ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ៖ ផ្លូវជាតិលេខ៣ នឹងបញ្ចប់នៅខែកញ្ញាខាងមុខ មុនការគ្រោងទុក
ការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើង ខណៈដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត កាលពីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដែលការចុះពិនិត្យនេះ មានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរ ឬយ៉ាងណា ក៏ដូចជាដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ដល់ភាគីសាងសង់ផ្លូវនេះ សំដៅឱ្យការសាងសង់ផ្លូវកាន់តែមានគុណភាពថែមទៀត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ជារួមការសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន៩០ភាគរយហើយ គិតត្រឹមខែមករា ឆ្នាំ២០២១នេះ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ២០២១ ខាងមុខ (មុនកាលកំណត់រយៈពេលមួយឆ្នាំ) ដោយសារមានកិច្ចសហការល្អរវាងភាគីពាក់ព័ន្ធ និងការខិតខំរបស់ក្រុមហ៊ុន។ លោកទេសរដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវជាតិលេខ៣ គឺត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេសសាងសង់ គុណភាពសំណង់ និងស្តង់ដារសុវត្ថិភាព ដោយបំពាក់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn) និងស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេសជាដើម ក្នុងទិសដៅ រក្សាបាននូវល្បឿនអតិបរិមា ដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានកាន់តែច្រើនតាម ដែលអាចធ្វើបាន។
បើតាមលោកទេសរដ្ឋមន្ត្រី ក្រសួងគ្រោងបំពាក់ជញ្ជីងលើជញ្ជីង ដែលមានស្រាប់ ដើម្បីឱ្យមានស្ថានីយជញ្ជីងនៅសងខាងផ្លូវទាំងពីរ សំដៅសម្រួលដល់ការធ្វើចរាចរណ៍ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃច្បាប់។

សូមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក) និងដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះចំណាយថវិកាសរុបប្រមាណ២១៩.៩១១.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ។

ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី០៤ ខែមករា នេះលោកទេសរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពសាងសង់កំពង់ផែទេសចរណ៍នៅខេត្តកំពតផងដែរ ដែលកំពុងសាងសង់នៅលើផ្ទៃដីទំហំ៤ ហិកតា ជម្រៅ៤,៥ម៉ែត្រ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ បច្ចុប្បន្នកំពង់ផែនេះ សាងសង់រួចរាល់បាន៤៥ ភាគរយ ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២១នេះ៕
ដោយ ៖ កោះកែវ





សូមចុចអាន ៖ មនុស្សមានលក្ខណៈផ្ទាល់ខ្លួនបែបណាដែលសមស្របសម្រាប់តំណែង CEO ?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ