ព័ត៌មានជាតិ
លោកស្រីបណ្ឌិត ជា សិរី ៖ កម្ពុជា នឹងពង្រីកសេវាទូទាត់ឆ្លងកាត់ព្រំដែនទៅកាន់ឡាវ និងវៀតណាម
លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃកម្ពុជាបានមានប្រសាសន៍ថា ធនាគារជាតិ បាននិងកំពុងពិភាក្សាជាមួយភាគីឡាវ និងវៀតណាម ដើម្បីចុះអនុស្សរណៈ នៃការយោគយល់ជាមួយគ្នា ស្ដីពីការពង្រីកសេវាទូទាត់ឆ្លងដែន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ពេលធ្វើដំណើរទៅកាន់ប្រទេសទាំងពីរកាន់តែមានភាពងាយស្រួលថែមទៀត ខណៈបច្ចុប្បន្នយើងធ្វើជាមួយប្រទេសថៃរួចហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងធនាគារជាតិ នៃកម្ពុជា ស្ដីពី“កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង ”កាលពីព្រឹកថ្ងៃទី ២១ តុលា លោកស្រីបានបន្តថា ការទូទាត់នេះធ្វើឡើងតាមរយៈការប្រើប្រាស់ QR Code ហើយប្រជាពលរដ្ឋអាចទូទាត់បានជាប្រាក់រៀលប៉ុណ្ណោះសម្រាប់ចំណាយទៅលើទិញទំនិញ ឬទូទាត់ចំណាយនានាដូចជា សេវាព្យាបាលសុខភាពជាដើម តាមរយៈប្រព័ន្ធបាគង។

លោកស្រីបានបន្តទៀតថា «ជាធម្មតានៅពេលដែលយើងធ្វើដំណើរទៅក្រៅប្រទេស យើងត្រូវមានប័ណ្ណឥណពន្ធសម្រាប់ទូទាត់ប្រាក់នៅទូទាំងពិភពលោក បើមិនមានប័ណ្ណនេះទេ ត្រូវកាន់លុយតែម្ដង ដែលអាចប្រឈមនឹងសុវត្ថិភាព ឬមានការលំបាកក្នុងការចាយវាយ ឬទូទាត់ទៅលើទំនិញផ្សេងៗ។ អីចឹង ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរគេមកលេងស្រុកយើង ឬប្រជាពលរដ្ឋយើងទៅលេងនៅស្រុកគេ ហើយយើងអត់ចង់ប្រើប័ណ្ណឥណទាន ឬកាន់ប្រាក់ផ្ទាល់ យើងប្រើប្រព័ន្ធបាគងដោយយើងផ្សារភ្ជាប់ជាមួយប្រទេសដៃគូដូចជា នៅថៃ យើងមិនចាំបាច់ប្រើកាត ឬប្រើលុយទេហើយក៏មិនចាំបាច់ដូរលុយដែរ គឺទូទាត់តាម QR Code ធម្មតា តែត្រូវប្រើប្រាស់ប្រាក់រៀល ដើម្បីឲ្យប្រជាពលរដ្ឋយើងបានដឹងពីសារសំខាន់ នៃប្រាក់រៀលអាចទូទាត់បាននៅក្រៅប្រទេស»។
លោកស្រីសង្ឃឹមថា នឹងមានប្រជាពលរដ្ឋបើកគណនីជាប្រាក់រៀលបានកាន់តែច្រើន ដើម្បីអាចធ្វើការទូទាត់នៅក្រៅប្រទេសបាន ពិសេសប្រទេសដែលជាដៃគូរបស់ធនាគារជាតិ។
លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមទៀតថា «បច្ចុប្បន្ននេះ យើងមានការពេញចិត្តយ៉ាងខ្លាំងចំពោះការវិវត្តន៍ នៃការប្រើប្រាស់ប្រព័ន្ធបាគង ដោយសារថា ដំបូងយើងប្រើប្រព័ន្ធនេះដើម្បីធ្វើការទូទាត់តែនៅក្នុងប្រទេសទេ គឺអ្នកដែលប្រើអេបធនាគារផ្សេងគ្នាអាចទូទាត់តាមប្រព័ន្ធនេះបាន តែឥឡូវនេះយើងបានវិវត្តន៍អាចប្តូរប្រាក់ពីដុល្លារទៅខ្មែរ និងពីខ្មែរទៅដុល្លារ ព្រោះថាក្នុងប្រព័ន្ធបាគង មានគណនីប្រាក់រៀល និងគណនីដុល្លារ»។
លោកស្រីបានបញ្ជាក់ថា ក្រៅពីនេះ តាមរយៈប្រព័ន្ធបាគង យើងបានអភិវឌ្ឍន៍ចំណុចរបត់ថ្មីមួយទៀតគឺ KHQR ដែលជាស្តង់ដារទូទាត់តែមួយសម្រាប់ប្រជាពលរដ្ឋដែលមានគណនីធនាគារផ្សេងៗគ្នា។
លោកស្រីបានពន្យល់ថា ការបង្កើតKHQRនេះ ដោយសារកន្លងមកសង្កេតឃើញមានការដាក់បញ្ជរផ្លាកQR Code នៅតាមបណ្ដាហាងច្រើន នាំឲ្យមានការពិបាក។ ដូចនេះ ដើម្បីជួយសម្រួលលើការងារនេះ ទើបយើងបានបង្កើតKHQRនេះឡើង ដើម្បីឲ្យម្ចាស់ហាង ឬកន្លែងលក់ដូរ ផ្សារទំនើបផ្សេងៗ អាចដាក់តែបញ្ជរKHQRនេះ គឺអាចទូទាត់បានគ្រប់ធនាគារ ឲ្យតែធនាគារនោះជាសមាជិក ឬជាសមាជិករបស់បាគង អាចធ្វើការទូទាត់ប្រាក់បានទាំងអស់។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋប្រមាណ ៨ លាននាក់ កំពុងប្រើប្រាស់ប្រព័ន្ធបាគង ទាំងប្រយោល និងផ្ទាល់។ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ បានដោនឡូតប្រើប្រាស់ប្រព័ន្ធបាគងផ្ទាល់ និងក្រៅពីនេះ ប្រើតាមរយៈប្រព័ន្ធធនាគារផ្សេងៗ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ