ក្រុម​អតីត​អ្នកការទូត​កម្ពុជា សម្តែង​ក្តី​ឈឺចាប់​ចំពោះ​អតីតមន្ត្រី​ជាន់ខ្ពស់​សិង្ហ​បុរី​១​រូប ចង់​ឲ្យ​ដក​កម្ពុជា​ចេញពី​អាស៊ាន – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ក្រុម​អតីត​អ្នកការទូត​កម្ពុជា សម្តែង​ក្តី​ឈឺចាប់​ចំពោះ​អតីតមន្ត្រី​ជាន់ខ្ពស់​សិង្ហ​បុរី​១​រូប ចង់​ឲ្យ​ដក​កម្ពុជា​ចេញពី​អាស៊ាន

Published

on

តាមរយៈ​លិខិត​ចំហ​មួយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃនេះ ក្រុម​អតីត​អ្នកការទូត និង​អ្នកការទូត​បច្ចុប្បន្ន​របស់​កម្ពុជា មានការ​ឈឺចិត្ត​ទៅនឹង​អត្ថបទ​របស់​លោក ប៊ី​ឡា​ហារី កូ​ស៊ី​ខាន់ (Bilahari Kausikan) អតីត​លេខា​អចិន្ត្រៃយ៍ នៃ​ក្រសួងការបរទេស​សិង្ហ​បុរី ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ Mothership កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​។

​លិខិត​ចំហរ ដែលមាន​ចំណងជើង​ថា “​អ្នក​ចម្បាំង​ចចក​សិង្ហ​បុរី​ម្នាក់​កំពុង​បំផ្លាញ​សាមគ្គីភាព និង​មជ្ឈភាព​អាស៊ាន​” បានសរសេរថា “​យើងខ្ញុំ​គឺជា​ក្រុម​អតីត​អ្នកការទូត​ដែល​បាន​ចូលនិវត្តន៍ និង​អ្នកការទូត​ដែល​កំពុង​បំពេញ​តួនាទី​បច្ចុប្បន្ន​របស់​ក​ម្ពុ​ជា​។ យើងខ្ញុំ​សរសេរ​លិខិត​ចំហ​នេះ ក្នុងនាម​ជា​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​អាស៊ាន ដែលមាន​ការឈឺ​ចិត្ត​ទៅនឹង​អត្ថបទ​របស់លោក Bilahari Kausikan ដែល​បាន​ចុះផ្សាយ​នៅលើ​គេហទំព័រ Mothership នៅ​ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២០”​។

លិខិត​បន្ត​ថា នៅពេល​បាន​អាន​អំពី​សាវតារ​របស់​អ្នក និពន្ធ​ដែល​មាន​ប្រវត្តិ​ការងារ​យូរអង្វែង​ក្នុងនាម​ជា​អ្នកការទូត យើង​បាន​រំពឹង​ថា នឹង​ទទួលបាន​អត្ថបទ​ដែល​មាន​ខ្លឹមសារ​ស៊ីជម្រៅ ប៉ុន្តែ​យើង​បែរជា​ឃើញ​អត្ថបទ ដែល​ត្រឹមតែ​ចង់​ទាក់ទាញ​ការចាប់ អារម្មណ៍ គ្មាន​សង្គតិភាព និង​មិន​ស៊ីសង្វាក់​គ្នា​លើ​ចំណុច​ជាច្រើន​។ អ្វី​ដែល​យើង​យល់ថា គួរអោយ​ជិនឆ្អន់​គឺ​ភាព​ក្រអឺតក្រទម និង​ឆ្មើងឆ្មៃ​របស់គាត់ មិនមែន​តែ​ចំពោះ​ប្រទេស​កម្ពុជា និង​ឡាវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​ថ្នាក់ដឹកនាំ​អាស៊ាន​នាពេល​បច្ចុប្បន្ននេះ​ទៀត ដែល​ជា​ឥរិយាបថ​មួយ​ដែល​មិនអាច​ទទួលយកបាន ក្នុងនាម​ជា​អតីត​អ្នកការទូត​ម្នាក់​។ ពេញ​មួយ​អត្ថបទ​របស់គាត់ គាត់​បានធ្វើ​ការអះអាង​ដែល​ខុសឆ្គង និង​ចន្លោះប្រហោង ដែល​ជាការ​បំភាន់​បញ្ញា និង​ធ្វើឱ្យ​អន្តរាយ​ដល់​វិធាន​នៅក្នុង​តំបន់ ជាពិសេស​អាស៊ាន​។ យើង​មាន​អារម្មណ៍​ថា គាត់​ហាក់ដូចជា​កំពុង​សម្តែង​ចេញ​នូវ​អារម្មណ៍​នឹក​ស្រណោះ​ដល់​កាលដែល​គាត់​មាន​ភាព​ថ្កុំថ្កើង និង​ស្រែកយំ​ចង់​ទាញ​ចំណាប់អារម្មណ៍ ដោយសារ​ខ្លាច​គេ​ភ្លេច​គាត់​។

បើ​តាម​ក្រុម​អតីត​អ្នកការទូត និង​អ្នកការទូត​បច្ចុប្បន្ន វា​ជា​ការ​មិន​សម​ហេតុផល និង​គ្រោះថ្នាក់​ក្នុង​ការ​អះអាង​ថា “​អាស៊ាន​អាច​នឹង​កាត់​ប្រទេស​កម្ពុជា និង​ឡាវ​ចេញ ប្រសិនបើ​ពួកគេ​ធ្វើការ​ជ្រើសរើស​ខុស​” ។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល “​អ្នក​ចម្បាំង​ចចក​” របស់​សិង្ហ​បុរី​រូប​នេះ​បានស្នើ​ឱ្យ​បណ្តេញ​ប្រទេស​កម្ពុជា និង​ឡាវ​ចេញពី​អាស៊ាន​។ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ គាត់​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា “​ខ្ញុំ​ប៉ង​ថា យើង​អាច​បណ្តេញ​ប្រទេស​កម្ពុជា​ចេញ ប៉ុន្តែ​យើង​មិនអាច​ធ្វើបែបនេះ​បាន​។ ដូច្នេះ អ្វីដែល​ល្អ​បន្ទាប់​គឺ​រៀបចំ​ការប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ពិសេស ហើយ​ប្រើការ​ប្រជុំ​នោះ​ដើម្បី​រៀបចំ​ការវាយប្រហារ​រិះគន់​ដល់​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​កម្ពុជា​ទទួលយក​សារ​នេះ និង​លាឈប់​។ ប្រ សិន​បើ​ប្រទេស​ឡាវ​ធ្វើតាម ខ្ញុំ​មិន​យំ​ស្រណោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​សង្ស័យ​ថា គ្មាន​នរណា​មាន​សេចក្តីក្លាហាន​នឹងធ្វើ​រឿងនេះ​”​។

​វា​ជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ដែល​អតីត​អ្នកការទូត​ម្នាក់នេះ បែរខ្នង​ចំពោះ​គោល ការណ៍​គ្រឹះ​ដែល​មានចែង​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​សហ​ប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា “​មាគ៌ា​អាស៊ាន​” ឬមួយ​ក៏​គាត់​ចាស់​វង្វេង និង​ភ្លេចភ្លាំង​។ “​មាគ៌ា​អាស៊ាន​” បានដាក់ ចេញ​នូវ​គោលការណ៍​ណែនាំ ដើម្បី​គ្រប់គ្រង​ទំនាក់ទំនង​អន្តរ​រដ្ឋ​នៅ​អាស៊ីអាគ្នេយ៍ និង​ពិភពលោក បូក​រួមទាំង​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក​ចំពោះ​សមភាព​អធិបតេយ្យ ការមិន​ជ្រៀត ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា និង​ការ សម្រេចចិត្ត​ដោយយោង​លើ​កុង​សង់ ស៊ី​ស (​ការសម្រេច​ដោយ​ឯកច្ឆ័ន្ទ​)​។

​គោលការណ៍​គ្រប់គ្រង​នេះ បាន​នឹង​កំពុង​បម្រើ​ឲ្យ​អាស៊ាន​បាន​យ៉ាង​ល្អប្រសើរ​អស់​រយៈពេល​៥​ទសវត្សរ៍​ចុងក្រោយ​នេះ ទោះបី​តំបន់​នេះ​បាន​ប្រឈម​កាលៈទេសៈ​លំបាក ដែល​ពេលខ្លះ​មាន​ភាព​ស្រួចស្រាល់​ជាង​ពេល​បច្ចុប្បន្ន​នេះ​ទៀត​ក្តី​។ វា​ជា​រឿង​គ្រោះថ្នាក់ គ្មាន​ការទទួលខុសត្រូវ ហើយ​ប្រៀបបាន​នឹង​ការធ្វើអត្តឃាត ប្រសិន​បើ​យើង​លះបង់​ចោល​គោលការណ៍​ទាំងនេះ ដោយហេតុ​ផល​ដ៏​សាមញ្ញ និង​ជាក់ច្បាស់​ដែល​ថា សាមគ្គីភាព និង​ម​ជ្ឈ​ភាព​អាស៊ាន​នឹងត្រូវ​រង្គោះរង្គើ​ដល់​ឫសគល់​។ លើសពីនេះទៅទៀត វា​ជា​រឿង​មិន​សម​ហេតុផល និង​ត្រឡប់ត្រឡិន ដែល​លោក Bilahari ប្រកាសថា “​យើង​ជា​ស្ថាប័ន​អន្តរ​រដ្ឋ និង​មិនមែន​ជា​ស្ថាប័ន​ដែល​នៅ​ពីលើ​ជាតិ​” ប៉ុន្តែ​បែរជា​គាត់​ជំរុញ​គោល​គំនិត​ថា រដ្ឋ​សមាជិក​អាស៊ាន​មួយចំនួន​គួរតែ​ត្រូវ​បាន​បណ្តេញ​ចេញពី​ស្ថាប័ន​តំបន់​នេះ​ទៅវិញ​។ គាត់​ហាក់ដូចជា​ភ្លេច ឬ​ធ្វើ​ពុត​ជា​ភ្លេច​ថា អាស៊ាន​មិនដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​បង្កើត​សិទ្ធិអំណាច​លើសពី​ថ្នាក់ជាតិ​នោះទេ នៅក្នុង​ការកំណត់​ទិសដៅ​សេដ្ឋកិច្ច នយោបាយ និង​យុទ្ធសាស្ត្រ​របស់​រដ្ឋ​ជា​សមាជិក​។

​បើតាម​អតីត​អ្នកការទូត​ទាំងនោះ ​ភាព​ត្រឡប់ត្រឡិន​របស់ Bilahari កាន់តែ​ធ្ងន់ធ្ងរ​លើ​ចំណុច​មួយចំនួនទៀត​។ គាត់​អះអាងថា រដ្ឋ​ទាំងឡាយ​ត្រូវតែ​ស្វែងរក​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​។ ជាការ​ពិត ផលប្រយោជន៍​ជាតិ​រប​ស់​កម្ពុជា​ដែល​ត្រូវបាន​កំណត់ដោយ​ថ្នាក់ដឹកនាំ​ដែល​បាន​ជាប់ឆ្នោត គឺ​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ ធានា​ការអភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម និង​បង្កើត​គោលនយោបាយ​ការបរទេស​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ជាតិ​របស់ខ្លួន និង​ស្របតាម​តម្រូវការ​តំបន់​របស់​អាស៊ាន និង​តួអង្គ​តំបន់​ផ្សេងទៀត​។ នៅពេលដែល​គាត់​អះអាងថា ​ការ​ទម្លាក់​កម្ពុជា​និង​ឡាវ​គឺ​ដើម្បី​រក្សា​ការពារ​សមាជិក ៨ ផ្សេងទៀត នោះ​បានន័យថា គាត់​គឺជា​មនុស្ស​ខ្ជិល​ខាង​បញ្ញា​ស្មារតី​ដោយ​សន្មត់​ថា ប្រទេស​ប្រាំបី​គឺជា​តំណាង​កុង​សង់ ស៊ី​ស​របស់​តំបន់ ប៉ុន្តែ​តើ​វា​ជា​កុងសង់ស៊ីស​តំបន់​ដែរ​ឬ​យ៉ាងណា​នៅពេលដែល​គ្មាន​កម្ពុជា និង​ឡាវ ? កុងសង់ស៊ីស​បែបនេះ​ជា​កុងសង់ស៊ីស​ទន់ជ្រាយ ហើយ​ដូច ដែល​គាត់​លើក​ហើយ​ថា ប្រទេស​ទាំង​៨ ក៏​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ផល ប្រ​យោជន៍ជាតិ​របស់ខ្លួន​ដែរ ហើយ​ផល​ប្រ​យោជន៍​ទាំងនោះ​មិនអាច​ដូចគ្នា​ទាំងស្រុង​នោះឡើយ​។ ការពិត គឺ​នៅត្រង់ថា សមាជិក​អាស៊ាន​ទាំងអស់​កំពុងតែ​មានកា​រ​ប្រុងប្រយ័ត្ន ចំពោះ​ការប្រកួតប្រជែង​របស់​មហាអំណាច​ដែល​កំពុង​កើតមាន​នៅក្នុង​តំបន់​។ នៅក្នុង​កុង​សង់ស៊ី​ស​ទន់ជ្រាយ​បែបនេះ កម្ពុជា​ក៏​មាន​ជំហរ​របស់ខ្លួន​ដែរ នោះ​គឺជា​ការ​ព្យាយាម​ការពារ​អធិបតេយ្យ​ជាតិ​របស់ខ្លួន ពោលគឺ​ការការពារ​សិទ្ធិ​ស្វ័យ​សម្រេច​នៅលើ វិស័យ​មួយចំនួន​។ យើង​ក៏​ចាំបាច់​ត្រូវ​លើក​ផងដែរ​ថា វិទ្យាស្ថាន ISEAS-Yusof Ishak គឺជា​វេទិកា​សំខាន់​មួយ​សម្រាប់​អ្នក​ប្រយុទ្ធ​ចចក​មួយចំនួន ដើម្បី​ជំរុញ​ការនិទាន​បំភ្លៃ​ថា ប្រទេស​កម្ពុជា​គឺជា​រដ្ឋ​ចំណុះ​របស់​ចិន​។ វិទ្យាស្ថាន​នេះ​តែងតែ​រៀបចំ​ព្រឹត្តិការណ៍ និង​សរសេរ​អត្ថបទ​ដើម្បី​វាយប្រហារ​ប្រទេស​កម្ពុជា​។ ថ្មីៗ​នេះ នៅ​ចុងខែ​កញ្ញា ឆ្នាំ ២០២០ នៅពេល​មន្ទីរ​ប៉ង់​តា​ហ្គោ​ន (​ក្រសួងការពារជាតិ​អាមេរិក​) អះអាង​ថា ទីក្រុង​ប៉េកាំង​ទំនងជា​បាន​ពិចារណា​អំពី​ទីតាំង​សម្រាប់​ដឹកជញ្ជូន​ភ័ស្តុភារ​យោធា​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន ៥ លោក Ian Storey ដែល​ជា​សមាជិក​ជាន់ខ្ពស់​ម្នាក់​នៅ​វិទ្យាស្ថាន​នេះ បាន​ទាញ​សេចក្តី​សន្និដ្ឋាន​សាមញ្ញ​មួយ​ថា​“ ឆន្ទៈ [​ធ្វើជា​ម្ចាស់ផ្ទះ ផ្តល់​ជា​មូលដ្ឋាន​យោធា​ចិន​] ហាក់ដូចជា​មិនសូវមាន​ទេ លើកលែងតែ​ក្នុងករណី​កម្ពុជា​” ។ នេះ​គ្មានអ្វី​ក្រៅពី​ការវាយប្រហារ​ដែលមាន​ការរៀបចំ ដោយ​អ្វីដែល​គេ​ហៅថា វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ ដើម្បី​ជំរុញ “​ទ្រឹស្តី​អាយ៉ង​” ចំពោះ​កម្ពុជា ប៉ុន្តែ​តើ​អ្វីខ្លះ​ជា​លក្ខណៈវិនិច្ឆ័យ “​អាយ៉ង​” ? តើ​ពាក្យ​ច​ចាម​អារាម​គ្មាន​មូលដ្ឋាន​ដែលថា​ ប្រទេស​កម្ពុជា​អាចធ្វើ​ជា​មូលដ្ឋានទ័ព​ចិន គឺជា​លក្ខខណ្ឌ​កំណត់​របស់ “​អាយ៉ង​” ឬ​? គួរ​ឲ្យ​ហួសចិត្ត​ដែល “​អ្នក​ចម្បាំង​ចចក​” និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ទាំងនោះ បែរជា​ព្រងើយកន្តើយ​ទៅនឹង​តថភាព​ជាក់ស្តែង ដែល​ប្រទេស​មួយចំនួន បូក​រួមទាំង​សិង្ហបូរី​ដែរនោះ​បានផ្តល់​សិទ្ធិ​ដាក់​មូលដ្ឋានទ័ព ឬ​សិទ្ធិ​ជួល​មូលដ្ឋានទ័ព ទៅឱ្យ​ប្រទេស​មានអំណាច​នៅ​ខាងក្រៅ​តំបន់​ជា​យូរណាស់​មកហើយ​។ និយាយ​បែបនេះ​មិនមែន​បាន​ន័យ​ថា យើង​មិន​គោរព​សិង្ហបូរី​ដែលជា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ ប៉ុន្តែ​យើង​គ្រាន់តែ​លើក​ដើម្បី​ពន្យល់​បកស្រាយ​។ សំណួរ គឺ​នៅត្រង់ថា (១) តើ​ប្រទេស​ទាំងនោះ​គឺជា​អា​យ៉ាង​? (២) តើ​សម្ព័ន្ធមិត្ត​ទាំងអស់​របស់​អាមេរិក​នៅក្នុង​តំបន់​គឺ​សុទ្ធតែ​ជា​អាយ៉ង​? និង (៣) បើ​ប្រៀបធៀប​ពាក្យចចាមអារ៉ាម​ដែល​ថា កម្ពុជា​អាច​នឹង​ផ្តល់​ទីតាំង​កំពង់ផែ​ទៅ​ឲ្យ​បរទេស ជាមួយនឹង​ការផ្តល់​សិទ្ធិ​នៅក្នុង​មូលដ្ឋានទ័ព​របស់​សិង្ហ​បូរី​ចំពោះ​ប្រទេស​មានអំណាច​ផ្សេងទៀត តើ​មួយ​ណា​ទៅ​ដែលជា​កត្តា​បង្ក​អស្ថិរភាព និង​ធ្វើ​ឲ្យ​ខូចខាត​ទំនុក​ចិត្តជា​យុទ្ធសាស្ត្រ​នៅក្នុង​តំបន់​? ចំណុច​សំខាន់​គឺ​នៅត្រង់ថា នៅពេលដែល​អ្នកចង្អុល​មុខ​អ្នកដទៃ អ្នក​គួរតែ​មើលខ្លួន​ឯង​ផង ព្រោះថា ម្រាម​ផ្សេងទៀត​គឺ​កំពុង​ចង្អុល​មកលើ​ខ្លួនឯង​។

លោក Bilahari និង​វិទ្យាស្ថាន ISEAS-Yusof Ishak គួរតែ​ឈប់​តាំងខ្លួន​ជា​អ្នកមាន​ភាពផ្តាច់មុខ​នៃ​ចំណេះដឹង និង​បញ្ញាញាណ​។ ប្រទេស​ផ្សេងទៀត​នៅ​អាស៊ាន បូក​រួម​ទាំង​កម្ពុជា​ផង​នោះ ក៏មាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ដែលមាន​អតីត​អ្នកការទូត​ចូលរួម​ដែរ ប៉ុន្តែ​យើង​មិន​លាក់ពុត​ត្បុត​ជ្រក​ក្រោម “​រនាំង​” ឯករាជ្យ​ដើម្បី​ជេរប្រមាថ​សមាជិក​អាស៊ាន ហើយ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សាមគ្គីភាព និង​ម​ជ្ឈ​ភាព​អាស៊ាន​នោះទេ​។ បើ​និយាយ​ពី​តួអង្គ​ភ្នាក់ងារ ដែលជា​ចំណុច​សំខាន់​របស់​អត្ថបទ​លោក Bilahari យើង​ក៏​ឆ្ងល់​ដែរ​ថា តើ​គាត់ និង​វិទ្យាស្ថាន ISEAS-Yusof Ishak គឺជា “​ភ្នាក់ងារ​” របស់​នរណា ?

គំនិត​ដែលថា “​កម្ពុជា​និង​ឡាវ​មាន​ទំនោរ​ឃ្លីងឃ្លោង ងាក​ទៅរក​កំហុស​ដូចគ្នា ដែលនាំឱ្យ​មាន​លទ្ធផល​គួរឱ្យ​ខ្លោចផ្សារ​បំផុត សម្រាប់​ប្រទេស​របស់​ពួកគេ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ១៩៧០” គឺជា​ការនិយាយ​ដែល​មិនអាច​យល់បាន ហើយ​ជាការ​ប្រមាថ​តែម្តង​។ យើងខ្ញុំ​សូម​ទុក​ជូន​ប្រទេស​ឡាវ បញ្ជាក់​ដោយ​ខ្លួនឯង​អំពី​ការប្តេជ្ញាចិត្ត​រក្សា​អព្យាក្រឹតភាព​របស់ខ្លួន​ចុះ​។ សម្រាប់​ប្រទេស​កម្ពុជា អព្យាក្រឹតភាព និង​ការមិន​ចូលបក្ស​សម្ព័ន្ធ គឺ​នៅតែ​ជាគោលការណ៍​គ្រឹះ​នៃ​គោលនយោបាយ​ការបរទេស ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ប្រទេស​កម្ពុជា មិនដែល​ចាត់ទុក​ការប្រកាន់យក​អព្យាក្រឹតភាព និង​ការមិន​ចូល​ជា​បក្សសម្ព័ន្ធ ជាការ​លេងសើច​នោះទេ ពីព្រោះ​ប្រវត្តិសាស្ត្រ​កម្ពុជា តែងតែ​រំលឹក​ឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​ដឹង​យ៉ាងច្បាស់​ថា ការបោះបង់ចោល​គោលការណ៍​ទាំងនេះ ជាពិសេស​ដោយ​របប លន់ នល់ នៅ​ឆ្នាំ​១៩៧០ បាន​បណ្តាលឱ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ទៅក្នុង​សង្គ្រាមស៊ីវិល និង​អំពើ​ឃោរឃៅ​បំផុត​នៃ​សតវត្សរ៍​ទី​២០។

​អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​គឺ ខណៈពេលដែល​លោក Bilahari បក្សពួក​របស់ខ្លួន និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ កំពុង​ប្រៀនប្រដៅ​ប្រទេស​កម្ពុជា​ឱ្យ​រក្សា “​អព្យាក្រឹតភាព​ពិតប្រាកដ​” មួយ ពួកគេ​បែរជា​បាន​ជំរុញ​ដោយ​ឥត​អៀនខ្មាស ឲ្យ​មាន​ការចូលរួម​កា​ន់​តែ​សកម្ម​ពី​សំណាក់​មហាអំណាច​ខាងក្រៅ នៅក្នុង​អនុ​តំបន់​មេគង្គ ក្រោម​លេស​ថា “​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​”​។ ពួកគេ​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​ឱ្យ​ចូលរួម​ក្នុង​ប្លុក​ប្រឆាំងនឹង​ចិន​ផងដែរ​។ តើ​នេះ​គឺជា​ការអំពាវនាវ​ឲ្យ​មាន​អព្យាក្រឹតភាព​នៃ​តំបន់​មេគង្គ​ដែរ​មែន​ទេ​? ឬក៏​ជាការ​ប៉ុនប៉ង​ធ្វើឱ្យ​តំបន់​មេគង្គ​ក្លាយទៅជា​សមរភូមិ​ប្រយុទ្ធ​របស់​ប្រទេស​មហាអំណាច​ម្តងទៀត ?

​ប្រទេស​កម្ពុជា រួមជាមួយ​បណ្តា​ប្រទេស​មេគង្គ មិន​មាន​បំណង​ចង់​កាន់ជើង​ប្រទេស​ណាមួយ​ទេ​។ យើង​គ្រាន់តែ​ចង់​រស់នៅក្នុង​សុខសន្តិភាព និង​ស្ថិរភាព ដែល​អាច​ធានា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​របស់​យើង​តែប៉ុណ្ណោះ​។ យើង​គ្រាន់តែ​ចង់​ចូលរួម​ប្រកបដោយ​ការស្ថាបនា ក្នុង​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​។ សូម​កុំឱ្យ​យើងខ្ញុំ​ជាប់ជំពាក់​ក្នុងការ​ប្រកួតប្រជែងរ​បស់​ប្រទេស​មហាអំណាច​។ សូម​បញ្ឈប់​ផ្នត់គំនិត​បែប​ឈ្នះ​ចាញ់​ដាច់ខាត​បែបនេះ ដែល​បាន​បង្កឱ្យមាន​សោកនាដកម្ម​រាប់មិនអស់​រួចទៅហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។

សរុបសេចក្ដី​មក យើង​ពិតជា​មិន​ជឿថា មាន​ប្រទេស​ណាមួយ​នៅក្នុង​អាស៊ាន រួមទាំង​សមាជិក​ដែលមាន “​កិត្តិយស​” ទាំង ៨ ដែល​បាន​និយាយ​អំពី​ការទម្លាក់​ចោល​ប្រទេស​កម្ពុជា និង​ឡាវ​នោះទេ​។ ផ្ទុយ​មកវិញ ដូចដែល​យើង​បានឃើញ​ជាក់ស្តែង នៅក្នុង​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ សមាជិក​អាស៊ាន​ទាំង​១០ កំពុង​ខិតខំ​ប្រឹងប្រែង​ទ្វេដង ដើម្បី​បន្ត​គោលការណ៍​នៃ​ការឯកភាព​នៅក្នុង​ភាព​ចម្រុះ ដែលជា​គោលនយោបាយ​ចម្រុះ ដែល​សមស្រប​តាម​ផលប្រយោជន៍​ជាតិ​របស់​សមាជិក​ម្នាក់ៗ និង​សម​ស្របតាម​ការឯកភាព​លើ​គោលការណ៍​ដែល​ត្រូវ​បានចែង​ក្នុង​ឯកសារ និង​គោលនយោបាយ​ផ្សេងៗ​របស់​អាស៊ាន​។ ការ​ប្រឈម​នៅក្នុង​ការប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច មិនមែនជា​បទពិសោធ​ន៍​ថ្មី​ទេ​សម្រាប់​អាស៊ាន​នោះទេ ដូចដែល​លោក Bilahari បានទទួល​ស្គាល់​ផងដែរ ប៉ុន្តែ​អ្នកការទូត​ពិតប្រាកដ មិន​ថា អ្នកការទូត​អតីត ឬ​អ្នកការទូត​បច្ចុប្បន្ន គួរតែ​ប្រើ​ភាព​ឆ្លាត​វៃ ជំនាញ ព្រមទាំង​បទពិសោធន៍ និង​គតិបណ្ឌិត​ជាច្រើន​ទសវត្សរ៍​របស់ខ្លួន​ដើម្បី​ពន្លត់ភ្លើង​។ ហើយ​ដើម្បី​ពន្លត់ភ្លើង យើង​ត្រូវ​ប្រើ​ទឹក មិនមែន​ប្រើ​ប្រេង​ទេ​។ ក្នុងនាម​ជា​អ្នកគាំទ្រ​ដ៏​ក្លៀវក្លា​របស់​អាស៊ាន យើង​ជឿជាក់ថា លោក Bilahari គួរតែ​ចូលនិវត្តន៍​ឱ្យ​ពិតប្រាកដ​ទៅ​។

ក្រុម​អតីត​អ្នកការទូត និង​អ្នកការទូត​បច្ចុប្បន្ន​លើកឡើង​ទៀតថា បើ​គាត់​មានការ​អាឡោះអាល័យ​ពី​អតីតកាល​របស់គាត់ គាត់​គួរតែ​ងាក​ទៅ​អង្គុយ​ច្រៀង​បទ​កំសត់ៗ (​តាម​បទ​ភ្លេង “Blues”) ហើយ​គយគន់​មើល​ព្រះអាទិត្យ អស្តង្គត​ល្អ​ជាង​។ អាស៊ាន​ត្រូវការ​សំលេង​ថ្មី​ប្រកបដោយ​ទំនុកចិត្ត មិនមែន​សម្លេង​នៃ​ការទាស់ទែង​គ្នា​ទេ​៕
ដោយ ៖ កោះ​កែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ល្ខោន​ចាប់ផ្តើម​សម្តែង ! លោកស្រី មូរ សុខ​ហួរ និង​ក្រុម​អ្នក​ស្ម័គ្រស្មោះ បានចាប់ផ្តើម​ចេញដំណើ​រ​មក​កម្ពុជា

ព័ត៌មានជាតិ2 hours ago

យានយន្ត​ចំនួន​៩៣៥​គ្រឿង ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ នៅ​ថ្ងៃទី​១៥ ខែមករា​នេះ​

ព័ត៌មានជាតិ2 hours ago

លម្អិត​សមត្ថកិច្ច​ព័ទ្ធ​​ព្រៃ​ជិត​មួយ​អាទិត្យ ទើប​អាច​សម្លាប់​ឃាតកដៃ​ឆៅបាន​សម្រេច​

ព័ត៌មានជាតិ3 hours ago

ក្តៅៗ! សមត្ថកិច្ច​បាន​បាញ់​សម្លាប់ ឃាតក​បាញ់នាយរងការិយាល័យ​​​ព្រហ្មទណ្ឌកម្រិត​ស្រាល ស្លាប់​មុននេះ​​

ព័ត៌មានជាតិ3 hours ago

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ស្នើ​ដំឡើង​ឋានន្តរស័ក្តិ​នាយទាហាន​នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ចំនួន​១២​រូប​

ព័ត៌មានពេញនិយម