ព័ត៌មានជាតិ
៥ប្រទេស ឯកភាពពង្រីកការហោះហើរត្រង់ក្នុងអាស៊ាន ជំរុញគោលដៅទេសចរណ៍រួមគ្នា
រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសជាសមាជិកអេកម៉ិក (ACMECS) ៥ប្រទេសក្នុងតំបន់អាស៊ាន មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានជំរុញឱ្យមានតភ្ជាប់គោលដៅទេសចរណ៍រួមគ្នាក្រោមយុទ្ធនាការ “ប្រទេស៥ គោលដៅតែមួយ” តាមរយៈការលើកទឹកចិត្តដល់ក្រុមហ៊ុនអាកាសចរណ៍ពង្រីកការហោះហើរត្រង់ក្នុងតំបន់បន្ថែម។

កិច្ចប្រជុំអន្តរជាតិនេះ មានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍កម្ពុជា, ប្រតិភូឡាវ ដឹកនាំដោយ លោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍, ប្រតិភូមីយ៉ាន់ម៉ា ដឹកនាំដោយ លោក Htay Aung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ, ប្រតិភូថៃ ដឹកនាំដោយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា និងប្រតិភូវៀតណាម ដឹកនាំដោយ លោក Doan Van Viet អនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍។

នៅក្នុងអង្គប្រជុំ នាថ្ងៃទី៣ ខែវិច្ឆិកានេះ ប្រទេសទាំង៥ បានឯកភាពគ្នាយ៉ាងពេញទំហឹង ទាក់ទងនឹងការលើកកម្ពស់ការធ្វើដំណើរផ្ទៃក្នុងតំបន់អេកម៉ិក (ACMECS-Intra Travelers) ដោយសង្កត់ធ្ងន់ទៅលើការតភ្ជាប់ផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកបន្ថែមទៀត។ លើសពីនេះ រួមទាំងការជំរុញទេសចរណ៍ឱ្យមានការបើកបរដោយខ្លួនឯង និងការបន្តយុទ្ធនាការ “ប្រទេស៥ គោលដៅតែមួយ” ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីក្រៅតំបន់ ភាពចាំបាច់ក្នុងការពង្រឹងយន្តការស្ថាប័នទេសចរណ៍អេកម៉ិក ព្រមទាំង ជំរុញឱ្យមានការតភ្ជាប់ផលិតផលទេសចរណ៍ និងការចូលរួមពីវិស័យឯកជននានា។

ជាមួយគ្នានោះ រដ្ឋមន្ត្រីទេសចរណ៍អេកម៉ិក បានលើកទឹកចិត្តឱ្យបន្តការពង្រឹងបន្ថែម នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ចំណោមប្រទេសសមាជិក ដើម្បីធានាថាតំបន់អេកម៉ិក នៅតែមានភាពប្រកួតប្រជែង និងក្លាយជាគោលដៅទេសចរណ៍តែមួយប្រកបដោយសុវត្ថិភាព និងកក់ក្តៅ។ អ្វីដែលពិសេសជាងនេះ គឺរក្សាបាននូវសុវត្ថិភាព អនាម័យ ភាពធន់ គួរបន្ថែមនូវការបញ្ជ្រាបការយល់ដឹង និងពង្រីកការអនុវត្តក្នុងសកម្មភាពទេសចរណ៍ទាំងអស់។

រដ្ឋមន្ត្រីទេសចរណ៍នៃក្រុមប្រទេសទាំង៥ បានឯកភាពបន្តធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មផលិតផលទេសចរណ៍ រួមមាន ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ព្រឹតិ្តការណ៍កីឡាទេសចរណ៍ ទេសចរណ៍សុខភាព ទេសចរណ៍ម្ហូបអាហារ និងជំរុញនយោបាយទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ក្នុងទិសដៅបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍផលិតផល និងធុរកិច្ចទេសចរណ៍ និងបានដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ឱ្យក្លាយជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍប្រកបដោយភាពធន់ និងការទទួលខុសត្រូវ។

លោករដ្ឋមន្ត្រី ថោង ខុន និងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកដទៃបានជំរុញឱ្យមានការផ្លាស់ប្តូរបទពិសោធន៍លើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដូចជា កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ការអភិវឌ្ឍជំនាញឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង។

គួរបញ្ជាក់ថា អេកម៉ិក មានពាក្យពេញថា “យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី-ទន្លេចៅផ្រាយ៉ា-ទន្លេមេគង្គ” ដែលភាសាបច្ចេកទេសហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ ACMECS។ ទន្លេអាយ៉េយ៉ាវ៉ាឌី ឬទន្លេឥស្សរាវតីគឺលាតសន្ធឹងនៅប្រទេសមីយ៉ាន់ ទន្លេចៅផ្រាយ៉ា ឬចៅព្រះពញាលាតសន្ធឹងនៅប្រទេសថៃ ចំណែកឯទន្លេមេគង្គគឺបូកទាំងប្រទេសឡាវ កម្ពុជា និងវៀតណាតផងដែរ៕
អត្ថបទ៖ ឌឿនចាន់ ថាវី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ