ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារអង្គរ ធ្វើយុទ្ធនាការដើម្បីជួយសង្គ្រោះកុមារពីជំងឺមហារីក
មន្ទីរពេទ្យកុមារអង្គរខេត្ដសៀមរាប ឬហៅមន្ទីរពេទ្យបេះដូង បានធ្វើយុទ្ធនាការអំពាវនាវរកជំនួយពីសប្បុរសជនដើម្បីជួយសង្គ្រោះអាយុជីវិតកុមារពីជំងឺមហារីក ដែលជាជំងឺមហារីកដ៏លំបាកក្នុងការព្យាបាលនៅទូទាំងសកលលោក។ យុទ្ធនាការនេះ ធ្វើឡើងនៅទូទាំងប្រទេស ដោយចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។
វេជ្ជបណ្ឌិត សំ លីវណ្ណៈ ជាវេជ្ជបណ្ឌិតឯកទេសជំងឺមហារីក បានពន្យល់ថា “ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើងលើមនុស្សគ្រប់គ្នា រួមទាំងកុមារផងដែរ។ ជំងឺមហារីកបង្កឡើងនៅពេលកោសិកានៅក្នុងរាងកាយបំលែងខ្លួនដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀតក្នុងខ្លួនយើង។ នៅក្នុងប្រទេសកម្ពុជា ចំនួនអ្នកកើតមហារីកកំពុងកើនឡើង។

លោកបានបន្តថា យោងទៅលើទិន្នន័យប្រទេសជិតខាងនៅក្នុងតំបន់ ជារៀងរាល់ឆ្នាំមនុស្សប្រមាណ ១៥,០០០ ទៅ ១៨,០០០ ត្រូវបានធ្វើរោគវិនិច្ឆ័យអំពីជំងឺមហារីក ខណៈដែលមាន“ជាង ៥៥០នាក់ ក្នុងចំណោមនោះគឺជាកុមារ។ដោយឡែកចំនួនកុមារដែលស្លាប់មុនការធ្វើរោគវិនិច្ឆ័យ គឺមិនមានទិន្នន័យច្បាស់លាស់នោះទេ ប៉ុន្តែការស្រាវជ្រាវបង្ហាញពីអត្រារស់រានមានជីវិតសម្រាប់អ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកម្រិតទាប ត្រឹមតែ២០%ប៉ុណ្ណោះ។

លោកបន្ថែមទៀតថា ជំងឺមហារីកកុមារស្ទើរតែទាំងអស់ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកុមារអង្គរ ព្រោះជាជម្រើសតែមួយគត់របស់ពួកគេ។ នៅទីនេះ យើងអាចព្យាបាលពួកគេបាន ”មន្ទីរពេទ្យកុមារអង្គរបានបើកដំណើរការផ្នែកជំងឺមហារីកនៅក្នុងឆ្នាំ២០១២ ដើម្បីពិនិត្យព្យាបាល និងថែទាំ ចំពោះជំងឺដ៏កាចសាហាវនេះ ក្នុងខណៈពេលដែលការព្យាបាលមហារីកបាតភ្នែកក៏បានចាប់ផ្តើមដែរ។ នៅក្នុងឆ្នាំ២០២១ កន្លងមក មន្ទីរពេទ្យបានដាក់ដំណើរការ អគារដាច់ដោយឡែកផ្តោតលើជំងឺមហារីក ដោយបានពិនិត្យព្យាបាល ថែទាំកុមារមហារីកចំនួនចំនួន ៥០៨ ករណី ក្នុងនោះ អ្នកជំងឺមហារីកចំនួនបីភាគបួន (៣/៤ភាគរយ) បានជាសះស្បើយ និងក៏កំពុងតែបន្តទទួលការព្យាបាល។ ការព្យាបាលជំងឺមហារីករួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយការចាក់ថ្នាំគីមី (ថ្នាំមហារីក) ការព្យាបាលដោយឡាស៊ែរ និងការព្យាបាលដោយប្រើគ្រីស្តាល់ (ដោយប្រើភាពត្រជាក់ខ្លាំងដើម្បីបង្កកជាលិកាមិនធម្មតា) និងព្យាបាលបំបាត់ការឈឺចាប់។ ការព្យាបាលជំងឺមហារីក មានភាពតានតឹងខ្លាំងសម្រាប់កុមារ និងក្រុមគ្រួសារ ដូច្នេះមន្ទីរពេទ្យកុមារអង្គរ ក៏មានរួមបញ្ចូលនូវសេវាគាំទ្រផ្នែកផ្លូវចិត្ត និងហិរញ្ញវត្ថុដល់អ្នកជំងឺមហារីក និងអាណាព្យាបាល ដូចជាការផ្តល់ប្រឹក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ និងកញ្ចប់អាហារជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ឪពុកម្តាយអ្នកជំងឺក៏ទទួលបានការអប់រំចំណេះដឹង អំពីស្ថានភាពរបស់កូនៗ ដែលជាផែនការព្យាបាល និងផលប៉ះពាល់នៃការព្យាបាល និងរបៀបថែទាំកូនរបស់ពួកគេនៅផ្ទះថែមទៀតផង។

វេជ្ជបណ្ឌិត ខូវ ផារ៉ា ប្រធានផ្នែកអគារចក្ខុរោគ បានបង្ហាញថា “ក្នុងនាមជាគ្រូពេទ្យផ្នែកចក្ខុរោគម្នាក់នៃមន្ទីរពេទ្យកុមារអង្គរ ខ្ញុំបានពិនិត្យនឹងព្យាបាល កុមារមហារីកបាតភ្នែកជាច្រើននាក់។ អាណាព្យាបាលអ្នកជំងឺភាគច្រើនភ្ញាក់ផ្ញើលនៅពេលដែលដឹងថាកូនរបស់ខ្លួនមានជំងឺមហារីកបាតភ្នែក។ គ្រូពេទ្យផ្នែកចក្ខុរោគ និងផ្នែកមហារីកធ្វើការយ៉ាងជិតស្និតជាមួយគ្នាក្នុងការព្យាបាលកុមារម្នាក់ៗ ឱ្យបានជាសះស្បើយពីមហារីកនោះ។”ដោយសារតែមានការប្រឈមនឹងបញ្ហាមូលនិធិ ហើយចំនួនអ្នកជំងឺកាន់តែកើនឡើង ទើបមន្ទីរពេទ្យសូមអំពាវនាវដល់សាធារណៈជនទាំងអស់ សូមេត្តាចូលរួមគាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយរៃអង្គាសមួយនេះឲ្យបានទទួលជោគជ័យ សម្រាប់ការទ្រទ្រង់ផ្គត់ផ្គង់សេវាពិនិត្យព្យាបាលថែទាំជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានពន្យល់ថា “ ដើម្បីដំណើរការផ្តល់សេវាពិនិត្យព្យាបាល និងថែទាំជំងឺមហារីកទាំងមូល យើងត្រូវការចំណាយថវិកាចន្លោះពី ៣៥០,០០០ដុល្លារ ទៅ ៤៥០,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ ប្រសិនបើគ្មានមូលនិធិគ្រប់គ្រាន់នោះទេ ការពិនិត្យ ព្យាបាល និងថែទាំជំងឺមហារីកអាចនឹងត្រូវកាត់បន្ថយ រឺប្រឈមនឹងការបិទបញ្ឈប់ គឺបណ្តាលឲ្យមានការប៉ះពាល់ដល់ជីវិតកុមារកម្ពុជាជាច្រើនកំពុងតែមកទទួលសេវានេះ ពីមន្ទីរពេទ្យកុមារអង្គរយើង។

លោកបានអំពាវនាវដល់សប្បុរសជន សូមឲ្យមានការគាំទ្រនិងផ្តល់ជំនួយជាការបរិច្ចាគថវិកាជាប្រចាំខែ ឬប្រចាំឆ្នាំ ដល់មន្ទីរពេទ្យកុមារអង្គរ និងចែករំលែកការអំពាវនាវនេះទៅកាន់មិត្តភ័ក្តិ និងក្រុមគ្រួសារ លោកអ្នកអាចជួយសង្រ្គោះជីវិតកុមារក្នុងពេលបច្ចុប្បន្ននេះ និងទៅអនាគត”ផងដែរ៕
អត្ថបទ៖ គឿនវេត



-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ