ព័ត៌មានជាតិ
តោះ មកស្គាល់ឥស្សរជនកំពូលៗរបស់កម្ពុជា ដែលមានឈ្មោះជាមេធាវី តែមិនប្រកបវិជ្ជាជីវៈ
បើតាមស្ថិតិគិតត្រឹមខែសីហា ឆ្នាំ២០២២ គណៈមេធាវីកម្ពុជា មានសមាជិក-សមាជិកា សរុបមានចំនួន ២ ៦១៤រូបហើយ ក្នុងនោះ មានស្រ្តី ៦៤៩រូប។ មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈចំនួន ២ ១២២រូប មេធាវីកំពុងធ្វើកម្មសិក្សាចំនួន ២៩៨រូប មេធាវីសុំមិនប្រកបវិជ្ជាជីវៈចំនួន ១៤៨រូប មេធាវីសុំនៅក្រៅបញ្ជីចំនួន ២១រូប។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ជាសមាជិកពេញសិទ្ធិនៃគណៈមេធាវីដែរ។ សម្ដេចតេជោ ហ៊ុន សែន បានធ្វើសម្បថ ហើយក្លាយជាមេធាវីពេញសិទ្ធិនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ មានអត្តលេខ៣៥០។ ប៉ុន្តែ មុខងារជាមេធាវីនេះ សម្ដេចតេជោមិនប្រកបវិជ្ជាជីវៈនោះទេ។ ក្រៅពីសម្ដេចតេជោ ហ៊ុន សែន ក៏នៅមានឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតរបស់កម្ពុជា ក៏ធ្លាប់ធ្វើជាមេធាវីផងដែរ ដូចជា៖
១/ សម្ដេចក្រឡាហោម ស ខេង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ មានអត្តលេខ៣៤៩ ហើយបានធ្វើសម្បថពេញសិទ្ធិនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤។
២/ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល
លោក ឌិត មុន្ទី បានក្លាយជាមេធាវីពេញសិទ្ធិនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៩៧ មានអត្តលេខ១២០។ ប៉ុន្តែ មុខងារជាមេធាវីនេះ លោកសុំនៅក្រៅបញ្ជី ដោយហេតុថា នាពេលបច្ចុប្បន្ន លោក ឌិត មុន្ទី កំពុងតំណែងជាប្រធានតុលាការកំពូល និងមានមុខងារជាចៅក្រមអង្គជំនុំជម្រះនៃតុលាការកំពូល។
៣/ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ក៏ជាមេធាវីដែរ ប៉ុន្តែសុំមិនប្រកបវិជ្ជាជីវៈ។ លោក ឱម យ៉ិនទៀង មានអត្តលេខ៥២២ ដែលបានធ្វើសម្បថអំឡុងឆ្នាំ២០០៦ ចុះកម្មសិក្សាឆ្នាំ២០០៧ និងក្លាយជាមេធាវីពេញសិទ្ធិនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីលោកបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ក្នុងឆ្នាំ២០០៥។
៤/ លោកទេសរដ្ឋមន្ត្រី អង្គ វង្សវឌ្ឍនា
អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ជាមេធាវីពេញសិទ្ធិសុំមិនប្រកបវិជ្ជាជីវៈ មានអត្តលេខ០៣៧ ក្រោយការធ្វើសម្បថនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៥។ បច្ចុប្បន្ន លោក អង្គ វង្សវឌ្ឍនា កំពុងកាន់តំណែងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បន្ទាប់ពីលោកធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អស់រយៈពេល១៦ឆ្នាំ ហើយត្រូវបានបញ្ចប់មុខតំណែងកាលពីអំឡុងឆ្នាំ២០២០។
៥/ លោក ប៉ែន បញ្ញា
លោក ប៉ែន បញ្ញា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានក្លាយជាមេធាវីពេញសិទ្ធិ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីលោកបានធ្វើសម្បថនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានអត្តលេខ២៣៤៣។ ប៉ុន្តែ លោកមេធាវីវ័យ ៨១ឆ្នាំរូបនេះ មិនប្រកបវិជ្ជាជីវៈនោះទេ។
៦/ លោក អ៊ុក រ៉ាប៊ុន
លោក អ៊ុក រ៉ាប៊ុន គឺជាបណ្ឌិតទស្សនវិជ្ជា នៅសាកលវិទ្យាល័យ Southern California សហរដ្ឋអាមេរិក។ បច្ចុប្បន្នលោក កំពុងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន ក៏ធ្លាប់ធ្វើជាមេធាវីតាំងពីឆ្នាំ១៩៩៦ ដែលមានអត្តលេខ០៥៥ ប៉ុន្តែ ពេលនេះ លោកជាមេធាវីសុំនៅក្រៅបញ្ជី។
៧/ លោក ព្រុំ សុខា
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា ក៏ធ្លាប់ធ្វើជាមេធាវីដែរ ប៉ុន្តែ លោកមិនប្រកបវិជ្ជាជីវៈទេ បន្ទាប់ពីលោកបានក្លាយជាមេធាវីពេញសិទ្ធិអំឡុងឆ្នាំ២០០៤ ហើយមានអត្តលេខ៣៤៧។ លោករដ្ឋមន្ត្រី បានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងសាធារណៈនៅសាកលវិទ្យាល័យជាតិសិង្ហបុរី។
៨/ រដ្ឋមន្ត្រីវ័យក្មេង លោក កើត រិទ្ធ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់ជាមេធាវីដែលមានឈ្មោះពេញសិទ្ធិកាលពីអំឡុងឆ្នាំ២០១៦ មានអត្តលេខ ១១១៣ ប៉ុន្តែ ពេលនេះ លោកមិនបានប្រកបវិជ្ជាជីវៈជាមេធាវីទេ។ លោករដ្ឋមន្ត្រី កើត រិទ្ធ ជាអតីតនិស្សិតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសបារាំង ហើយបានទទួលបានសញ្ញាបត្រអនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ លីយ៉ុង៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ