ព័ត៌មានជាតិ
ក្រុមអតីតអ្នកការទូតកម្ពុជា សម្តែងក្តីឈឺចាប់ចំពោះអតីតមន្ត្រីជាន់ខ្ពស់សិង្ហបុរី១រូប ចង់ឲ្យដកកម្ពុជាចេញពីអាស៊ាន
តាមរយៈលិខិតចំហមួយ ដែលត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃនេះ ក្រុមអតីតអ្នកការទូត និងអ្នកការទូតបច្ចុប្បន្នរបស់កម្ពុជា មានការឈឺចិត្តទៅនឹងអត្ថបទរបស់លោក ប៊ីឡាហារី កូស៊ីខាន់ (Bilahari Kausikan) អតីតលេខាអចិន្ត្រៃយ៍ នៃក្រសួងការបរទេសសិង្ហបុរី ដែលបានចុះផ្សាយនៅលើគេហទំព័រ Mothership កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
លិខិតចំហរ ដែលមានចំណងជើងថា “អ្នកចម្បាំងចចកសិង្ហបុរីម្នាក់កំពុងបំផ្លាញសាមគ្គីភាព និងមជ្ឈភាពអាស៊ាន” បានសរសេរថា “យើងខ្ញុំគឺជាក្រុមអតីតអ្នកការទូតដែលបានចូលនិវត្តន៍ និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នរបស់កម្ពុជា។ យើងខ្ញុំសរសេរលិខិតចំហនេះ ក្នុងនាមជាពលរដ្ឋកម្ពុជា និងពលរដ្ឋអាស៊ាន ដែលមានការឈឺចិត្តទៅនឹងអត្ថបទរបស់លោក Bilahari Kausikan ដែលបានចុះផ្សាយនៅលើគេហទំព័រ Mothership នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០”។
លិខិតបន្តថា នៅពេលបានអានអំពីសាវតាររបស់អ្នក និពន្ធដែលមានប្រវត្តិការងារយូរអង្វែងក្នុងនាមជាអ្នកការទូត យើងបានរំពឹងថា នឹងទទួលបានអត្ថបទដែលមានខ្លឹមសារស៊ីជម្រៅ ប៉ុន្តែយើងបែរជាឃើញអត្ថបទ ដែលត្រឹមតែចង់ទាក់ទាញការចាប់ អារម្មណ៍ គ្មានសង្គតិភាព និងមិនស៊ីសង្វាក់គ្នាលើចំណុចជាច្រើន។ អ្វីដែលយើងយល់ថា គួរអោយជិនឆ្អន់គឺភាពក្រអឺតក្រទម និងឆ្មើងឆ្មៃរបស់គាត់ មិនមែនតែចំពោះប្រទេសកម្ពុជា និងឡាវប៉ុណ្ណោះទេ ប៉ុន្តែចំពោះថ្នាក់ដឹកនាំអាស៊ាននាពេលបច្ចុប្បន្ននេះទៀត ដែលជាឥរិយាបថមួយដែលមិនអាចទទួលយកបាន ក្នុងនាមជាអតីតអ្នកការទូតម្នាក់។ ពេញមួយអត្ថបទរបស់គាត់ គាត់បានធ្វើការអះអាងដែលខុសឆ្គង និងចន្លោះប្រហោង ដែលជាការបំភាន់បញ្ញា និងធ្វើឱ្យអន្តរាយដល់វិធាននៅក្នុងតំបន់ ជាពិសេសអាស៊ាន។ យើងមានអារម្មណ៍ថា គាត់ហាក់ដូចជាកំពុងសម្តែងចេញនូវអារម្មណ៍នឹកស្រណោះដល់កាលដែលគាត់មានភាពថ្កុំថ្កើង និងស្រែកយំចង់ទាញចំណាប់អារម្មណ៍ ដោយសារខ្លាចគេភ្លេចគាត់។
បើតាមក្រុមអតីតអ្នកការទូត និងអ្នកការទូតបច្ចុប្បន្ន វាជាការមិនសមហេតុផល និងគ្រោះថ្នាក់ក្នុងការអះអាងថា “អាស៊ានអាចនឹងកាត់ប្រទេសកម្ពុជា និងឡាវចេញ ប្រសិនបើពួកគេធ្វើការជ្រើសរើសខុស” ។ នេះមិនមែនជាលើកទីមួយទេ ដែល “អ្នកចម្បាំងចចក” របស់សិង្ហបុរីរូបនេះបានស្នើឱ្យបណ្តេញប្រទេសកម្ពុជា និងឡាវចេញពីអាស៊ាន។ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ គាត់បានសរសេរនៅលើហ្វេសប៊ុករបស់គាត់ថា “ខ្ញុំប៉ងថា យើងអាចបណ្តេញប្រទេសកម្ពុជាចេញ ប៉ុន្តែយើងមិនអាចធ្វើបែបនេះបាន។ ដូច្នេះ អ្វីដែលល្អបន្ទាប់គឺរៀបចំការប្រជុំរដ្ឋមន្ត្រីការបរទេសពិសេស ហើយប្រើការប្រជុំនោះដើម្បីរៀបចំការវាយប្រហាររិះគន់ដល់ប្រទេសកម្ពុជា ធ្វើឲ្យកម្ពុជាទទួលយកសារនេះ និងលាឈប់។ ប្រ សិនបើប្រទេសឡាវធ្វើតាម ខ្ញុំមិនយំស្រណោះទេ។ ប៉ុន្តែខ្ញុំសង្ស័យថា គ្មាននរណាមានសេចក្តីក្លាហាននឹងធ្វើរឿងនេះ”។
វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលអតីតអ្នកការទូតម្នាក់នេះ បែរខ្នងចំពោះគោល ការណ៍គ្រឹះដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានគេស្គាល់ជាទូទៅថាជា “មាគ៌ាអាស៊ាន” ឬមួយក៏គាត់ចាស់វង្វេង និងភ្លេចភ្លាំង។ “មាគ៌ាអាស៊ាន” បានដាក់ ចេញនូវគោលការណ៍ណែនាំ ដើម្បីគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋនៅអាស៊ីអាគ្នេយ៍ និងពិភពលោក បូករួមទាំងគោលការណ៍គោរពគ្នាទៅវិញទៅមកចំពោះសមភាពអធិបតេយ្យ ការមិនជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា និងការ សម្រេចចិត្តដោយយោងលើកុងសង់ ស៊ីស (ការសម្រេចដោយឯកច្ឆ័ន្ទ)។
គោលការណ៍គ្រប់គ្រងនេះ បាននឹងកំពុងបម្រើឲ្យអាស៊ានបានយ៉ាងល្អប្រសើរអស់រយៈពេល៥ទសវត្សរ៍ចុងក្រោយនេះ ទោះបីតំបន់នេះបានប្រឈមកាលៈទេសៈលំបាក ដែលពេលខ្លះមានភាពស្រួចស្រាល់ជាងពេលបច្ចុប្បន្ននេះទៀតក្តី។ វាជារឿងគ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ ហើយប្រៀបបាននឹងការធ្វើអត្តឃាត ប្រសិនបើយើងលះបង់ចោលគោលការណ៍ទាំងនេះ ដោយហេតុផលដ៏សាមញ្ញ និងជាក់ច្បាស់ដែលថា សាមគ្គីភាព និងមជ្ឈភាពអាស៊ាននឹងត្រូវរង្គោះរង្គើដល់ឫសគល់។ លើសពីនេះទៅទៀត វាជារឿងមិនសមហេតុផល និងត្រឡប់ត្រឡិន ដែលលោក Bilahari ប្រកាសថា “យើងជាស្ថាប័នអន្តររដ្ឋ និងមិនមែនជាស្ថាប័នដែលនៅពីលើជាតិ” ប៉ុន្តែបែរជាគាត់ជំរុញគោលគំនិតថា រដ្ឋសមាជិកអាស៊ានមួយចំនួនគួរតែត្រូវបានបណ្តេញចេញពីស្ថាប័នតំបន់នេះទៅវិញ។ គាត់ហាក់ដូចជាភ្លេច ឬធ្វើពុតជាភ្លេចថា អាស៊ានមិនដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតសិទ្ធិអំណាចលើសពីថ្នាក់ជាតិនោះទេ នៅក្នុងការកំណត់ទិសដៅសេដ្ឋកិច្ច នយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋជាសមាជិក។
បើតាមអតីតអ្នកការទូតទាំងនោះ ភាពត្រឡប់ត្រឡិនរបស់ Bilahari កាន់តែធ្ងន់ធ្ងរលើចំណុចមួយចំនួនទៀត។ គាត់អះអាងថា រដ្ឋទាំងឡាយត្រូវតែស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួន។ ជាការពិត ផលប្រយោជន៍ជាតិរបស់កម្ពុជាដែលត្រូវបានកំណត់ដោយថ្នាក់ដឹកនាំដែលបានជាប់ឆ្នោត គឺដើម្បីការពារអធិបតេយ្យជាតិ ធានាការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម និងបង្កើតគោលនយោបាយការបរទេសដែលឆ្លើយតបនឹងតម្រូវការជាតិរបស់ខ្លួន និងស្របតាមតម្រូវការតំបន់របស់អាស៊ាន និងតួអង្គតំបន់ផ្សេងទៀត។ នៅពេលដែលគាត់អះអាងថា ការទម្លាក់កម្ពុជានិងឡាវគឺដើម្បីរក្សាការពារសមាជិក ៨ ផ្សេងទៀត នោះបានន័យថា គាត់គឺជាមនុស្សខ្ជិលខាងបញ្ញាស្មារតីដោយសន្មត់ថា ប្រទេសប្រាំបីគឺជាតំណាងកុងសង់ ស៊ីសរបស់តំបន់ ប៉ុន្តែតើវាជាកុងសង់ស៊ីសតំបន់ដែរឬយ៉ាងណានៅពេលដែលគ្មានកម្ពុជា និងឡាវ ? កុងសង់ស៊ីសបែបនេះជាកុងសង់ស៊ីសទន់ជ្រាយ ហើយដូច ដែលគាត់លើកហើយថា ប្រទេសទាំង៨ ក៏ត្រូវយកចិត្តទុកដាក់ចំពោះផល ប្រយោជន៍ជាតិរបស់ខ្លួនដែរ ហើយផលប្រយោជន៍ទាំងនោះមិនអាចដូចគ្នាទាំងស្រុងនោះឡើយ។ ការពិត គឺនៅត្រង់ថា សមាជិកអាស៊ានទាំងអស់កំពុងតែមានការប្រុងប្រយ័ត្ន ចំពោះការប្រកួតប្រជែងរបស់មហាអំណាចដែលកំពុងកើតមាននៅក្នុងតំបន់។ នៅក្នុងកុងសង់ស៊ីសទន់ជ្រាយបែបនេះ កម្ពុជាក៏មានជំហររបស់ខ្លួនដែរ នោះគឺជាការព្យាយាមការពារអធិបតេយ្យជាតិរបស់ខ្លួន ពោលគឺការការពារសិទ្ធិស្វ័យសម្រេចនៅលើ វិស័យមួយចំនួន។ យើងក៏ចាំបាច់ត្រូវលើកផងដែរថា វិទ្យាស្ថាន ISEAS-Yusof Ishak គឺជាវេទិកាសំខាន់មួយសម្រាប់អ្នកប្រយុទ្ធចចកមួយចំនួន ដើម្បីជំរុញការនិទានបំភ្លៃថា ប្រទេសកម្ពុជាគឺជារដ្ឋចំណុះរបស់ចិន។ វិទ្យាស្ថាននេះតែងតែរៀបចំព្រឹត្តិការណ៍ និងសរសេរអត្ថបទដើម្បីវាយប្រហារប្រទេសកម្ពុជា។ ថ្មីៗនេះ នៅចុងខែកញ្ញា ឆ្នាំ ២០២០ នៅពេលមន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) អះអាងថា ទីក្រុងប៉េកាំងទំនងជាបានពិចារណាអំពីទីតាំងសម្រាប់ដឹកជញ្ជូនភ័ស្តុភារយោធានៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៥ លោក Ian Storey ដែលជាសមាជិកជាន់ខ្ពស់ម្នាក់នៅវិទ្យាស្ថាននេះ បានទាញសេចក្តីសន្និដ្ឋានសាមញ្ញមួយថា“ ឆន្ទៈ [ធ្វើជាម្ចាស់ផ្ទះ ផ្តល់ជាមូលដ្ឋានយោធាចិន] ហាក់ដូចជាមិនសូវមានទេ លើកលែងតែក្នុងករណីកម្ពុជា” ។ នេះគ្មានអ្វីក្រៅពីការវាយប្រហារដែលមានការរៀបចំ ដោយអ្វីដែលគេហៅថា វិទ្យាស្ថានស្រាវជ្រាវឯករាជ្យ ដើម្បីជំរុញ “ទ្រឹស្តីអាយ៉ង” ចំពោះកម្ពុជា ប៉ុន្តែតើអ្វីខ្លះជាលក្ខណៈវិនិច្ឆ័យ “អាយ៉ង” ? តើពាក្យចចាមអារាមគ្មានមូលដ្ឋានដែលថា ប្រទេសកម្ពុជាអាចធ្វើជាមូលដ្ឋានទ័ពចិន គឺជាលក្ខខណ្ឌកំណត់របស់ “អាយ៉ង” ឬ? គួរឲ្យហួសចិត្តដែល “អ្នកចម្បាំងចចក” និងវិទ្យាស្ថានស្រាវជ្រាវទាំងនោះ បែរជាព្រងើយកន្តើយទៅនឹងតថភាពជាក់ស្តែង ដែលប្រទេសមួយចំនួន បូករួមទាំងសិង្ហបូរីដែរនោះបានផ្តល់សិទ្ធិដាក់មូលដ្ឋានទ័ព ឬសិទ្ធិជួលមូលដ្ឋានទ័ព ទៅឱ្យប្រទេសមានអំណាចនៅខាងក្រៅតំបន់ជាយូរណាស់មកហើយ។ និយាយបែបនេះមិនមែនបានន័យថា យើងមិនគោរពសិង្ហបូរីដែលជារដ្ឋអធិបតេយ្យនោះទេ ប៉ុន្តែយើងគ្រាន់តែលើកដើម្បីពន្យល់បកស្រាយ។ សំណួរ គឺនៅត្រង់ថា (១) តើប្រទេសទាំងនោះគឺជាអាយ៉ាង? (២) តើសម្ព័ន្ធមិត្តទាំងអស់របស់អាមេរិកនៅក្នុងតំបន់គឺសុទ្ធតែជាអាយ៉ង? និង (៣) បើប្រៀបធៀបពាក្យចចាមអារ៉ាមដែលថា កម្ពុជាអាចនឹងផ្តល់ទីតាំងកំពង់ផែទៅឲ្យបរទេស ជាមួយនឹងការផ្តល់សិទ្ធិនៅក្នុងមូលដ្ឋានទ័ពរបស់សិង្ហបូរីចំពោះប្រទេសមានអំណាចផ្សេងទៀត តើមួយណាទៅដែលជាកត្តាបង្កអស្ថិរភាព និងធ្វើឲ្យខូចខាតទំនុកចិត្តជាយុទ្ធសាស្ត្រនៅក្នុងតំបន់? ចំណុចសំខាន់គឺនៅត្រង់ថា នៅពេលដែលអ្នកចង្អុលមុខអ្នកដទៃ អ្នកគួរតែមើលខ្លួនឯងផង ព្រោះថា ម្រាមផ្សេងទៀតគឺកំពុងចង្អុលមកលើខ្លួនឯង។
លោក Bilahari និងវិទ្យាស្ថាន ISEAS-Yusof Ishak គួរតែឈប់តាំងខ្លួនជាអ្នកមានភាពផ្តាច់មុខនៃចំណេះដឹង និងបញ្ញាញាណ។ ប្រទេសផ្សេងទៀតនៅអាស៊ាន បូករួមទាំងកម្ពុជាផងនោះ ក៏មានវិទ្យាស្ថានស្រាវជ្រាវដែលមានអតីតអ្នកការទូតចូលរួមដែរ ប៉ុន្តែយើងមិនលាក់ពុតត្បុតជ្រកក្រោម “រនាំង” ឯករាជ្យដើម្បីជេរប្រមាថសមាជិកអាស៊ាន ហើយធ្វើឲ្យអន្តរាយដល់សាមគ្គីភាព និងមជ្ឈភាពអាស៊ាននោះទេ។ បើនិយាយពីតួអង្គភ្នាក់ងារ ដែលជាចំណុចសំខាន់របស់អត្ថបទលោក Bilahari យើងក៏ឆ្ងល់ដែរថា តើគាត់ និងវិទ្យាស្ថាន ISEAS-Yusof Ishak គឺជា “ភ្នាក់ងារ” របស់នរណា ?
គំនិតដែលថា “កម្ពុជានិងឡាវមានទំនោរឃ្លីងឃ្លោង ងាកទៅរកកំហុសដូចគ្នា ដែលនាំឱ្យមានលទ្ធផលគួរឱ្យខ្លោចផ្សារបំផុត សម្រាប់ប្រទេសរបស់ពួកគេនៅចុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០” គឺជាការនិយាយដែលមិនអាចយល់បាន ហើយជាការប្រមាថតែម្តង។ យើងខ្ញុំសូមទុកជូនប្រទេសឡាវ បញ្ជាក់ដោយខ្លួនឯងអំពីការប្តេជ្ញាចិត្តរក្សាអព្យាក្រឹតភាពរបស់ខ្លួនចុះ។ សម្រាប់ប្រទេសកម្ពុជា អព្យាក្រឹតភាព និងការមិនចូលបក្សសម្ព័ន្ធ គឺនៅតែជាគោលការណ៍គ្រឹះនៃគោលនយោបាយការបរទេស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជា មិនដែលចាត់ទុកការប្រកាន់យកអព្យាក្រឹតភាព និងការមិនចូលជាបក្សសម្ព័ន្ធ ជាការលេងសើចនោះទេ ពីព្រោះប្រវត្តិសាស្ត្រកម្ពុជា តែងតែរំលឹកឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈដឹងយ៉ាងច្បាស់ថា ការបោះបង់ចោលគោលការណ៍ទាំងនេះ ជាពិសេសដោយរបប លន់ នល់ នៅឆ្នាំ១៩៧០ បានបណ្តាលឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិល និងអំពើឃោរឃៅបំផុតនៃសតវត្សរ៍ទី២០។
អ្វីដែលគួរឲ្យហួសចិត្តនោះគឺ ខណៈពេលដែលលោក Bilahari បក្សពួករបស់ខ្លួន និងវិទ្យាស្ថានស្រាវជ្រាវឯករាជ្យ កំពុងប្រៀនប្រដៅប្រទេសកម្ពុជាឱ្យរក្សា “អព្យាក្រឹតភាពពិតប្រាកដ” មួយ ពួកគេបែរជាបានជំរុញដោយឥតអៀនខ្មាស ឲ្យមានការចូលរួមកាន់តែសកម្មពីសំណាក់មហាអំណាចខាងក្រៅ នៅក្នុងអនុតំបន់មេគង្គ ក្រោមលេសថា “ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន”។ ពួកគេក៏បានអំពាវនាវដល់ប្រទេសនៅតាមដងទន្លេមេគង្គឱ្យចូលរួមក្នុងប្លុកប្រឆាំងនឹងចិនផងដែរ។ តើនេះគឺជាការអំពាវនាវឲ្យមានអព្យាក្រឹតភាពនៃតំបន់មេគង្គដែរមែនទេ? ឬក៏ជាការប៉ុនប៉ងធ្វើឱ្យតំបន់មេគង្គក្លាយទៅជាសមរភូមិប្រយុទ្ធរបស់ប្រទេសមហាអំណាចម្តងទៀត ?
ប្រទេសកម្ពុជា រួមជាមួយបណ្តាប្រទេសមេគង្គ មិនមានបំណងចង់កាន់ជើងប្រទេសណាមួយទេ។ យើងគ្រាន់តែចង់រស់នៅក្នុងសុខសន្តិភាព និងស្ថិរភាព ដែលអាចធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមរបស់យើងតែប៉ុណ្ណោះ។ យើងគ្រាន់តែចង់ចូលរួមប្រកបដោយការស្ថាបនា ក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ សូមកុំឱ្យយើងខ្ញុំជាប់ជំពាក់ក្នុងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច។ សូមបញ្ឈប់ផ្នត់គំនិតបែបឈ្នះចាញ់ដាច់ខាតបែបនេះ ដែលបានបង្កឱ្យមានសោកនាដកម្មរាប់មិនអស់រួចទៅហើយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
សរុបសេចក្ដីមក យើងពិតជាមិនជឿថា មានប្រទេសណាមួយនៅក្នុងអាស៊ាន រួមទាំងសមាជិកដែលមាន “កិត្តិយស” ទាំង ៨ ដែលបាននិយាយអំពីការទម្លាក់ចោលប្រទេសកម្ពុជា និងឡាវនោះទេ។ ផ្ទុយមកវិញ ដូចដែលយើងបានឃើញជាក់ស្តែង នៅក្នុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ សមាជិកអាស៊ានទាំង១០ កំពុងខិតខំប្រឹងប្រែងទ្វេដង ដើម្បីបន្តគោលការណ៍នៃការឯកភាពនៅក្នុងភាពចម្រុះ ដែលជាគោលនយោបាយចម្រុះ ដែលសមស្របតាមផលប្រយោជន៍ជាតិរបស់សមាជិកម្នាក់ៗ និងសមស្របតាមការឯកភាពលើគោលការណ៍ដែលត្រូវបានចែងក្នុងឯកសារ និងគោលនយោបាយផ្សេងៗរបស់អាស៊ាន។ ការប្រឈមនៅក្នុងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច មិនមែនជាបទពិសោធន៍ថ្មីទេសម្រាប់អាស៊ាននោះទេ ដូចដែលលោក Bilahari បានទទួលស្គាល់ផងដែរ ប៉ុន្តែអ្នកការទូតពិតប្រាកដ មិនថា អ្នកការទូតអតីត ឬអ្នកការទូតបច្ចុប្បន្ន គួរតែប្រើភាពឆ្លាតវៃ ជំនាញ ព្រមទាំងបទពិសោធន៍ និងគតិបណ្ឌិតជាច្រើនទសវត្សរ៍របស់ខ្លួនដើម្បីពន្លត់ភ្លើង។ ហើយដើម្បីពន្លត់ភ្លើង យើងត្រូវប្រើទឹក មិនមែនប្រើប្រេងទេ។ ក្នុងនាមជាអ្នកគាំទ្រដ៏ក្លៀវក្លារបស់អាស៊ាន យើងជឿជាក់ថា លោក Bilahari គួរតែចូលនិវត្តន៍ឱ្យពិតប្រាកដទៅ។
ក្រុមអតីតអ្នកការទូត និងអ្នកការទូតបច្ចុប្បន្នលើកឡើងទៀតថា បើគាត់មានការអាឡោះអាល័យពីអតីតកាលរបស់គាត់ គាត់គួរតែងាកទៅអង្គុយច្រៀងបទកំសត់ៗ (តាមបទភ្លេង “Blues”) ហើយគយគន់មើលព្រះអាទិត្យ អស្តង្គតល្អជាង។ អាស៊ានត្រូវការសំលេងថ្មីប្រកបដោយទំនុកចិត្ត មិនមែនសម្លេងនៃការទាស់ទែងគ្នាទេ៕
ដោយ ៖ កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/10/IMG_20201027_202851_814.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច