ព័ត៌មានជាតិ
លោកបណ្ឌិត ពេជ សោភ័ន ៖ ទីផ្សារការងារចាប់ផ្ដើមដំណើរការវិលរកប្រក្រតីភាពជាធម្មតាឡើងវិញ
លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល បានមានប្រសាសន៍ថា ទីផ្សារការងារចាប់ផ្ដើមមានដំណើរការវិលទៅរកប្រក្រតីភាពជាធម្មតាឡើងវិញបន្ទាប់ពី កម្ពុជា ទទួលរងនូវការរាតត្បាតជំងឺកូវីដ-១៩ រយៈពេល ២ ឆ្នាំ កន្លងមកនេះ។

ថ្លែងបើកពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២២ នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី ២៨ តុលានេះ លោកបន្តថា ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយជួបជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់គ្រងយ៉ាងល្អប្រសើរនូវស្ថានភាពរីករាលដាល នៃជំងឺកូវីដ-១៩ ហើយទីផ្សារការងារចាប់ផ្ដើមមានដំណើរការវិលទៅរកប្រក្រតីភាពជាធម្មតា ដោយបង្ហាញពីសំទុះ នៃការបើកឱកាសការងារថ្មីៗ ជាបន្តបន្ទាប់ និងសកម្មភាពដាក់ពាក្យស្វែងរកការងាររបស់យុវជនមានការកើនឡើងយ៉ាងសកម្ម។

លោកបន្តទៀតថា រយៈពេលពីរឆ្នាំកន្លងមក ទោះបីជាមានការរំខានដោយបញ្ហាកូវីដ-១៩ ក្តី ក៏ទីភ្នាក់ងារជាតិ និងមុខរបរ NEA បានបន្តរៀបចំពិព័រណ៍ការងារជាទៀងទាត់តាមប្រព័ន្ធអនឡាញ ដើម្បីបម្រើជូនភាគីពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីចូលរួមចំណែកជំរុញ និងរក្សាតុល្យភាពដំណើរការទីផ្សារការងារពេលទទួលរងសម្ពាធ។

លោកបណ្ឌិត ពេជ សោភ័ន បញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ NEA ក្នុងគោលបំណងសំខាន់បំផុត ការនាំឲ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារមានសមត្ថភាពនៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ, ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត, ទទួលបានការប្រឹក្សាយោបល់អាជីព, ការត្រៀមខ្លួនចូលការងារយ៉ាងសកម្មផុលផុស និងការស្វែងយល់ពីការបង្កើនផលិតភាព។

លោកបញ្ជាក់បន្ថែមថា ក្នុងន័យនេះ ពិព័រណ៍ការងារ គឺជាអន្តរការីក្នុងការជួយឲ្យនិយោជកអាចជ្រើសរើសកម្លាំងពលកម្មបានតាមតម្រូវការ, ទាន់ពេលវេលា និងឆ្លើយតបតាមតម្រូវការរបស់ភាគីពាក់ព័ន្ធ។ ក្នុងនោះ រួមបញ្ចូលគ្នានូវរបៀបវារៈសំខាន់ៗរួមមាន ៖ ១.ការតាំងបង្ហាញឱកាសការងារ និងដាក់ពាក្យស្វែងរកការងារ, ការទទួលបានព័ត៌មានថ្មីៗ អំពីតម្រូវការជំនាញក្នុងទីផ្សារការងារ, ការប្រឹក្សាយោបល់អាជីព និងការត្រៀមខ្លួនចូលទីផ្សារការងារ។ ២.សិក្ខាសាលាស្ដីពី«ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព» ដែលជាផ្នែកមួយ នៃយុទ្ធនាការផលិតភាពជាតិ ដើម្បីចែករំលែកនូវគំនិត, ចំណេះដឹង, ចំណេះធ្វើ និងបទពិសោធន៍ល្អៗ ដោយអ្នកជំនាញជាតិ-អន្តរជាតិ សំដៅបណ្ដុះផ្នត់គំនិតវិជ្ជមាន, កែប្រែឥរិយាបថ និងទម្លាប់មិនល្អចោល, បង្កើនការយល់ដឹងអំពីការលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងអាជីវកម្មក្នុងបរិបទ នៃឧស្សាហកម្មជំនាន់ទី ៤។ ៣.កម្មវិធីជ្រើសរើសរោងចក្រដែលមានស្នាដៃល្អក្នុងការអនុវត្តវិធានការសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ (OSH) ជាពិសេសលើការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ក្នុងឆ្នាំ ២០២២។ ៤.កម្មវិធីបង្កើតបណ្ដាញទំនាក់ទំនងផ្នែកធនធានមនុស្ស ក្នុងចំណោមនិយោជក និងភាគីពាក់ព័ន្ធដែលចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ដើម្បីផ្សារភ្ជាប់កាន់តែជិតស្និទ្ធនូវលំហូរព័ត៌មានទៅវិញទៅមកស្ដីពីឱកាសការងារ, ការជ្រើសរើសបុគ្គលិក, គោលនយោបាយផ្នែកធនធានមនុស្ស, ការបណ្ដុះបណ្ដាលជំនាញ និងការពង្រីកសក្ដានុពលផ្នែកសហគ្រិនភាព ជាដើម។

គួរបញ្ជាក់ថា ពិព័រណ៍នេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃសុក្រ-សៅរ៍ ទី ២៨ និង ២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ មាន ១៥០ បញ្ជរ ដែលគេរំពឹងថា មានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ ម៉ឺននាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ