Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញបានរឹបអូសសាច់សត្វព្រៃដាក់លក់​លួច​លាក់ក្នុងផ្សារខេត្តមណ្ដលគិរីជាង១ពាន់គីឡូក្រាមក្នុងរយៈពេល១៨ខែ

បានផុស

នៅ

ក្នុងរយៈពេល១៨ខែចុងក្រោយនេះ មន្ត្រីជំនាញបានបង្រ្កាប និងរឹបអូសសាច់សត្វព្រៃដែលត្រូវបានដាក់លក់ដោយលួចលាក់នៅតាមផ្សារក្នុងខេត្តមណ្ដលគិរីមានទម្ងន់សរុប១.៣៥២គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទន្និសីទសារព័ត៌មានស្តីពីការបញ្ឈប់ការជួញដូរសត្វព្រៃ ក្រោមផ្នែកមួយនៃយុទ្ធនាការអន្ទាក់សូន្យ ដែលធ្វើឡើងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២តុលា លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ពេញមួយឆ្នាំ២០២១ និងរយៈពេល៦ខែ ក្នុងឆ្នាំ២០២២នេះ កម្លាំងអាជ្ញាធរបានបង្រ្កាបការជួញដូរសត្វព្រៃរហូតដល់១.៣៥៣គីឡូក្រាម នៅខេត្តមណ្ឌលគិរី ក្នុងនោះក្នុងរយៈពេល៦ខែឆ្នាំ២០២២ នៅខេត្តមណ្ឌលគិរី បានបង្រ្កាបការជួញដូរសាច់សត្វព្រៃចំនួន២៣៥គីឡូក្រាម។

លោករដ្ឋលេខាធិការសូមលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋានទាំងអស់ក្នុងខេត្តមណ្ឌលគិរីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹង​ការជួញដូរសត្វព្រៃខុសច្បាប់ តាមរយៈបញ្ឈប់ការលក់ដូរមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃក្នុងភោជនីយដ្ឋានរបស់ខ្លួន
និងចូលរួមផ្សព្វផ្សាយឱ្យអតិថិជនរបស់ខ្លួនបញ្ឈប់ការបរិភោគសាច់សត្វព្រៃ។

លោក សេង ទៀក ប្រធានអង្គការ WWFប្រចាំកម្ពុជា ក៏បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ភោជនីយដ្ឋាន បញ្ឈប់ការបរិភោគ និងការលក់សាច់សត្វព្រៃ ដែលជាដើមចមដល់ការចូលព្រៃសម្លាប់សត្វព្រៃខណៈរាជរដ្ឋាភិបាល និងអង្គការដៃគូ បាននិងកំពុងខិតខំរួមសហការគ្នាការពារ និងអភិរក្សឱ្យបានគង់វង់ ដើម្បីបង្កើនចំនួនឡើងវិញ សំដៅរក្សាតុល្យភាពបរិស្ថាន និងទាក់ទាញវិស័យទេសចរណ៍ធម្មជាតិ។

លោកបានបន្តថា « តម្រូវការនៃបរិភោគសាច់សត្វព្រៃ គឺជាកត្តាចលករចម្បងមួយដែលជំរុញឱ្យមានការបរបាញ់​ ​វិបត្តិ​អន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ហើយវាក៏ជាកត្តាដែលបង្កើនហានិភ័យនៃការចម្លងជំងឺពីសត្វទៅមនុស្ស
ព្រម​ទាំង​គំរាមកំហែងខ្លាំងដល់បរិស្ថាន និងសុខភាពសារធារណៈ។ ផ្ទុយទៅវិញបើការយល់ដឹងរបស់អ្នកទិញ អ្នកលក់ អ្នកជួញដូរអំពីហានិភ័យដល់សុខភាពតាមរយៈការបរិភោគ និងការជួញដូរសត្វព្រៃ នឹងអាចការពារបាននូវសត្វព្រៃ»។

ក្រសួងបរិស្ថាន និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWFសហការជាមួយភោជនីយដ្ឋានចំនួន៣២កន្លែង
នៅក្នុងខេត្តមណ្ឌលគិរីបានបើកយុទ្ធនាការបញ្ឈប់ការជួញដូរសត្វព្រៃដែលអនុវត្តក្នុងដំណាក់កាលដំបូងមានរយៈពេល៦សប្តាហ៍ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះដើម្បីលើកទឹកចិត្តឱ្យចូលរួមប្តេជ្ញាចិត្តបញ្ឈប់ការលក់ម្ហូបសាច់សត្វព្រៃ និងបន្តផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងទឹសដៅបញ្ឈប់ការជួញដូរនិងបរិភោគសាច់សត្វព្រៃជាបន្តទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម