ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ ស្ថានីយ៍ប្រេងឥន្ទនៈ និងការដ្ឋានសំណង់ផ្សេងៗ តាមដងវិថីប្រតិភូឆ្លងកាត់ ត្រូវផ្អាកបណ្ដោះអាសន្ន កំឡុងពេលប្រជុំអាស៊ាន
ខណៈកិច្ចប្រជុំកំពូលអាស៊ាន នឹងត្រូវចាប់ផ្តើមឆាប់ៗនេះ តាមដងវិថីសំខាន់ៗ ដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់ ជាពិសេសមហាវិថីសហពន្ធ័រុស្ស៊ី រាល់ស្ថានីយ៍ប្រេងឥន្ទនៈ, ទីតាំងលក់រថយន្ត, ទីតាំងការដ្ឋានសំណង់ផ្សេងៗ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាលើកចុងក្រោយនាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកានេះ។
កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលើវឌ្ឍនភាព នៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័មួយចំនួនទៀត ចាប់ផ្តើមធ្វើពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក ឃួង ស្រេង បានថ្លែងថា «សុំលោក-លោកស្រី យកស្មារតីនៃកិច្ចប្រជុំកន្លងមក មកអនុវត្តឲ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អសម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលោកទី ៤០ និងលើកទី ៤១ ព្រមទាំងកិច្ចប្រជុំពាក់ពន្ធ័នាពេលដ៏ខ្លីខាងមុខនេះ ឲ្យបានជោគជ័យជាដាច់ខាត ដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយ កាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ ២០១២រួចមកហើយ»។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឲ្យអស់លោក-លោកស្រី ជាអភិបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ត្រូវពិនិត្យមើលទីតាំងអាជីវកម្មណា ដែលអាចបង្កឲ្យមានហានិភ័យក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីជូនដំណឹងឲ្យពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិន អំឡុងកិច្ចប្រជុំអាស៊ាននេះ ព្រោះនេះជាមុខមាត់ និងជាកិត្តិយសប្រទេសជាតិធំធេងណាស់។
លោកអភិបាល លើកឡើងថា ដងវិថីសំខាន់ៗ ដែលគណៈប្រតិភូត្រូវធ្វើដំណើរឆ្លងកាត់ ជាពិសេសមហាវិថីសហពន្ធ័រុស្ស៊ី រាល់ស្ថានីយ៍ប្រេងឥន្ទនៈ, ទីតាំងលក់រថយន្ត, ការដ្ឋានសំណង់ផ្សេងៗ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។ រីឯទីតាំង KTV, ក្លឹបកំសាន្ត, ទីតាំងផ្ញើរម៉ូតូ-ឡាន ឬចតតាមចិញ្ចើមថ្នល់ត្រូវបានហាម មិនឲ្យមានឡើយ។ ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេ រួមមាន៖ ដាយត្រី, បែរត្រី, កប៉ាល់, កាទូតទេសចរណ៍ ឬទូកនេសាទ ក៏ត្រូវបានហាមឃាត់មិនឲ្យមានការបើកបរឆ្លងកាត់ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះដែរ។
ចំពោះភ្ញៀវ ដែលមកស្នាក់នៅតាមសណ្ឋាគារ, ផ្ទះសំណាក់ ម្ចាស់ទីតាំងត្រូវផ្តល់កិច្ចសហការឲ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី តាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវ ដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួន រួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។
លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំណាមួយ នៅកន្លែងភ្ញៀវស្នាក់នៅ ឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ ក៏ដូចជាការតវ៉ាផ្សេងៗគឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត។
លោកបញ្ជាក់ថា «យើងបន្តរួមគ្នាធ្វើការងារដែលនៅសេសសល់ ពិសេសការការពារ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឲ្យបានល្អបំផុត ដោយសហការជាមួយកម្លាំងថ្នាក់ជាតិគ្រប់ជំនាញ»។ បន្ថែមពីលើនេះ លោក ឃួង ស្រេង ក៏បានអំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទៅលើការរួមចំណែកទុកដាក់សំរាម កាកសំណល់ផ្សេងៗ ឲ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅដ្ឋានរៀងៗខ្លួន រួមទាំងការដាក់ទង់ជាតិឲ្យបានគ្រប់លំនៅដ្ឋាន ផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ