រដ្ឋាភិបាល​ចាត់ទុក​ការ​លើកកម្ពស់​ភាពជា​អ្នកដឹកនាំ គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុងការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​ចាត់ទុក​ការ​លើកកម្ពស់​ភាពជា​អ្នកដឹកនាំ គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុងការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី

Published

on

ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​កិច្ចការ​នារី​បាន​ឲ្យ​ដឹងថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ការ​លើកកម្ពស់​ភាពជា​អ្នកដឹកនាំ និង​សហគ្រិនភាព គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ធំ​ពីរ​ក្នុង​ការ​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​និង​ក្មេងស្រី​ក្នុង​គោលដៅ​ ដើម្បី​ឈាន​ទៅ​លុបបំបាត់​គម្លាត​យេនឌ័រ​នៅ​កម្ពុជា​។​

ថ្លែង​នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី «​ភាពជា​ដៃគូ​លើ​ការ​លើកកម្ពស់​ភាពជា​អ្នកដឹកនាំ និង​ការអភិវឌ្ឍន៍​សហគ្រិនភាព​របស់​ស្ត្រី​»​រវាង​ក្រសួង​កិច្ចការនារី​និង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​២៦​តុលា​នេះ លោកស្រី គង់ សូ​រីតា អនុរដ្ឋលេខាធិការ ក្រសួង​កិច្ចការនារី បាន​មានប្រសាសន៍ថា​កិច្ចសហការ​រវាង​ក្រសួង​និង​ក្រុមហ៊ុន​កូ​កូ​កូ​ឡា​នេះ គឺជា​រូបមន្ត​និង​សក្តានុពល​ថ្មី​មួយទៀត ក្នុងការ​ពង្រីក​ដៃគូ ក្នុងការ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ ជាពិសេស​នៅក្នុង​វិស័យសេដ្ឋកិច្ច ការអភិវឌ្ឍន៍​សហគ្រិន​ភាព ភាពជា​អ្នកដឹកនាំ និង​ការគាំទ្រ​បរិយាកាស​ការងារ​សម្រាប់​ស្ត្រី​នៅក្នុង​វិស័យ​ឯកជន​។

​លោកស្រី​បាន​បន្ត​ថា «​កិច្ចសហប្រតិបត្តិការ​នេះ​សបញ្ជាក់​ពី​ការសហការ​យ៉ាង​ស្អិតរ​មួ​ត​រវាង​វិស័យ​សាធារណៈ ជាមួយនិង​វិស័យ​ឯកជន រួមចំណែក​ផ្តល់​ការលើកកម្ពស់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី រួមបញ្ចូល​ទាំង​បណ្តុះ​ស្មារតី​ជា​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​។

លោកស្រី ឡាវ ស្រី​ដែ​ត នាយិកា​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស មានប្រសាសន៍ថា «​ការចុះ​អនុស្សរណៈ​នា​ថ្ងៃនេះ មិនមែនជា​ចាប់ផ្តើម​កិច្ចសហការ​លើកដំបូង​រវាង​ក្រសួង​កិច្ចការនារី និង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​នោះទេ តែ​ថ្ងៃនេះ​គឺ​សក្ខីភាព​នៃ​ការ​រិត​ចំណង​កិច្ចសហប្រតិបត្តិការ​រ​បស់​ពួកយើង និង​ជាការ​បញ្ជាក់​អំពី​ការប្តេជ្ញា​របស់​ក្រុមហ៊ុន ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើ​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​»​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ភាគី​បាន​ប្រកាស​ពី​ឆន្ទៈ​យ៉ាងច្បាស់ ក្នុង​ការ​បង្កើន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី និង​ជំរុញ​ឱ្យ​ស្ត្រី​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ឲ្យ​អស់​លទ្ធភាព ក្នុងការ​ចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​-​សង្គមជាតិ​ប្រកបដោយ​បរិ​យា​ប័ន្ន​។

គួរ​បញ្ជាក់​ថា ​តាមរយៈ​ខ្លឹមសារ​នៃ​អនុស្សារណៈ​នេះ គូភាគី​នឹង​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី ដែលជា​ថ្នាក់ដឹកនាំ និង​បង្កើន​ចំនួន​បុគ្គលិក​ជា​ស្ត្រី​ក្នុង​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ដើម្បី​ឈានទៅ​សម្រេច​គោលដៅ ៥០-៥០% នៅ​ឆ្នាំ​ត្រឹម​២០២៥​។​អភិវឌ្ឍ​សហគ្រិនភាព​របស់​ស្ត្រី ជាពិសេស​អ្នកតំណាង​ចែកចាយ​ផលិតផល​។

រៀបចំ​ផែនការ​រួម ដើម្បី​ផ្តល់​វគ្គ​បណ្តុះបណ្តាល និង​ការគាំទ្រ​នានា​ដល់​ស្ត្រី ជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​និង​អនុវត្ត​គម្រោង​គាំទ្រ​ដល់​អាជីវករ​ខ្នាតតូច ជាពិសេស​អ្នកលក់ដូរ​តាម​ដងផ្លូវ​ក្នុង​ការ​បង្កើន​គុណភាព​ចំណីអាហារ អនាម័យ និង​អភិវឌ្ឍ​អាជីវកម្ម​៕
ដោយ ៖ សំអឿន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម