ព័ត៌មានជាតិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រៀប ធៀបកូវីដ-១៩ ដូចជា “ចំបើងដែលបំបាក់ខ្នងរបស់សត្វអូដ្ឋ”
ការលើកឡើងនៅក្នុងសន្ទរកថាគន្លឹះរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនេះ ខណៈលោកអញ្ជើញជាអធិបតីនៅក្នុងសន្និសីទជាន់ខ្ពស់ស្តីពី “អនាគតដែលយើងចង់បាន តួនាទីនៃពហុភាគីនិយមក្នុងពិភពលោកក្រោយកូវីដ-១៩” នាថ្ងៃទី២៧ ខែតុលានេះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា ស្ថិតនៅក្នុងកាលៈទេសៈនេះ យើងទាំងអស់គ្នាចង់បានសន្តិភាព សុវត្ថិភាព សន្តិសុខ វិបុលភាព សម្រាប់ចៅៗរបស់យើង។ តែជាអកុសល យើងមិនបានកំពុងរស់នៅក្នុងស្ថានភាពធម្មតានោះទេ សម្រាប់អ្វីដែលកើតឡើងសព្វថ្ងៃនេះ។ ដូចដែលពិភពលោកបានប្រារព្ធនូវខួបលើកទី៧៥ នៃអង្គការសហប្រជាជាតិ ដែលមានកត្តារួមផ្សំជាច្រើនបានរួមគ្នាដើម្បីសាកល្បង “គោលបំណង” នៃស្ថាប័នពហុភាគីសកលមួយនេះ។
លោកបន្តថា ជំងឺរាតត្បាតសាកលកូវីដ-១៩ ប្រហែលដូចជាពាក្យចាស់ថា “ចំបើងដែលបំបាក់ខ្នងរបស់សត្វអូដ្ឋ”។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា បើនិយាយទៅ ដូចជាទុទ្ទិដ្ឋិនិយមបន្តិច ប៉ុន្តែការពិត គឺនៅត្រង់ថា ស្ថិតក្នុងកាលៈទេសៈធម្មតា នៅពេលប្រព័ន្ធពហុភាគីនិយមកំពុងដំណើរការល្អបំផុតនោះ ពិភពលោកនឹងមានសាមគ្គីភាព ឆន្ទៈ និងធនធានរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងប្រព័ន្ធសុខាភិបាលមួយនេះ ប៉ុន្តែវាមិនមែនដូច្នេះទេ ហើយយើងទាំងអស់គ្នាក៏បានដឹងរឿងនេះដែរ។ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្វិតស្វាញ ដែលមានរូបភាពជាសង្គ្រាមត្រជាក់បែបថ្មី បានកំពុងបន្ទច់បង្អាក់កិច្ចប្រឹងប្រែងក្នុងការដោះស្រាយការរីករាលដាលនៃវីរុសកូរ៉ូណា និងបានកំពុងធ្វើឲ្យសេដ្ឋកិច្ចពិភព លោកធ្លាក់ដុនដាបកាន់តែធ្ងន់ធ្ងរឡើង។
លោករដ្ឋមន្ត្រីអះអាងថា នៅពេលបច្ចុប្បន្ននេះ សំខាន់ជាងពេលណាៗទាំងអស់ ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ- ១៩ លោកមិនមានជំនឿថា យើងអាចបោះបង់ចោលកេរ្តិ៍ដំណែលនៃពហុភាគីនិយមនេះបានទេ។ នេះគឺជាពេលវេលាដ៏សំខាន់ក្នុងការបន្តគាំទ្រកេរ្តិ៍ដំណែលនេះ ដោយបង្ហាញនូវ “សាមគ្គីភាព” និង “កិច្ចសហប្រតិបត្តិការ” បន្ថែម។ ដូចគ្នានឹងស្ថានភាពរបស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារជំងឺកូវីដ-១៩ យើងមិនអាចធ្វើមិនដឹងមិនលឺរចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋមួយចំនួនទៀត ដែលបានទទួលរងផលប៉ះពាល់ពីបាតុភូតធម្មជាតិបានឡើយ។
យើងទាំងអស់គ្នាបានឃើញស្រាប់ហើយពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ភ្លៀងធ្លាក់ក្នុងចំនួនច្រើន និងបញ្ហាទឹកជំនន់ ដែលបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេស ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បញ្ហាប្រែប្រួលអាកាសធាតុ គឺមានពិត និងមានគ្រោះថ្នាក់ដូចជាជំងឺកូវីដ-១៩ ដែរ។ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះបានដោយខ្លួនឯងនោះទេ។ មានពហុភាគីនិយមដ៏រឹងមាំ និងមានប្រសិទ្ធភាពប៉ុណ្ណោះ ទើបយើងអាចសង្ឃឹមយកឈ្នះនូវគ្រោះមហន្តរាយធម្មជាតិទាំងនេះបាន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងទៀតថា តាមទស្សនៈរបស់លោក ការចូលរួមផ្នែកពហុភាគីរបស់ ASEM នឹងនាំទៅរកដំណើរការនៃការស្តារឡើងវិញកាន់តែឆាប់រហ័ស និងការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់យើង៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់