប្រវ័ញ្ច។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វិធានការនិងការបង្ក្រាបសកម្មភាពផ្សព្វផ្សាយនិងផ្តល់ឥណទានដោយខុសច្បាប់”
នៅថ្ងៃទី១៩តុលា នៅសណ្ឋាគារ រ៉ាហ្វ៉ល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ លោកបានបន្តថា តាមរយៈលទ្ធផលនៃការចុះផ្សព្វផ្សាយកន្លងមកធនាគារជាតិនៃកម្ពុជា បានយល់ដឹងបន្ថែមអំពីបញ្ហាប្រឈមនានា រួមមួយចំនួនដូចជា ប្រជាពលរដ្ឋនៅតាមជនបទ ពុំទាន់យល់ច្បាស់អំពីកាតព្វកិច្ច និងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ព្រមទាំងពុំទាន់អាចទទួលព័ត៌មានហិរញ្ញវត្ថុបានពេញលេញ និងមានការលំបាកក្នុងការស្វែងរកការពន្យល់បញ្ជាក់នៅពេលមានបញ្ហាឬចម្ងល់ផ្សេងៗ ទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ។ អាជ្ញាធរមូលដ្ឋានមានការលំបាកក្នុងការកំណត់ឱ្យច្បាស់រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
ដែលស្របច្បាប់ និងមិនស្របច្បាប់ និងមានក្រុមជនខិលខូចមួយចំនួនបាននិងកំពុងធ្វើប្រតិបត្តិការធនាគារ នៅតាមមូលដ្ឋានស្រុក-ឃុំទាំងសេវាផ្តល់ប្រាក់កម្ចីនិងសេវាប្រមូលប្រាក់បញ្ញើដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានលក្ខណៈកេងប្រវ័ញ្ច។

លោកបានបន្តទៀតថា ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា មានជនខិលខូចមួយចំនួននៅតែបន្តធ្វើការផ្សព្វផ្សាយយ៉ាងបើកចំហស្តីពីការផ្តល់ឥណទានដល់ប្រជាពលរដ្ឋតាមរូបភាពផ្សេងៗជាច្រើន ដូចជា ប្រព័ន្ធអនឡាញ បណ្តាញសង្គម ការផ្សព្វផ្សាយតាមខិត្តបណ្ណ និងការបិតផ្សាយតាមទីកន្លែងសាធារណៈនានា ជាដើម។
លោកបានបន្ថែមថា ការផ្តល់សេវាឥណទានដោយគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា គឺខុសនឹងមាត្រា ៩ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ហើយការផ្តល់ឥណទានខុសច្បាប់នេះក៏ផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងអាចបង្កឱ្យមានបំណុលច្រើនលើសលុបតាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ និងម្យ៉ាងវិញទៀតបញ្ហាកង្វះក្រមសីលធម៌និងយន្តការការពារអតិថិជន អាចជំរុញឱ្យមានអំពើហិង្សាការបាត់បង់ទ្រព្យធានា និងអាចកើតមាននូវអសន្តិសុខសង្គម (ចោរកម្ម) ផងដែរ។ ការណ៍នេះ ក៏ជះឥទ្ធិពលអវិជ្ជមានដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ
ដែលកំពុងផ្តល់សេវាធនាគារផ្លូវការផងដែរ។

លោកបានបញ្ជាក់ថា ដោយមើលឃើញបញ្ហានេះទើបធនាគារជាតិនៃកម្ពុជា បានសហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ផ្តួចផ្តើមរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង
បន្ថែមដល់ភាគីពាក់ព័ន្ធអំពីវិធានការផ្លូវច្បាប់ចំពោះការផ្សព្វផ្សាយនិងផ្តល់ឥណទានខុសច្បាប់។ ដាក់ចេញនូវវិធានការអប់រំឬណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ពីសេវាធនាគារផ្លូវការ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្តល់សេវាធនាគារមិនមានច្បាប់អនុញ្ញាត។

លោក រ័ត្ន សុវណ្ណនរៈ បានបន្ថែមទៀតថា សិក្ខាសាលានេះគឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ អាជ្ញាធរពាក់ព័ន្ធ ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន ដើម្បីរួមគ្នាក្នុងកំណត់វិធាន និងយន្តការទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ សកម្មភាពផ្សព្វផ្សាយនិងផ្តល់ឥណទានខុសច្បាប់។ លោកបានឱ្យដឹងទៀតថា « ជាទិសដៅបន្ទាប់ ធនាគារជាតិនៃកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងយុត្តិធម៌ នឹងរៀបចំចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាអំពីលទ្ធផលនៃសិក្ខាសាលាក៏ដូចជាជំហរនៃកិច្ចសហការគ្នាទៅវិញទៅមកក្នុងការចាត់វិធានការឱ្យទាន់ពេលវេលាសំដៅបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់សកម្មភាពផ្សព្វផ្សាយ និងផ្តល់ឥណទានខុសច្បាប់»។

លោកសង្ឃឹមថា សិក្ខាសាលានេះ នឹងផ្តល់ធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងនីតិវិធី ឬយន្តការកិច្ចសហការគ្នាទៅវិញទៅមកក្នុងការស៊ើបអង្កេតឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា សំដៅចូលរួមបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់បទល្មើសនៃសកម្មភាពផ្តល់ឥណទានមិនមានច្បាប់អនុញ្ញាត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ