ព័ត៌មានជាតិ
មន្ទីរពេទ្យកាល់ម៉ែត សម្ពោធដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនថតឆ្លុះសរសៃឈាមជំនាន់ចុងក្រោយ ស្របតាមស្តង់ដារអន្តរជាតិ
មន្ទីរពេទ្យកាល់ម៉ែត កាលពីព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីនថតឆ្លុះសរសៃឈាម Siemens Artis One (ស៊ីមិន អាធីស វ័ន) ជំនាន់ចុងក្រោយ ដើម្បីជំរុញការព្យាបាលអ្នកជំងឺកាន់តែទំនើប មានប្រសិទ្ធភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ ក្រោមការដឹកនាំផ្ទាល់លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។

លោកសាស្ត្រាចារ្យ សុខ ជួរ ប្រធានដេប៉ាតឺម៉ង់មជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង បានឲ្យដឹងថា ម៉ាស៊ីនថតឆ្លុះសរសៃឈាម Siemens Artis One ជំនាន់ចុងក្រោយ មានអត្ថប្រយោជន៍សម្រាប់ក្រុមគ្រូពេទ្យសង្គ្រោះអ្នកជំងឺដូចជា ៖ ការថតឆ្លុះសរសៃឈាមបេះដូង និងព្យាបាលដោយដាក់រឺស័រក្នុងជំងឺស្ទះសរសៃឈាមបេះដូងស្រួចស្រាវ និង រ៉ាំរ៉ៃ ការអន្តរាគមន៍ក្នុងការព្យាបាលជំងឺបេះដូងពីកំណើត ការអន្តរាគមន៍ក្នុងការព្យាបាលជំងឺស្ទះសរសៃឈាមខួរក្បាលស្រួចស្រាវ អាចថតឆ្លុះ និងព្យាបាលជំងឺត្បៀតសរសៃឈាមសរីរាង្គផ្សេងៗ ការព្យាបាលជំងឺលើសសម្ពាធឈាមដែលមិនអាចគ្រប់គ្រងបានដោយថ្នាំ ការវាយតម្លៃ និងវាស់សម្ពាធឈាមក្នុងបេះដូង សរសៃឈាមអាក់អរ សរសៃឈាមសួត ដើម្បីកំណត់ដំណាក់កាល និងពេលដែលត្រូវព្យាបាលសម្រាប់ជំងឺបេះដូងពីកំណើតមួយចំនួន។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ម៉ាស៊ីនថតឆ្លុះសរសៃឈាម Siemens Artis One ជំនាន់ចុងក្រោយនាពេលនេះ នឹងធ្វើឲ្យការព្យាបាល ការសង្គ្រោះអ្នកជំងឺកាន់តែលំអិត និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ផ្នែក នៃមន្ទីរពេទ្យកាល់ម៉ែត ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍មន្ទីរពេទ្យ ទទួលបានលទ្ធផលដ៏ល្អត្រចះត្រចង់ ក្លាយជាមន្ទីរពេទ្យឈានមុខក្នុងប្រទេស។ សមិទ្ធផលថ្មីនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពដឹកនាំរបស់សាស្ត្រាចារ្យប្រធានដេប៉ាតឺម៉ង់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ក្រុមការងារថែទាំ នៃមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូងទាំងមូល ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត យកចិត្តទុកដាក់លើការពិនិត្យ ព្យាបាលអ្នកជំងឺ ព្រមទាំងធ្វើនវានុវត្តន៍បច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាពិនិត្យ ព្យាបាលបែបទំនើប មានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់ ដោយផ្តល់ទំនុកចិត្តកាន់តែខ្ពស់បន្ថែមជូនដល់ប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន យូនីក មេឌីខល ឌីស្រី្ទប្យ៊ូសិន ខូអិលធីឌី (Unique Medical Distribution Co.,Ltd.) ដែលសហការជាមួយក្រុមហ៊ុន មេដត្រូនិក អ៊ិនធើណេសិនណល (Medtronic International) ផ្តល់ជំនួយម៉ាស៊ីនថតឆ្លុះសរសៃឈាមបន្ថែមថ្មីនាពេលនេះ ជាលើកទី ២ មានតម្លៃសរុប ៦០០,០០០USD (ប្រាំមួយរយពាន់ដុល្លារអាមេរិក) ព្រមទាំងបញ្ជូនអ្នកជំនាញមកជួយបង្ហាត់បង្ហាញ បណ្ដុះបណ្ដាល នៅកន្លែងផ្ទាល់ និងគាំទ្រឲ្យគ្រូពេទ្យឯកទេសមន្ទីរពេទ្យទៅសិក្សាបន្ថែមនៅក្រៅប្រទេស ដែលសបញ្ជាក់ឲ្យឃើញនូវទឹកចិត្តចូលរួមជួយអភិវឌ្ឍន៍ វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល៕
អត្ថបទ ៖ រស្មី








-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?