Connect with us

ព័ត៌មានជាតិ

លេខាធិការដ្ឋានអាស៊ាន ប្រជុំភាពជាដៃគូ ដើម្បីធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្មបៃតង

បានផុស

នៅ

លេខាធិការដ្ឋានអាស៊ាន និងដៃគូអភិវឌ្ឍ ដំណើរការកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាពសំដៅធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូនកម្ពុជា នាពេលថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេពីចម្ងាយពីលេខាធិការដ្ឋានអាស៊ាន ដៃគូអភិវឌ្ឍ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ទីប្រឹក្សាភស្តុភារកម្មអន្តរជាតិនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) វិទ្យាស្ថានប្រព័ន្ធភ័ស្តុភារកម្មជប៉ុន និងវិស័យឯកជន។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍គោលនយោបាយទាក់ទងនឹងភស្តុភារកម្មបៃតង បញ្ហាប្រឈម និងការអនុវត្តល្អៗពីវាគ្មិនសំខាន់ៗ សំដៅស្វែងរកមធ្យោបាយធ្វើឱ្យប្រសើរឡើងដល់សកម្មភាពទាក់ទងនឹងភស្តុភារបៃតង។

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គនាយកបានថ្លែងកត់សម្គាល់ពីការចូលរួមយ៉ាងផុលផុសលើការពិភាក្សា និងការចែករំលែក​បទពិសោធន៍ ការអនុវត្តល្អៗ ការផ្តល់នូវធាតុចូលលើគោលនយោបាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹង​ភស្ភុភារកម្ម​បៃតងពីអង្គប្រជុំទាំងមូល ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហាទាក់ទងនឹងសង្គម។

លោកអគ្គនាយក បានកត់សំគាល់ឃើញថា អ្នកចូលរួមបានយល់ដឹងច្រើនអំពីវិធីគ្រប់គ្រងសកម្មភាពទាក់ទងនឹងភស្ភុភារកម្មបៃតង ជាពិសេសផែនការមេនៃគោលនយោបាយភស្តុភារគ្រប់ជ្រុងជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន ដែលផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ដើម្បីធ្វើឱ្យការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កាន់ តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការដោះស្រាយបញ្ហាសង្គម។

គួរបញ្ជាក់ថា ភស្តុភារកម្មបៃតង ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ដោយសារបម្រែបម្រួលអាកាសធាតុគឺជាបញ្ហាជាប់ពាក់ព័ន្ធនឹងវិស័យជាច្រើននៃសេដ្ឋកិច្ច វិស័យសាធារណៈ និងឯកជនចាំបាច់ត្រូវខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ ឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម