ព័ត៌មានជាតិ
យុវជនមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនិងការពារសត្វផ្សោតនៅកម្ពុជា
ភ្នំពេញ ៖ “យុវជនអ្នកមានតួនាទីសំខាន់មួយក្នុងការផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងអំពីការការពារសត្វផ្សោតនៅកម្ពុជា ហេតុនេះការងារអភិរក្សសត្វផ្សោតពិតជាត្រូវការជាចាំបាច់នូវការចូលរួមរបស់យុវជនយើងទាំងអស់គ្នា”។
លោក ស្រ៊ុន លឹមសុង អគ្គនាយករងនៃរដ្ឋបាលជលផល បានមានប្រសាសន៍បែបនេះនៅក្នុងទិវាអន្តរជាតិនៃសត្វផ្សោតទឹកសាបដែលបានរៀបចំឡើងនិងសម្របសម្រួលដោយអង្គការ WWF ប្រចាំខេត្តក្រចេះ។
លោកបានមានប្រសាសន៍បន្ថែមថា ព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំនេះ បង្ហាញថា យុវជនកម្ពុជាកាន់តែច្រើនឡើងៗបានផ្តោតចំណាប់អារម្មណ៍លើការចូលរួមចំណែកការពារសត្វផ្សោតទន្លេមេគង្គ។
សត្វផ្សោតទន្លេមេគង្គបច្ចុប្បន្នមានចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ ដែលព័ត៌មាននេះបានបង្ហាញថាចំនួនសត្វផ្សោតស្ថិតនៅកម្រិតថេរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ គិតចាប់តាំងពីរបាយការណ៍នៃជំរឿនសត្វផ្សោតឆ្នាំ២០១៧មក។
សត្វផ្សោតទន្លេមេគង្គកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាបញ្ជីអន្តរជាតិថ្នាក់ខ្ពស់បំផុតនៃការចាត់ថ្នាក់ប្រភេទសត្វរងគ្រោះ ហើយសត្វផ្សោតទន្លេមេគង្គជាប្រភេទសត្វដែលត្រូវបានការពារយ៉ាងពេញលេញដោយច្បាប់ជលផលរបស់ព្រះរាជាណាចក្រកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ សត្វផ្សោតនៅតែបន្ដប្រឈមនឹងគ្រោះថ្នាក់ដោយសារការជាប់មងនេសាទ ការសាងសង់ទំនប់វារីអគ្គីសនីនៅចរន្ដទឹកខាងលើមេគង្គ ការនេសាទហួសកម្រិត និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាការឆក់ជាដើម ក្នុងចំណោមកត្តាគម្រាមកំហែងចំបងៗផ្សេងទៀត។
លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា៖ “ការអនុវត្តវិធានការអភិរក្សរួមគ្នានាប៉ុន្មានឆ្នាំកន្លងមកនេះបានរួមចំណែកបន្ថយអត្រានៃការធ្លាក់ចុះនៃចំនួនសត្វផ្សោតបានមួយកម្រិត ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នាអនុវត្តវិធានការបន្ទាន់បន្ថែមទៀតដើម្បីធានាថា ស្ថានភាព និងចំនួនសត្វផ្សោតអាចប្រសើរឡើងបាន។”
កញ្ញា នុត ពិសិដ្ឋរចនា ជានិស្សិតឆ្នាំទី៣ នៃដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា “ការចូលរួមចំណែកធានាការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាពលរដ្ឋកម្ពុជា។” កញ្ញាជាសមាជិកម្នាក់ក្នុងចំណោមក្រុមយុវជនអេកូយុវទូតចំនួន ១៥ នាក់ ដែលបានធ្វើទស្សនកិច្ចសិក្សានៅក្នុងតំបន់ជម្រកសត្វផ្សោតកាំពី ក្នុងគោលបំណងស្វែងយល់ដោយផ្ទាល់អំពីការអភិរក្សសត្វផ្សោត ស្របពេលដែលពិភពលោកបានកំពុងប្រារព្ធទិវាអន្តរជាតិនៃសត្វផ្សោតទឹកសាប។
រដ្ឋបាលជលផល និងអង្គការ WWF បានប្ដេជ្ញាចិត្តក្នុងការបន្ដសហការជិតស្និទ្ធជាមួយនឹងសហគមន៍មូលដ្ឋាន និងដៃគូផ្សេងទៀតដើម្បីជម្រុញការខិតខំបន្ថែមរួមគ្នាក្នុងការអនុវត្តអនុសាសន៍នានាដែលបានចែងក្នុងរបាយការណ៍នៃការប៉ាន់ប្រមាណចំនួនសត្វផ្សោតទន្លេមេគង្គឆ្នាំ ២០២០។
អនុសាសន៍ទាំងនោះរួមមានការពង្រឹងការអនុវត្តច្បាប់ជលផល និងការពង្រឹងការហាមឃាត់ការប្រើប្រាស់មងនេសាទខុសច្បាប់ក្នុងតំបន់ការពារជម្រកសត្វផ្សោត ការបន្ដការតាមដាននិងស្រាវជ្រាវចំនួនសត្វផ្សោតនៅក្នុងទន្លេមេគង្គ និងការគ្រប់គ្រងតំបន់ “រ៉ាមសារ” ក្នុងខេត្តស្ទឹងត្រែង ដើម្បីបង្កើនទិន្នផលត្រីសម្រាប់ជាប្រភពអាហាររបស់សហគមន៍មូលដ្ឋាន និងជាចំណីសម្រាប់សត្វផ្សោត៕
ដោយ ៖ វត្តី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់