ព័ត៌មានជាតិ
រោងចក្រផលិតស្រាបៀដ៏ធំមួយទៀត ប្រើទុនក្នុងស្រុក ១០០% បើកសម្ពោធជាផ្លូវការ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានចូលរួមសម្ពោធក្រុមហ៊ុនផលិតស្រាបៀហនុមាន ប៊ែវើរីជីស ដែលមានទីតាំងស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះការបើកសម្ពោធជាផ្លូវការរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ដែលជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។
លោកបណ្ឌិតបានវាយតម្លៃខ្ពស់ ចំពោះការខិតខំពុះពារជម្នះការលំបាករបស់ក្រុមហ៊ុនផលិតស្រាបៀរបស់ខ្មែរនេះ រហូតសម្រេចបាននូវការវេចខ្ចប់លើកដំបូង និងការចែកចាយនៅលើទីផ្សារក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយប្រើប្រាស់រយៈពេលត្រឹម ០២ ឆ្នាំប៉ុណ្ណោះ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ជាមោទនភាពដោយបានឃើញក្រុមហ៊ុនក្នុងស្រុកថ្មីមួយទៀត តួយ៉ាងដូចជាក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នេះផ្ទាល់ ដែលបានប្រើប្រាស់ទុនវិនិយោគទាំងស្រុង ១០០% ជាទុនក្នុងស្រុក ដើម្បីបើកដំណើរការរោងចក្រដ៏ធំសម្បើម និងទំនើបមួយនេះ ដែលមានស្តង់ដារនៃការផលិតខ្ពស់ និងធានាបាននូវគុណភាពកាន់តែល្អប្រសើរសម្រាប់អតិថិជនទាំងក្នុងស្រុក និងទីផ្សារក្រៅប្រទេស។ ក្រុមហ៊ុនពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញពិពិធកម្ម និងពង្រឹងផលិតកម្មក្នុងស្រុក ដែលអាចបង្កើតការងារបានរហូតដល់ទៅ ៥០០ កន្លែងនៅក្នុងរោងចក្រផ្ទាល់ ក៏ដូចជាការចូលរួមចំណែកបង្កើនចំណូលពន្ធរបស់រដ្ឋ និងលើកស្ទួយវិស័យ កសិកម្ម, កសិ-ឧស្សាហកម្ម និងវិស័យពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជា។
ឯកឧត្តមបណ្ឌិតក៏កត់សម្គាល់ឃើញដែរថា ការសម្រេចបានជោគជ័យនេះជាសក្ខីភាពមួយបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តខ្ពស់ និងទស្សនវិស័យច្បាស់លាស់របស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាភាពធន់ជាមួយនឹងវិបត្តិកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញនៅក្រោយវិបត្តិ។
ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ ក្នុងការពង្រឹង និងពង្រីកសេដ្ឋកិច្ចក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងការងាយទទួលរងនូវឥទ្ធិពលពីខាងក្រៅប្រទេស។
ក្នុងដំណើរឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយភាពរឹងមាំ និងការវិលត្រលប់ទៅរកមាគ៌ាកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការលើកស្ទួយវិស័យឯកជនក្នុងស្រុក ជាពិសេសការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពនៃគោលនយោបាយសេដ្ឋកិច្ច។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដូចជាការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធ ការសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីផ្តល់ហិរញ្ញប្បទាន ជាមួយនឹងអត្រាការប្រាក់ប្រកបដោយភាពប្រកួតប្រជែង។
លោកបណ្ឌិត ហ៊ុន ម៉ាណែត មើលឃើញការបើកដំណើរការរោងចក្រផលិតស្រាបៀក្រុមហ៊ុនហនុមាន បង្ហាញឱ្យឃើញអំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការគាំទ្រដល់ការបោះជំហានទៅមុខនៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី “ឧស្សាហកម្មអតិពលកម្ម” ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះលោកបណ្ឌិតបញ្ជាក់ថា ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន ជាមួយនឹងការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ ដើម្បីធ្វើឱ្យវិស័យឯកជនអាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ហើយអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ និងការពង្រឹងភាពប្រកួតប្រជែង និងដោយប្រយោលតាមរយៈការបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ